• 2020-09-30 04:12:02
  • ព័ត៌មាន

EZECOM សហការជាមួយក្រសួងអប់រំលើគម្រោង ជំរុញការសិក្សាតាមប្រព័ន្ធអ៊ិនធឺណិតនៅកម្ពុជា

  • 2020-09-30 04:12:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ៖ កាលពីថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយក្រុមហ៊ុនអ៊ិនធឺណិតលំដាប់ខ្ពស់ EZECOM លើគម្រោងដ៏មានសារសំខាន់មួយ ដើម្បីជំរុញការសិក្សាតាមប្រព័ន្ធអ៊ិនធឺណិតនៅក្នុងប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខាថ្ងៃនេះ អាចជាចំណុចដំបូងដ៏សំខាន់ក្នុងដំណើរអភិវឌ្ឍឈានឡើងនៃវិស័យអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយនេះ បានប្រព្រឹត្តិទៅនៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយមាន លោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន EZECOM ជាតំណាងហត្ថលេខីពីភាគីក្រុមហ៊ុន។ ពិធីចុះហត្ថលេខានេះ ក៏មានវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីអ្នកមុខអ្នកការពីក្រសួងអប់រំ ក៏ដូចជាតំណាងថ្នាក់ដឹកនាំពីខាងក្រុមហ៊ុន EZECOM ផងដែរ។

សកម្មភាពស្នូលនៃគម្រោងសិក្សាតាមប្រព័ន្ធអ៊ិនធឺណិត ឬ e-learning នេះ គឺការបង្កើតវេទិកាឌីជីថលសម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យអាចចូលទៅប្រើប្រាស់និងស្វ័យសិក្សា ក៏ដូចជាតភ្ជាប់វេទិកាដ៏មានអត្ថប្រយោជន៍នេះ អោយទៅដល់ដៃសិស្សានុសិស្សគោលដៅនៅទូទាំងប្រទេសកម្ពុជា។ នៅក្នុងដំណាក់កាលបថមនេះ ទីតាំងចំនួន៦២ ដែលមួយភាគធំជាវិទ្យាល័យស្ថិតនៅក្នុងរាជធានីភ្នំពេញ នឹងទទួលបានការតភ្ជាប់អ៊ិនធឺណិតដោយឥតគិតថ្លៃពីក្រុមហ៊ុន EZECOM។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ថ្ងៃនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនអ៊ិនធឺណិត EZECOM អាចចាប់ផ្តើមសកម្មភាពតភ្ជាប់បណ្តាញអ៊ិនធឺណិតទៅកាន់ទីតាំងទាំង ៦២ ក៏ដូចជាចាប់ផ្តើមធ្វើសកម្មភាពផ្សព្វផ្សាយតាមរយៈយុទ្ធនាការ “មករៀនជាមួយយើង” ដើម្បីលើកកម្ពស់ការយល់ដឹង និងការចូលរួមក្នុងគម្រោងមួយនេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះគម្រោងមួយនេះ និងបានគូសបញ្ជាក់ក្នុងសុន្ធរកថារបស់ឯកឧត្តម អំពីសារៈសំខាន់នៃការលើកកម្ពស់សកម្មភាពសិក្សាតាមអ៊ិនធឺណិត។

អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន EZECOM លោកស្រី Yuni Lee Heathcote ក៏បានបង្ហាញនូវភាពរំភើបរីករាយយ៉ាងខ្លាំងក្លាចំពោះគម្រោងនេះដូចគ្នា។ លោកស្រីបានមានប្រសាសន៍ថា “ក្រុមហ៊ុន EZECOM ពិតជាមានកិត្តិយសណាស់ ដោយបានធ្វើជាដៃគូ និងជាអ្នកគាំទ្រមួយក្នុងគម្រោងដ៏មានសារសំខាន់មួយនេះដើម្បីជំរុញ និងលើកកម្ពស់សកម្មភាពសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា។

ក្នុងនាមជាក្រុមហ៊ុនអ៊ិនធឺណិតលំដាប់ខ្ពស់ EZECOM គឺជាដៃគូសហការដ៏ល្អបំផុតនៅក្នុងការផ្គត់ផ្គង់នូវសេវាអ៊ីនធឺណិតគុណភាពខ្ពស់ និងដំណោះស្រាយ WiFi ទៅកាន់វិទ្យាល័យនានា ទាំងនៅក្នុងរាជធានីភ្នំពេញ ព្រោះក្រុមហ៊ុនយើងខ្ញុំមាន បណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងការគ្របដណ្ដប់ទូលំទូលាយ។”

លោកស្រីបានបន្ថែមទៀតថា “សេវាកម្មអ៊ិនធឺណិតប្រកបដោយគុណភាព និងរលូនឥតអាក់ ពិតជាមានសារសំខាន់ណាស់សម្រាប់ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិច ហើយយើងត្រូវខិតខំផ្សព្វផ្សាយអំពីគម្រោងមួយនេះអោយបានដឹងលឺទៅដល់សិស្សានុសិស្ស ក៏ដូចជាសមាជិកក្នុងសហគមន៍ផ្សេងទៀត ដើម្បីធានាថាគម្រោងនេះផ្តល់ផលប្រយោជន៍ខ្ពស់បំផុត ដល់សិស្សានុសិស្សច្រើននាក់បំផុត។”

បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណៈថ្ងៃនេះ ក្រុមហ៊ុន EZECOM នឹងចាប់ផ្តើមសកម្មភាពរៀបចំ និងតភ្ជាប់ហេដ្ឋារចនាសម័្ពន្ធចាំបាច់នានា ដើម្បីនាំភ្ជាប់សេវាអ៊ិនធឺណិតគុណភាពខ្ពស់ទៅដល់វិទ្យាល័យ និងទីតាំងទាំង ៦២កន្លែង។ សកម្មភាពរៀបចំ និងតភ្ជាប់នេះអាចត្រូវចំណាយពេលពីរទៅបីខែក្នុងការអនុវត្តិ ដូច្នេះ សិស្សានុសិស្សរបស់យើងអាចនឹងចាប់ផ្តើមប្រើប្រាស់នូវវេទិកាសិក្សាតាមប្រព័ន្ធអ៊ិនធឺណិតនេះបាន នៅចុងឆ្នាំ២០២០នេះហើយ។

ដូចបានលើកឡើងដោយលោកស្រីអគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន បន្ថែមពីលើការងារតភ្ជាប់បណ្តាញ អ៊ិនធឺណិត EZECOM នឹងចាប់ផ្តើមសកម្មភាពផ្សព្វផ្សាយតាមរយៈយុទ្ធនាការ “មករៀនជាមួយយើង” ដើម្បីលើកកម្ពស់ការយល់ដឹងនិងការចូលរួមរបស់សិស្សានុសិស្ស និងសមាជិកក្នុងសហគមន៍ ក៏ដូចជាពង្រីកវិសាលភាពប្រើប្រាស់នៃវេទិកាសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចនេះ តាមទម្រង់ផ្សេងទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុន EZECOM បានសហការជាមួយក្រសួងអប់រំ ឬចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុន EZECOM បានចូលរួមយ៉ាងសកម្មជាមួយគម្រោងតូចធំជាច្រើនក្នុងវិស័យអប់រំ រាប់តំាងពីការតភ្ជាប់សេវាអ៊ិនធឺណិតឥតគិតថ្លៃដល់សាលា និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន ការបង្កើតគេហទំព័រអប់រំលើប្រព័ន្ធអ៊ិនធឺណិត និងការឧបត្ថម្ភក្នុងកម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិត ជាដើម។ ទោះជាយ៉ាងនេះក្តី គម្រោងថ្ងៃនេះគឺជាគម្រោងទំនួលខុសត្រូវសង្គម ឬ CSR ធំជាងគេ និងមានសក្តានុពលខ្លាំងជាងគេ របស់ក្រុមហ៊ុន EZECOM ក្នុងវិស័យអប់រំ។

អំពីក្រុមហ៊ុន EZECOM បង្កើតឡើងក្នុងឆ្នាំ២០០៧ ក្រុមហ៊ុន EZECOM បានពង្រឹងសេវាកម្មរបស់ខ្លួន និងក្លាយជាក្រុមហ៊ុនសេវាអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា។ ក្នុងឆ្នាំ២០១១ ក្រុមហ៊ុន EZECOM បានក្លាយជាក្រុមហ៊ុនអ៊ិនធឺណិតដំបូងគេនៅកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្រពីស្ថាប័នវាយតម្លៃគុណភាពអាយអេសអូ (ISO) ហើយក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនបានជាប់ការវាយតម្លៃគុណភាពជាថ្មីម្តងទៀតសម្រាប់កម្រិតស្តង់ដារថ្មី ISO 9001:2015 ព្រោះក្រុមហ៊ុនមានការគ្រប់គ្រងគុណភាពយ៉ាងរឹងមាំបូកផ្សំជាមួយសេវាកម្មដ៏លេចធ្លោ។

ក្រុមហ៊ុន EZECOM តែងបានចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍និងបានឧបត្ថម្ភគម្រោង កម្មវិធី និងព្រឹត្តិការណ៍ជាច្រើនជាប្រចាំ ព្រមទាំងមានដៃគូសហការជាច្រើននៅក្នុងវិស័យផ្សេងៗ ដូចជា វិស័យបច្ចេកវិទ្យា អប់រំ និងបរិស្ថាន ជាដើម៕

កែសម្រួល៖ សៀនហួរ

មតិយោបល់