• 2020-09-25 02:53:25
  • សេដ្ឋកិច្ច

តោះ ! មកដឹង តិចនិចចិញ្ចឹមគោឆាប់បានលក់ របស់អ្នកស្រុកតំបែរ ក្នុងមួយថ្ងៃលក់ចេញបាន៥ក្បាល

  • 2020-09-25 02:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហួត លាង នៅភូមិតារាម ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ការចិញ្ចឹមគោរបស់គាត់បានចាប់ផ្តើមពីគោ ៧ក្បាល នៅឆ្នាំ ២០១៣ កើនដល់ ៣៨ក្បាល នៅឆ្នាំ២០១៦ ដោយចិញ្ចឹមលែងឲ្យស៊ីស្មៅនៅទីវាល ការចិញ្ចឹមបែបនេះ គោ មិនធំ តែងតែឈឺមិនឈប់ និងមិនសូវបានលក់ទេ។

បន្ទាប់ពីមន្ត្រីជំនាញពេទ្យសត្វនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះណែនាំនិងផ្តល់បច្ចេកទេសចិញ្ចឹមគោក្នុងក្រោលជាបន្តបន្ទាប់ ដោយមិនលែងឲ្យគោស៊ីស្មៅតាមទីវាលដូចមុននោះមក ចាប់ពីឆ្នាំ២០១៦ មកដល់បច្ចុប្បន្ន គោរបស់គាត់កើនជាង ៣០០ក្បាល សម្រាប់លក់ រួមមានទាំងគោសាច់និងគោមេយកកូន។

បច្ចុប្បន្នគាត់មានដាំស្មៅ ៦ហិកតា សម្រាប់លាយជាមួយចំណីសម្រេច កាកប៊ីយែ និងដំឡូងមី ហើយដាក់ឲ្យគោស៊ីប្រមាណ ៣តោនក្នុងមួយថ្ងៃ ហើយគាត់ប្រមូលលាមកគោបានប្រមាណ ១,៥តោនក្នុងមួយថ្ងៃ ដែលអាចលក់លាមកគោបានប្រមាណ ២០លានរៀលក្នុងមួយឆ្នាំ។

គាត់បានលើកឡើងថា ចំណុចជោគជ័យរបស់គាត់ក្នុងការថែទាំគោ គឺការចាក់វ៉ាក់សាំងការពារជំងឺឆ្លង និងការចាក់ថ្នាំទម្លាក់សត្វល្អិតឲ្យបានជាប្រចាំ។សព្វថ្ងៃគាត់អាចលក់គោបានចំនួន ៣ក្បាលនៅរដូវវស្សានិងលក់បានចំនួន ៥ក្បាលនៅរដូវប្រាំង ក្នុងមួយថ្ងៃ។

ប្រភព៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ

មតិយោបល់
អត្ថបទពេញនិយម