• 2020-10-28 09:36:07
  • ព័ត៌មាន

មូលនិធិទឹកជំនន់ EZECOM ប្រគល់អំណោយដល់ជនរងគ្រោះ ១៤០គ្រួសារ នៅក្រុងតាខ្មៅ

  • 2020-10-28 09:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីព្រឹកថ្ងៃពុធ ទី២៨ តុលា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមហ៊ុនសេវាអ៊ីនធឺណិតលំដាប់ខ្ពស់ EZECOM បានពាំនាំអំណោយយកទៅចែកជូនដល់បងប្អូនរងគ្រោះប្រមាណ ១៤០គ្រួសារ ស្ថិតក្នុងសង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បុគ្គលិក និងថ្នាក់ដឹកនាំក្រុមហ៊ុនជាង ២០នាក់ បានជួបសំណេះសំណាល និងចូលរួមប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគមួយចំនួនធំ រួមមាន អង្ករ មី ទឹកសុទ្ធ ទឹកត្រី និងត្រីខកំប៉ុង ជាដើម ក្រោមការសម្របសម្រួលពីគណៈកម្មាធិការជាតិដោះស្រាយគ្រោះមហន្តរាយ និងអាជ្ញាធរក្នុងមូលដ្ឋាន។

ការប្រគល់អំណោយដោយក្រុមហ៊ុន EZECOM

អំឡុងពិធីប្រគល់អំណោយនេះ លោកស្រី Yuni Lee Heathcote អគ្គនាយិកាប្រតិបត្តិ ក្រុមហ៊ុន EZECOM បានមានប្រសាសន៍ថា៖ “ក្រោមស្មារតីរួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ថ្ងៃនេះ EZECOM បាននាំយកអំណោយមួយចំនួន ដើម្បីចែកជូនបងប្អូនដែលរងគ្រោះពីទឹកជំនន់ កាលពីពេលថ្មីៗនេះ។ ថ្វីត្បិតក្រុមការងាររបស់យើងមានវត្តមានមិនច្រើនប៉ុន្មាន តែបុគ្គលិករបស់យើងទូទាំងប្រទេសបានផ្ដាំផ្ញើនូវក្ដីបារម្ភ និងការជូនពរដល់បងប្អូនជនរងគ្រោះទាំងអស់ពីចម្ងាយ។ យើងសង្ឃឹមថា អំណោយទាំងនេះនឹងបានរួមចំណែកខ្លះៗ ដើម្បីដោះស្រាយការលំបាករបស់បងប្អូន ខណៈយើងរួមគ្នាស្តារសហគមន៍របស់យើងត្រឡប់ទៅភាពជាធម្មតាវិញ។”

ក្នុងឱកាសនោះដែរ ឯកឧត្តម ឈឿន សុចិត្ត ស្នងការនៃគណៈស្នងការនគរបាលខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់ដើមមាន បានសម្តែងការកោតសរសើរខ្ពស់ចំពោះទឹកចិត្តមនុស្សធម៌ និងការរួមចំណែករបស់ក្រុមហ៊ុន EZECOM និងបានសំណេះសំណាលលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋអោយប្រុងប្រយ័ត្ន ថែរក្សាសុខភាព និងប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងមូលដ្ឋានក្នុងករណីចាំបាច់ណាមួយ ដូចជា ករណីកើតមានជំងឺគ្រុនឈិ ដើម។

អគ្គស្នងការខេត្តកណ្តាលប្រគល់លិខិតសរសើរដល់ EZECOM

ជំនួយរបស់ក្រុមហ៊ុន EZECOM ដល់ក្រុមគ្រួសាររងគ្រោះក្នុងសង្កាត់ដើមមាន ក្រុងតាខ្មៅ នាថ្ងៃនេះ គឺជាចំណែកមួយនៃការផ្តួចផ្តើមមូលនិធិទឹកជំនន់របស់ខ្លួន ដែលផ្គត់ផ្គង់ថវិកាមួយចំណែកធំដោយក្រុមហ៊ុនផ្ទាល់ និងចំណែកខ្លះដោយថវិកាពីសប្បុរសជនគ្រប់ទិសទី។ ក្រុមហ៊ុនបានបញ្ជាក់ថា សកម្មភាពមនុស្សធម៌នេះ មិនបញ្ចប់ត្រឹមពិធីចែកអំណោយថ្ងៃនេះនោះទេ ដូច្នេះ សប្បុរសជននៅតែអាចចូលរួមបរិច្ចាគបាន តាមរយៈគណនី Wing លេខ 023888181 ឈ្មោះ Ezecom Fundraising និងគណនី ABA លេខ 023888181 ឈ្មោះ EZECOM CO LTD ហើយទឹកប្រាក់ដែលគៀងគរបានជាបន្តបន្ទាប់ណាមួយ នឹងត្រូវចាត់ចែងប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ប្រើប្រាស់ក្នុងកិច្ចការសង្គ្រោះជនរងគ្រោះជាបន្តទៀត។

សម្រាប់ព័ត៌មានចុងក្រោយបំផុតអំពីសកម្មភាពសង្គមរបស់ក្រុមហ៊ុន EZECOM សូមតាមដានផេចហ្វេសប៊ុក EZECOM ឬចូលទៅគេហទំព័រ www.ezecom.com.kh

អំពីក្រុមហ៊ុន EZECOM

បង្កើតឡើងក្នុងឆ្នាំ២០០៧ ក្រុមហ៊ុន EZECOM បានពង្រឹងសេវាកម្មរបស់ខ្លួន និងក្លាយជាក្រុមហ៊ុនសេវាអ៊ិនធឺណិតលំដាប់ខ្ពស់នៅកម្ពុជា។ ក្នុងឆ្នាំ២០១១ ក្រុមហ៊ុន EZECOM បានក្លាយជាក្រុមហ៊ុនអ៊ិនធឺណិតដំបូងគេនៅកម្ពុជា ដែលទទួលបានវិញ្ញាបនប័ត្រពីស្ថាប័នវាយតម្លៃគុណភាពអាយអេសអូ (ISO) ហើយក្នុងឆ្នាំ២០១៨ ក្រុមហ៊ុនបានជាប់ការវាយតម្លៃគុណភាពជាថ្មីម្តងទៀតសម្រាប់កម្រិតស្តង់ដារថ្មី ISO 9001:2015 ព្រោះក្រុមហ៊ុនមានការគ្រប់គ្រងគុណភាពយ៉ាងរឹងមាំបូកផ្សំជាមួយសេវាកម្មដ៏លេចធ្លោ។ ក្រុមហ៊ុន EZECOM តែងបានចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍និងបានឧបត្ថម្ភគម្រោង កម្មវិធី និងព្រឹត្តិការណ៍ជាច្រើនជាប្រចាំ ព្រមទាំងមានដៃគូសហការជាច្រើននៅក្នុងវិស័យផ្សេងៗ ដូចជា វិស័យបច្ចេកវិទ្យា អប់រំ និងបរិស្ថាន ជាដើម៕

មតិយោបល់