• 2020-06-20 04:15:42
  • ព័ត៌មាន

ក្រុមសហគមន៍ចុងឃ្នាស ចាប់ផ្ដើមយុទ្ធនាការសម្អាតបរិស្ថានរដូវទឹកឡើង

  • 2020-06-20 04:15:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីសម្អាតបរិស្ថានរដូវទឹកឡើង បានចាប់ផ្ដើមហើយ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ដែលបានប្រព្រឹត្តិទៅនៅភមិបណ្ដែតទឹកពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

លោក ស៊ា សុផល ប្រធានអង្គការមូលនិធិ ទំពាំងស្នងឫស្សី និងក្រុមយុវជនមេត្រីភាពបរិស្ថាន បាននិយាយនៅក្នុងវីដេអូ អំឡុងពេលធ្វើយុទ្ធនាការសម្អាតបរិស្ថានរដូវទឹកឡើង ឲ្យដឹងថា ក្រុមសហគមន៍ចុងឃ្នាស បានផ្ដើមយុទ្ធនាការសម្អាតបរិស្ថានរដូវទឹកឡើង ដោយមានវិធានការពារផ្សេងៗ ការពារជំងឺកូវីដ១៩ ផងដែរ។

សូមទស្សនាវីដេអូ

យុទ្ធនាការថ្ងៃនេះ នៅមិនអាចសម្អាតអស់នោះទេ ប៉ុន្ដែខាងសង្កាត់ នឹងធ្វើរៀងរាល់ចុងសប្ដាហ៍ ហើយស្វាគមន៍ដល់ភ្ញៀវទេសចរ ដែលចង់ចូលរួមសម្អាត ហើយខាងសង្កាត់ នឹងចែកការ៉ុង និងដង្កៀប សម្រាប់ដើរសម្អាតបរិស្ថានផងដែរ។ នេះជាការលើកឡើងបន្ថែមពីលោក ស៊ា សុផល។

នៅអំឡុងនៃយុទ្ធនាការសម្អាតបរិស្ថានរដូវទឹកឡើងនេះ លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី និងក្រុមយុវជនមេត្រីភាពបរិស្ថាន បាននាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូនអភិបាលស្រុកពួក លោក ស៊ិន ចាន់ថុល សម្រាប់ចែកជូនដល់ពលរដ្ឋក្រីក្រចំនួន ៧០គ្រួសារ ស្ថិតនៅភូមិបណ្ដែតទឹកពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

កញ្ចប់អំណោយមនុស្សធម៌នេះ អាជ្ញាធរគ្រោងចុះចែកដល់ពលរដ្ឋនៅថ្ងៃទី២២ មិថុនា ក្នុងយុទ្ធនាការអប់រំបរិស្ថាន ការរក្សាអនាម័យនៅតាមផ្ទះ ដើម្បីបង្ការពីការចម្លងជំងឺផ្សេងៗ ដែលយុទ្ធនាការនេះគាំទ្រដោយអង្គការទំពាំងស្នងឫស្សី និងមានការសម្របសម្រួលដោយ ក្រុមយុវជនមេត្រីភាពបរិស្ថាន និងក្រុមយុវជនស្ម័គ្រចិត្តបរិស្ថាន។

គួរបញ្ជាក់ថា កម្មវិធីសម្អាតបរិស្ថានរដូវទឹកឡើងនៅឆ្នាំនេះ គ្រោងធ្វើនៅសហគមន៍ធំៗចំនួន៣ ដែលស្ថិតនៅជាប់បឹងទន្លេសាប មានសង្កាត់ចុងឃ្នៀស ឃុំកំពង់ឃ្លាំង និងឃុំពាមតាអួរ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ មិថុនា៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់