• 2020-07-19 03:05:20
  • ព័ត៌មាន

ការងារជាងមួយពាន់កន្លែងពីក្រុមហ៊ុន​ធំៗចំនួន១៨ កំពុងត្រូវការអ្នកចូលធ្វើ

  • 2020-07-19 03:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការងារផ្នែកធនាគារ បច្ចេកវិទ្យាកុំព្យូទ័រ-អ៊ីនធឺណិត ទីផ្សារ និងផ្នែកជាច្រើនទៀត កំពុងបើកចំហឱកាស ចាំទទួលអ្នកចូលធ្វើការ ដែលផ្ដល់ដោយក្រុមហ៊ុនធំៗ នៅកម្ពុជា ចំនួន ១៨ ក្រុមហ៊ុន នៅក្នុងពិព័រណ៍ការងារ រៀបចំដោយផ្សារទំនើប AEON Mall Sen Sok City (AEON II) ។ សិស្សនិស្សិត និងអ្នកដែលកំពុងស្វែងរកការងារ អាចទៅទស្សនា និងសាកសួរព័ត៌មានបន្ថែមនៅតាមស្តង់ នៃក្រុមហ៊ុននីមួយៗ។

ពិព័រណ៍នេះដំណើរការរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ ១៩ ខែកក្កដា ២០២០។ ក្រៅពីទទួលព័ត៌មានអំពីឱកាសការងារ និងដាក់ពាក្យធ្វើការងារ អ្នកចូលរួមអាចទទួលបានការចែករំលែកបទពិសោធន៍ក្នុងវិស័យការងារ ការរៀបចំខ្លួនពេលកំពុងស្វែងរកការងារ និងវិធីសាស្ត្រល្អៗជាច្រើនទៀតពីវាគ្មិន ដែលមានចំណេះដឹង និងបទពិសោធន៍ខ្ពស់។

ពិព័រណ៍ការងារនេះ ជាលើកទីមួយដែល ផ្សារទំនើប AEON Mall រៀបចំឡើងដោយផ្ទាល់ ដើម្បីជួយសម្រួល ឱកាសការងារ ដល់សិស្សនិស្សិត និងអ្នកកំពុងរកការងារធ្វើ បន្ទាប់ពីវិស័យការងារជួបប្រទះបញ្ហារអាក់រអួល ដោយសារកូវីដ-១៩ ។ បើទោះបីពិព័រណ៍លើកទីមួយនេះនៅមានលក្ខណៈតូច ដែលមានប្រហែល ២៧ ស្តង់ក៏ដោយ ក៏សង្កេតឃើញថា មានការចាប់អារម្មណ៍ និងចូលរួមជាច្រើនពីអ្នកកំពុងស្វែងរកការងារ ជាពិសេសសិស្សនិស្សិត។ នេះជាការលើកឡើងពីលោក លីម សុខទីឃា បុគ្គលិកផ្នែកផ្សព្វផ្សាយទីផ្សារ នៃផ្សារទំនើប AEON Mall Cambodia ។

ជាការពិត អ្នកដែលមកទស្សនាពិព័រណ៍ និងមករកការងារធ្វើ បានលើកឡើងពីការគាំទ្រឲ្យមានរៀបចំពិព័រណ៍ការងារ និងកៀរគរប្រមូលក្រុមហ៊ុននានាឲ្យបានច្រើនស្តង់ ដើម្បីបង្ហាញឲ្យបានសម្បូរបែបនូវការងារតាមវិស័យមួយៗ។

ឆ្លើយតបនឹងការលើកឡើងខាងលើ លោក សុខទីឃា ថា អាស្រ័យលើស្ថានភាព និងឱកាសជាក់ស្ដែង ផ្សារទំនើប AEON អាចនឹងរៀបចំពិព័រណ៍ការងារនេះជារៀងរាល់ឆ្នាំ និងអាចជាឆមាសផងដែរ ដោយកៀរគរក្រុមហ៊ុននានាឲ្យបានច្រើនជាងនេះ៕

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់