• 2020-11-13 06:00:00
  • ព័ត៌មាន

អាថ៌កំបាំងធំមួយរបស់អ្នកប្រាជ្ញខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលលោកអ្នកមិនដឹង

  • 2020-11-13 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត ក៏ដូចជាប្រជាជនខ្មែរភាគច្រើនប្រាកដជាដឹង ស្គាល់ ប្រវត្តិខ្លះៗរបស់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរដែលបានបង្កើតវចនានុក្រមភាសាខ្មែរដែលរាជរដ្ឋាភិបាលប្រកាសឲ្យប្រើជាផ្លូវការនៅកម្ពុជារហូតដល់សព្វថ្ងៃនេះគឺ សម្តេចព្រះសង្ឃរាជ ជួន ណាត។

សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ជាសម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ។ ព្រះអង្គប្រសូត ១១ មីនា ព.ស.២៤២៧ គ.ស.១៨៨៣ សុគត ២៥ កញ្ញា ព.ស.២៥១៣ គ.ស.១៩៦៩។ សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ សម្តេចព្រះមហាសង្ឃរាជ និល ទៀង សម្ដេចព្រះសង្ឃរាជអង្គទី១, សម្តេចព្រះធម្មលិខិត សិរីមហាសង្ឃកិច្ច ព្រះឥន្ទត្ថេរោ កែ អ៊ុក សម្ដេចព្រះសង្ឃរាជអង្គទី២, សម្ដេចព្រះមហាសុមេធាធិបតី ប្រាក់ ហ៊ិន សម្ដេចព្រះសង្ឃរាជអង្គទី៣។

សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត សម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា

លោកអ្នកប្រហែលជាមិនដែលដឹងពីរឿងអាថ៌កំបាំងធំមួយរបស់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ជួបប្រទះក្នុងពេលដែលព្រះអង្គមិនទាន់ក្លាយជាសម្ដេចព្រះសង្ឃរាជអង្គទី៤ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជានោះទេ។ ខាងក្រោមនេះជារឿងអាថ៌កំបាំងធំមួយរបស់អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរកើតមានក្នុងពេលព្រះអង្គមិនទាន់ក្លាយជាសម្ដេចព្រះសង្ឃរាជគឺ

«ត្រូវគ្រូអាចារ្យ ព្រះសង្ឃ និងអ្នកបួសរៀនស្ទើរគ្រប់វត្តធ្វើពាក្យប្តឹងចោទប្រកាន់ដើម្បីឲ្យផ្សឹកនិងដេញចេញពីវត្ត»

ខាងក្រោមនេះជារឿងហេតុដែលសរសេរក្នុងសៀវភៅ«ព្រះរាជប្រវត្តិពិស្តារ និងកាព្យលោកធម៌»របស់លោកបណ្ឌិតមហា ឈឹម ស៊ុម ដែលត្រូវជាក្មួយប្រសាររបស់សម្តេចសង្ឃរាជ ជួន ណាត ជាអតីតក្រុមជំនុំប្រែព្រះត្រៃបិដក និងជាសាស្ត្រាចារ្យសាលាបាលីជាន់ខ្ពស់ គ.ស ១៩០៥៖

ព្រះមហាវិមលធម្ម ថោង

[«ឆ្នាំ១៩១៧ ព្រះតេជព្រះគុណព្រះមហាវិមលធម្ម ថោង បានចាត់ តាមពាក្យសុំនៃលោកអ្នកឧកញ៉ាអធិបតីសេនា កេត ឲ្យ ព្រះតេជព្រះគុណព្រះគ្រូសង្ឃសត្ថា ជួន ណាត, ព្រះតេជព្រះគុណព្រះគ្រូសង្ឃវិជ្ជា ហួត តាត , ព្រះតេជព្រះគុណព្រះគ្រូវិមលប្បញ្ញា អ៊ុម ស៊ូរ ធ្វើសៀវភៅ «សាមណេរវិន័យ»។ ព្រះថេរៈទាំង ៣អង្គបានធ្វើសៀវភៅនេះជាបាលី និងសម្រាយ និយាយអំពីសិក្ខាបទ ១០, ទណ្ឌកម្ម ១០, នាសនងៈ ១០ សេក្ខិយវត្ត ៧៥ និង បច្ចវេក្ខណវិធីទាំង ៤ សុទ្ធតែមានអាងគម្ពីរបាលីដើម យ៉ាងជាក់ច្បាស់។ ប៉ុន្តែសៀវភៅនោះកើតឡើងជាទំនាស់នឹងទំនៀមទម្លាប់ បព្វជិតខ្មែរដែលកាន់ពុទ្ធសាសនារៀវរោយដោយស្រុកកើតកលយុគយូរឆ្នាំមកហើយ។

សៀវភៅ សាមណេរវិន័យ កើតឡើងជាទំនាស់នឹងទំនៀមនេះច្រើនអន្លើឝ ឲ្យសាមណេរ បួសដូចខាងដើមនេះហើយ ត្រូវឲ្យសុំនិស្ស័យទៀត, ត្រូវឲ្យរក្សាសិក្ខាបទ១០, ទណ្ឌកម្ម ១០, នាសនង្គ ១០ សេក្ខិយវត្ត៧៥ ហើយត្រូវចូលវស្សា ត្រូវមានសិទ្ធិទទួលសំពត់ចំណាំវស្សា ដូចលោកភិក្ខុដែរ ត្រូវឃ្លុំចីពរជាបរិមណ្ឌល (ឃ្លុំលើស្មាសងខាង) ក្នុងពេលចេញក្រៅវត្ត ដូចលោកភិក្ខុដែរ។ ឯបច្ចវេក្ខណវិធី មិនមានកម្រិតឲ្យសូត្រដល់ទៅ ១០៨ ចប់ទេ ប៉ុន្តែមានកម្រិតថា លុះណាតែយល់សេចក្តីនៃធម៌ដែលភាវនានោះទើបពេញលក្ខណៈត្រឹមត្រូវ។

សម្តេចព្រះសង្ឃនាយកព្រះនាម ហួត តាត ដែលខ្ញុំក្រាបបង្គំទូលសួរលោកមានព្រះពុទ្ធ ដិកាថា៖ សៀវភៅសាមណេរវិន័យកើតឡើងនៅជាសរសេរអក្សរដោយដៃ ក៏លោកអ្នកឧកញ៉ាមហា ឥស្សរា កេត សុំ ឲ្យអាត្មាចាត់ការបោះពុម្ព។ អាត្មាប្រគល់ជូនលោក ដើម្បីសុំអនុញ្ញាតអំពីសម្តេច ព្រះសង្ឃនាយក។ កាលសម្តេចព្រះសង្ឃនាយកពុំព្រមអនុញ្ញាត លោកក៏កាន់សៀវភៅនេះទៅជម្រាបលោក ឡឺរ៉េស៊ីដង់ត៍ ស៊ូប៉េរីយើរ (បារាំងសែសជាប្រមុខនៃរដ្ឋការបារាំងនៅប្រទេសកម្ពុជា) ហើយលោកយកមកប្រគល់ឲ្យអាត្មាវិញថា សូមចាត់ការបោះពុម្ពចុះ។ អាត្មាអោយបោះពុម្ភ ៥០០០ ក្បាល ចេញថ្លៃខ្លួនឯង ១០០០ក្បាល, សម្តេចព្រះសង្ឃរាជ ជួន ណាត កាលនៅជាព្រះគ្រូសង្ឃសត្ថា យក ១០០០ក្បាល ១០០០ក្បាល ពិធីបុណ្យ , លោកគ្រូវិមលប្បញ្ញា អ៊ុម ស៊ូរ យក ១០០០ក្បាល , លោកមហាឥស្សរា កេត ក៏យក , សម្តេច ល្វី ឯម កាលលោកនៅជាព្រះញាណបវរវិជ្ជា យកប៉ុន្មានរយក្បាល ដើម្បីចែកក្នុង ខ្លះ ចែកមិត្តភក្តិរៀនសូត្រខ្លះ។ លោកគ្រូព្រះញាណបវរវិជ្ជា ល្វី ឯម យកទៅថ្វាយព្រះអង្គម្ចាស់ មុនីវង្ស ខ្លះ ព្រមទាំងពន្យល់សេចក្តីថ្វាយសព្វគ្រប់ផង។

លោកគ្រូអាចារ្យ បាន នៅវត្តកោះសុទិន និងលោកគ្រូអាចារ្យ គល់ នៅស្វាយរៀង ឲ្យនេនឃ្លុំផង ជាអ្នកទេសនាផង និយាយផង តាមទំនងសៀវភៅនេះ នាំឲ្យស្រកៀរត្រចៀកនៃអ្នកបួសតាមទំនៀមទម្លាប់ ថែមទាំងមានការឲ្យដៃពីភ្នំពេញទៅខ្លះផង ក៏បុព្វជិតខេត្តក្រៅទាំងអស់ស្ទើរគ្រប់វត្តធ្វើ ពាក្យប្តឹងចោទប្រកាន់ពីលោកទាំង ៣អង្គ អ្នកធ្វើសៀវភៅ «សាមណេរវិន័យ» នេះថា៖

• លោកទាំង ៣អង្គនេះ បដិសេធគម្ពីរសម្រាយខ្មែរបូរាណថា សុទ្ធតែខុសប្រើការពុំបាន អម្បាលគម្ពីរមហាជាតក ក៏គេបដិសេធថាខុសដែរ។

• លោកទាំង ៣អង្គនេះ ដៀលត្មះអ្នកបួសមុនៗ ថាពុំត្រឹមត្រូវ ព្រោះបួសនេន ឥតសុំនិស្ស័យ។

• លោកទាំង ៣អង្គនេះ ធ្វើអោយលោកនេន និងលោកភិក្ខុ ច្រឡំគ្នាអស់។

កំហុសឆ្គងខាងលើនេះ សូមជំនុំសង្ឃជាន់ខ្ពស់ ត្រូវតែ “ចាប់ផ្សឹក ព្រះថេរៈទាំង ៣អង្គនេះ ដើម្បីបណ្តេញចេញពីវត្ត។

សម្តេចព្រះសង្ឃនាយក អ៊ុក ក្រោយពេលដែលជំនុំសង្ឃ បាន ប្រជុំព្រមព្រៀងថា ត្រូវអោយបណ្តាញចេញហើយ ក៏ធ្វើដីការអមថ្វាយទៅ ព្រះករុណសជាអម្ចាស់ជីវិតព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ។ ព្រះករុណា ជាអម្ចាស់ជីវិតទ្រង់ឲ្យប្រជុំព្រះសង្ឃច្រើនអង្គក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ។ លោកគ្រូព្រះញាណបវរវិជ្ជា ល្វី ឯម អោយក្មេងយកគម្ពីរបាលីដើម បីបួនគម្ពីរទៅទុកនៅថែវវាំងខាងកើត បម្រុងការទុកជាសំអាង។

សម្តេចព្រះសង្ឃនាយក អ៊ុក

ព្រះអង្គម្ចាស់ មុនីវង្ស ក្រោយពេលដែលទ្រង់ទតសៀវភៅសាមណេរវិន័យនោះសព្វគ្រប់ ទ្រង់ជ្រាបច្បាស់សេចក្តីព្រះវិន័យនោះ ដោយសារលោកគ្រូព្រះញាណបវរវិជ្ជា ល្វី ឯម បានយកទៅថ្វាយ បាន ពន្យល់សេចក្តីអធិប្បាយ ពីគ្រាមុនមកស្រេចហើយនោះ ទ្រង់ឡើងទៅក្រាបបង្គំគាល់ព្រះករុណាជាអម្ចាស់ ជីវិត។ ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ត្រាស់ព្រះរាជឱង្ការថា៖ កូនអើយកូន! ឥឡូវគេប្តឹងពីគ្នាហើយ។ ព្រះអង្គម្ចាស់ក្រាបបង្គំទូលសួរថា សូមទ្រង់ព្រះមេត្តាប្រាស់នរណាប្តឹងពីនរណា? នេះនែ ! អស់លោក នេះណាកូន! ប្តឹងពីលោកអ្នកធ្វើសៀវភៅនេះ។ អស់លោកហ្នឹងដឹងអីលោក! សៀវភៅហ្នឹង ទូលព្រះបង្គន់ មើលសព្វគ្រប់ហើយ ត្រឹមត្រូវរបស់គេណាស់..!!..

លោកអ្នកឧកញ៉ាយោធាន វិន្ទ ភូឈួយក្រសួងធម្មការ ដែលគេស្គាល់ថា ជាបរបក្សសោះ ក៏បែរជា កាន់សៀវភៅនេះដែរ ដោយប្រែគំនិតសង្ឃឹមថា នឹងបានជាគ្នាក្នុងអនាគត។

ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់ព្រះបុប្ផា(សួរ) លោកគ្រូសង្ឃសត្ថា ជួន ណាត ម្តេចក៏លោក បដិសេធគម្ពីរសាស្រ្តបូរាណ ថាសុទ្ធតែខុស?... អម្បាលគម្ពីរមហាជាតក ដែលគេចូលចិត្តស្តាប់ម្លឹងៗ ក៏លោកហ៊ានថាខុសដែរ?

« ថ្វាយព្រះពរ... អាត្មាភាពបានថាខុសមែន ព្រោះសម្រាយចេះតែលើសពីបាលី ច្រើនអន្លើ, អាត្មា ភាពយល់ថា អ្នកធ្វើសេចក្ដីសម្រាយ គ្រាន់តែអោយអ្នកស្តាប់សប្បាយចិត្តប៉ុណ្ណោះទេ ដូចពាក្យថា “ ជូជក មានរូបអន្ធការ ស្គមខ្ពស់ជ្រដោង ខ្នងកោង លាងស្អាតដំបារ ត្រចៀកយូរយារត្រាស់ដូចឃ្លង់រឿង ជើង កោងដូចសេក ភ្នែកស្រលៀងស្រឡើ សាច់ពកដូចគផ្តើ រដិបរដុបយូរយារ នេះក៏ឥតបាលីដែរ ឬដូច ពាក្យថា “ជូជក បែកពោះផង ដំរីរោងរោទ័ខ្លារ ជាដើម ក៏សុទ្ធតែជាពាក្យលើសពីបាលីដែរ។ អាត្មាភាព មានបដិសេធ ឯណា គ្រាន់តែប្រាប់គ្នាថា បាលី និងសម្រាយខុសគ្នាប៉ុណ្ណោះទេតើ ! សូមថ្វាយព្រះពរ»

តមក ព្រះករុណាជាអម្ចាស់ជីវិត ទ្រង់និមន្តលោកគ្រូសង្ឃសត្ថា អោយទេសគាថាពាន់(មហាជាតក) ទ្រង់បូជាបច្ច័យច្រើនហើយទ្រង់ត្រាស់ព្រះរាជឱង្ការថា៖«លោកណាចង់កាន់ន័យត្រឹមត្រូវក៏កាន់ទៅ លោកណាមិនចង់កាន់ក៏ស្រេចតែលោកចុះ កុំឈ្លោះគ្នា»

សម្តេចព្រះធម្មលិខិត ល្វី ឯម

សម្តេចព្រះធម្មលិខិត ល្វី ឯម ធ្លាប់ដំណាលរឿយៗថា៖ កាលនោះ គេយកលោកគ្រូអាចារ្យ គល់ និងលោកគ្រូអាចារ្យ បាន មកឃុំទុកក្នុងវត្តឧណ្ណាលោម។ ឆាន់(ខ្ញុំ) បានធានាយកលោកគ្រូអាចារ្យ ទាំងពីរអង្គនេះ ទៅអោយគង់នៅឯវត្តលង្កាវិញ ដោយទទួលខុសត្រូវលើខ្លួន។ លោកអធិបតីសេនា កើត អញ្ជើញទៅវត្តលង្កាប្រាប់ចាន់ថាៈ ក្រសួងធម្មការ អោយយកខោខ្មៅ អាវខ្មៅ មកទុកស្រេចហើយ ដើម្បី ផឹកលោកគ្រូអាចារ្យ គល់ និងលោកគ្រូអាចារ្យ បាន ធ្វើទោស ព្រោះជាអ្នកនាំបង្កើតចលាចល។ ឆាន់ បានដឹងដំណឹងនេះ ក៏ទៅថ្វាយព្រះពរព្រះអង្គម្ចាស់ មុនីវង្ស ។ ព្រះអង្គម្ចាស់ទ្រង់ស្ដេចយាងទៅព្រះ បរមរាជវាំង ក្រាបបង្គំទូលសុំព្រះករុណាជាអម្ចាស់ជីវិត ទារយកសំណុំរឿងមកពិនិត្យផ្ទាល់ព្រះអង្គ។ ព្រះ ករុណាជាអម្ចាស់ជីវិតទ្រង់យកសំណុំរឿងពីក្រសួងធម្មការ ទ្រង់ពិគ្រោះជាមួយនឹងព្រះអង្គម្ចាស់មុនីវង្ស ព្រះអង្គទ្រង់សព្វព្រះរាជហូទ័យ(ចង់) ទ្រង់ព្រះសណ្តាប់មហាជាតក ក៏ទ្រង់និមន្តលោកគ្រូសង្ឃសត្ថា ណាត អោយសម្ដែង។ ព្រះករុណាជាអម្ចាស់ជីវិតទ្រង់រីករាយក្នុងព្រះរាជហ្មទ័យណាស់ ទ្រង់បូជាដោយបច្ច័យទាំងក្រឡាន ទ្រង់បញ្ចប់រឿងនេះ ដោយព្រះរាជឱង្ការថា៖ លោកណាចង់បតិបត្តិព្រះវិន័យក៏ជាការល្អ លោកណាចង់បតិបត្តិតាមទំនៀមទម្លាប់ ក៏ស្រេចតែនឹងលោកចុះ..ឈប់ឈ្លោះគ្នាទៅ»] ៕

រូបភាពដកស្រង់ពីសៀវភៅ «ព្រះរាជប្រវត្តិពិស្តារ និងកាព្យលោកធម៌» របស់លោកបណ្ឌិតមហា ឈឹម ស៊ុម

មតិយោបល់