• 2020-11-18 10:46:39
  • ព័ត៌មាន

ហានិភ័យ! ចូលចិត្តញុំាសាច់អាំងញឹកញាប់ គួរប្រយ័ត្នប៉ុន្មានចំណុចនេះ បើមិនចង់ឈឺទៅថ្ងៃមុខ

  • 2020-11-18 10:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាច់អាំងជាមុខម្ហូបដែលពេញនិយមខ្លាំង សម្រាប់មនុស្សគ្រប់វ័យ និងច្រើនមានស្ទើរគ្រប់កម្មវិធីសប្បាយៗ។ ប៉ុន្តែយើងគួរដឹង ថាការញ៉ាំសាច់អាំងលើសកម្រិត និងខ្វះការប្រុងប្រយ័ត្ន អាចមានផលប៉ះពាល់ដល់សុខភាពយើងផងដែរ។

ខាងក្រោមនេះជាបញ្ហាសុខភាព និង ចំណុចដែលអ្នកត្រូវប្រុងប្រយ័ត្នពេលញុំាសាច់អាំង ដូចជា ៖

១. អាចប្រឈមនឹងការកើតជំងឺមហារីក (បើអាំងឆ្អិន រហូតដល់ខ្លោច/ខ្មៅ) ៖

នៅពេលដែលអាហារត្រូវបានចម្អិននៅសីតុណ្ហភាពខ្ពស់វាបង្កើតជាសារធាតុគីមីធម្មជាតិដែលគេហៅថាអ៊ីដ្រូកាបូន (PAH) ។ សារធាតុគីមីទាំងនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការវិវត្តនៃជំងឺមហារីកមួយចំនួនរួមមានបំពង់អាហារនិងពោះវៀនធំ។

២. អាំងមិនស្រួល ឆៅប្រឈមនឹងការកើតមានជំងឺមេរោគក្នុងក្រពះ និងពោះវៀន៖

ហានិភ័យដែលបង្កឡើងដោយការញុំាសាច់ឆៅ គឺ ដោយសារ ក្នុងសាច់ឆៅសម្បូរដោយបាក់តេរី វីរុស ប៉ារ៉ាស៊ីត និងជាតិពុលជាច្រើន ដែលអាចឆ្លងចូលក្នុងសាច់អំឡុងពេលធ្វើសត្តឃាតជាដើម។ រោគសញ្ញានៃជំងឺបង្កដោយការញុំាអាហារមិនឆ្អិនល្អ រួមមានអាការៈចង្អោរ ក្អួត រាករូស ឈឺពោះ គ្រុនក្ដៅ និងឈឺក្បាល។ រោគសញ្ញាទាំងនេះធម្មតា លេចឡើងចន្លោះពី ២៤ម៉ោង រហូតដល់ ៧ថ្ងៃ ឬ អាចយូរជាងនេះ ដែលអ្នកត្រូវប្រញាប់ទៅជួបពេទ្យជាបន្ទាន់។

៣. សម្ពាធឈាមឡើងខ្ពស់ និងអាចកើតជំងឺទឹកនោមផ្អែម ៖

គ្រឿងទេសដែលយើងយកមកប្រលាក់សាច់អាំងមានច្រើនប្រភេទហើយក្នុងនោះមានជាតិសូដ្យូមនិងជាតិស្ករខ្ពស់។ ការញ៉ាំអាហារដែលមានជាតិសូដ្យូមច្រើនបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់ ហើយការញ៉ាំជាតិស្ករច្រើនអាចប្រឈមនិងការកើតជំងឺទឹកនោមផ្អែមខ្ពស់។ ការញ៉ាំសាច់ប្រលាក់អាំងច្រើនមានន័យថាអ្នកកំពុងតែញ៉ាំសូដ្យូម និងជាតិស្ករចូលទៅក្នុងខ្លួនច្រើនដោយមិនដឹងខ្លួន។

៤. ឡើងកូលេស្តេរ៉ុល ៖

ការញ៉ាំសាច់ច្រើនលើសកំណត់ អាចបណ្ដាលជាតិកូលេស្តេរ៉ុលក្នុងខ្លួនឡើងខ្ពស់ ដែលអាចបណ្ដាលឲ្យឡើងគីឡូ ឬអាចឈានដល់ការកើតកើតជំងឺសសៃឈាមបេះដូង។

អ្នកដែលចូលចិត្តញ៉ាំសាច់អាំងពិតណាស់អាចប្រឈមមុខនិងការកើតជំងឺទាំងអស់នេះ ប៉ុន្តែយើងអាចកាត់បន្ថយហានិភ័យនិងបន្តការញ៉ាំសាច់អាំងរបស់យើងបានទៀតប្រសិនបើយើងអនុវត្តតាមវិធីទាំងនេះ ៖

១. ញ៉ាំជាមួយបន្លែ ៖

កាត់បន្ថយសាច់ បន្ថែមបន្លែមកវិញមក! ការទទួលទានបន្លែច្រើនត្រូវបានបង្ហាញឲ្យឃើញថាអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកបានយ៉ាងច្រើន។ នៅក្នុងការសិក្សាមួយស្តីពីហានិភ័យនៃជំងឺមហារីកសុដន់បាននិយាយថា ស្រ្តីដែលបានញ៉ាំសាច់អាំងច្រើនបំផុតមានហានិភ័យខ្ពស់ជាងអ្នកដែលញ៉ាំតិចបំផុតចំនួន ៧៤ ភាគរយ។

២. កាត់បន្ថយការញ៉ាំសាច់អាំង ៖ជំនួសដោយការញ៉ាំសាច់អាំង៥ដងក្នុងមួយសប្ដាហ៍មកសល់ត្រឹម ២ឬ៣ដងក្នុងមួយសប្ដាហ៍ ឬដូរមកញ៉ាំស៊ុបខ្លះក៏បានដែរ។

៣. ផ្លាស់ប្ដូរបន្ទះអាំងឲ្យបានញឹកញាប់ ៖ពេលដែលបន្ទះអាំងចាប់ផ្ដើមខ្លោច ផ្លាស់ប្ដូរចេញឲ្យលឿនកុំបន្តការអាំងជាមួយកាកខ្លោចនៅលើនោះ ។

៤. បន្ថយភ្លើង ៖ កុំអាំងជាមួយសីតុណ្ហភាពខ្ពស់ ហើយអាំងនៅលើចង្ក្រានអគ្គិសនីសុវត្ថិភាពជាងអាំងនៅលើចង្ក្រានធ្យូង ៕

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

ប្រភព ៖ eating-grilled-foods-side-effects

វិជ្ជនី

មតិយោបល់