• 2021-01-13 02:51:44
  • សេដ្ឋកិច្ច

ឱកាសសម្រាប់កសិករ ៖រោងចក្រជប៉ុនមួយ ប្រមូលទិញជក់ត្នោតរាប់តោន កែច្នៃធ្វើរបស់ប្រើប្រាស់ក្នុងផ្ទះ

  • 2021-01-13 02:51:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានថ្ងៃមុននេះបងប្រុសម្នាក់ បានបង្ហោះហ្វេសប៊ុករកទិញជក់ត្នោតរាប់តោនពីប្រជាពលរដ្ឋ ដើម្បីយកទៅកែច្នៃធ្វើជារបស់ប្រើប្រាស់ក្នុងផ្ទះ ហើយបានធ្វើឲ្យប្រជាកសិករ រកចំណូលបន្ថែម ក្រៅពីធ្វើស្រែចំការ ។

លោក អៀម រ៉ាវុធ បានប្រាប់ឲ្យSabay ដឹងតាមរយះប្រអប់សារថា « ក្រុមហ៊ុនជប៉ុន អូកាតូដែលជារោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ បានបញ្ជារទិញ ជក់ត្នោត រាប់តោន ដើម្បីយកទៅកែច្នៃជារបស់ប្រើប្រាស់ក្នុងផ្ទះ ដូចជាអំបោស ជាដើម ។ល។

លោកបានបញ្ជាក់ថា លោកជាបុគ្គលិកសាលារៀនមួយ នៅជម្ពូវ័ន ហើយលោកមានមិត្តជាបុគ្គលិកនៅក្នុងក្រុមហ៊ុន អូកាតូ នេះ ទើបជួយរកទិញឲ្យក្រុមហ៊ុននេះតែម្តងទៅ ។ ក្រុមហ៊ុន អូកាតូ ខេមបូឌា នេះ មានអាស័យដ្ឋាននៅ ភ្នំពេញ ស្ថិតនៅតំបន់សេដក្ឋកិច្ចពិសេសភ្នំពេញ ផ្លូវជាតិលេខ៤ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ជារោងចក្រផលិតសម្ភារប្រើប្រាស់ ។

លោកបានឲ្យដឹងទៀតថា រោងចក្រជប៉ុននេះ ទើបតែដាក់គំរោងឲ្យលោកដើររកទិញកាលពីសប្តាហ៍មុនទេ ហើយបើតាមប្រធានក្រុមហ៊ុន គាត់បានប្រាប់ថា គាត់បាននាំចូលជក់ត្នោតពីឥណ្ឌា ចំណែកជក់ត្នោតរបស់ខ្មែរយើងនៅមិនទាន់បាននៅឡើយទេ ។ ចំពោះជក់ត្នោតនេះ ក្រុមហ៊ុនត្រូវការ រាប់តោនឯណោះ ដោយគិតតម្លៃសមរម្យជូនពួកគាត់ ហើយប្រវែងខ្នាតវិញ គឺយកខ្នាតចន្លោះពី ៤០ទៅ៤៣ សង់ទីម៉ែត្រ ។

ចំពោះជក់ត្នោតដែលកំពុងប្រមូលទិញពេលនេះ គឺបានមកពីគ្រប់មជ្ឍដ្ឋាន ជាពិសេសខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ។ រោងចក្ររបស់ជប៉ុន ផលិតជក់ត្នោតទាំងនេះ ដើម្បីនាំយកទៅលក់នៅក្រៅប្រទេស ។

លោក អៀម រ៉ាវុធ សម្តែងនូវអារម្មណ៍រំភើបនឹងសប្បាយចិត្ត ពេលដែលឃើញជនជាតិជប៉ុន មានគំនិតច្នៃប្រឌិត មកវិនិយោគធនធានធម្មជាតិរបស់ខ្មែរដែលសំបូរ ដែលតែងតែទុកចោល ដុតចោល ឥតប្រយោជន៍ យកមកកែច្នៃឲ្យមានប្រយោជន៍ជារបស់ប្រើប្រាស់ និងមានតម្លៃ ហើយជួយបង្កើតការងារឲ្យប្រជាកសិករខ្មែរយើង បានចំណូលបន្ថែមទៀតផង ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់