• 2020-06-22 04:30:56
  • ព័ត៌មាន

អង្គការទំពាំងស្នងឫស្សី ផ្ដើមយុទ្ធនាការទិវាបរិស្ថានរដូវទឹកឡើង បឹងទន្លេសាប

  • 2020-06-22 04:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយរដ្ឋបាលរដ្ឋសង្កាត់ចុងឃ្នៀស បានរៀបចំទិវាបរិស្ថានរដូវទឹកឡើងជាបន្ដបន្ទាប់ ចាប់ពីថ្ងៃទី២០ ខែមិថុនា កន្លងទៅនេះ។ ទិវានេះ នឹងមានការចូលរួមពីអាជ្ញាធរ ប្រជាពលរដ្ឋ សកម្មជនស្ម័គ្រចិត្តរបស់អង្គការមូលនិធិទំពាំងស្នងឫស្សីហៅកាត់ថា (NGO2) ដោយមានការសម្របសម្រួលពីក្រុមយុវជនស្ម័គ្រចិត្តមេត្រីភាពបរិស្ថានបឹងទន្លេសាប (Tonlé Sap Dream Team)។

លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សីមានប្រសាសន៍ថា ទិវានេះនៅឆ្នាំនេះគឺធ្វើឡើងដូចរាល់ឆ្នាំដែរ គឺដើម្បីសម្អាតបរិស្ថាននៅតាមសហគមន៍ជាប់បឹងទន្លេសាបមុនរដូវទឹកឡើង ប៉ុន្តែកម្មវិធីនៅឆ្នាំនេះខុសប្លែកពីរាល់ដង គឺធ្វើស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

លោក សុផល ពន្យល់ថា កម្មវិធីរើសសំរាមមិនមានការជួបជុំទេ តែបានប្ដូរទៅជាការចុះអប់រំដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន សារអប់រំខ្លីៗពីបរិស្ថាន និងការចុះចែកកញ្ចប់អាហារដល់ពលរដ្ឋខ្វះខាត។ ទិវាបរិស្ថានរដូវទឹកឡើងនៅសហគមន៍ចុងឃ្នៀសដែលគ្រោងមានមនុស្សប្រមាណ២០០នាក់ ដោយម្នាក់ៗតម្រូវអោយរក្សាគម្លាតពីគ្នា ត្រូវមានដង្កៀបចាប់សំរាម និងការ៉ុងច្រកសំណល់ប្លាស្ទិករៀងៗខ្លួន ហើយសកម្មភាពនេះនឹងធ្វើឡើងនៅភូមិបណ្តែតទឹកចុងប្រឡាយក្នុងឃុំកំពង់ឃ្លាំង ដែលគ្រោងមានការចូលរួមពីប្រជាពលរដ្ឋប្រមាណ៥០គ្រួសារ និងភូមិពាមតាអ៊ួរនៃសហគមន៍មេជ្រៃចំនួន៧០គ្រួសារ ដើម្បីទទួលអំណោយស្បៀងអាហារ។

តាមការបញ្ជាក់របស់លោក ស៊ា សុផល កម្មវិធីបរិស្ថាននៅសហគមន៍នេសាទចុងឃ្នៀសមិនបញ្ចប់ត្រឹមការរៀបចំទិវាបរិស្ថាននេះទេ ក្នុងនោះអង្គការនឹងគាំទ្រអោយរដ្ឋបាលសង្កាត់ចុងឃ្នៀសដើម្បីឱ្យមានសកម្មភាពចុះអប់រំបរិស្ថានតាមផ្ទះប្រជាពលរដ្ឋ និងតាមសាលារៀន ក្នុងរយៈពេល២ឆ្នាំទៅមុខទៀត។

ក្រៅពីតំបន់ចុងឃ្នៀស អង្គការទំពាំងស្នងឫស្សីក៏នឹងរៀបចំទិវានេះ នៅតាមសហគមន៍មួយចំនួនទៀត មានសហគមន៍កំពង់ឃ្លាំង និងសហគមន៍មេជ្រៃ ដែលជាតំបន់ដែលមាសក្កានុពលទេសចរណ៍ឱ្យកាន់តែយល់ដឹងពីបញ្ហាបរិស្ថានថែមមួយកម្រិតទៀត។

កម្មវិធីគ្រោងធ្វើនៅថ្ងៃទី២០ ២១ និង២២ មិថុនា ដែលអនុវត្តន៍តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ កម្មវិធីបរិស្ថានធ្វើឡើង ដើម្បីចូលរួមថែរក្សាអភិរក្សប្រព័ន្ធជីវចម្រុះបឹងទន្លេសាបពីការបំពុលដោយសំណល់ប្លាស្ទិក ក្រោមប្រធានបទ «យើងស្អាត សហគមន៍យើងស្អាត ទន្លេសាបស្អាត ដោយគ្មានសំរាមប្លាស្ទិក» សូមចូលរួមអភិរក្សជីវចម្រុះបឹងទន្លេសាបដើម្បីយើងទាំងអស់គ្នា៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់