• 2021-01-26 03:13:46
  • ព័ត៌មាន

JTI - ក្រុមហ៊ុននៅកម្ពុជាដំបូងបង្អស់ ជាប់ពានរង្វាន់និយោជកឆ្នើមពី Top Employers

  • 2021-01-26 03:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនថ្នាំជក់ជប៉ុនអន្តរជាតិ ( JTI) ប្រចាំនៅប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ជានិយោជកឆ្នើម សម្រាប់ការអនុវត្តផ្នែកធនធានមនុស្សល្អបំផុត និងក្លាយជាក្រុមហ៊ុនដំបូងបង្អស់ និងតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលទទួលបានពានរង្វាន់ពីវិទ្យាស្ថាន Top Employers ដែលជាស្ថាប័នវាយតម្លៃលើការអនុវត្តផ្នែកធនធានមនុស្សកម្រិតពិភពលោក មានមូលដ្ឋាននៅប្រទេសហូឡង់ ។

វិទ្យាស្ថាននេះបានចំណាយពេល៧ខែដើម្បីធ្វើការស្រាវជ្រាវឯករាជ្យ និងស៊ើបអង្កេតយ៉ាងហ្មត់ចត់ពីក្រុមហ៊ុន JTI កម្ពុជា។ បន្ទាប់ពីបានបញ្ចប់ការស្រាវជ្រាវ វិទ្យាស្ថាននេះក៏ធ្វើការផ្ទៀងផ្ទាត់ ទទួលស្គាល់ និងបញ្ជាក់ថា ក្រុមហ៊ុនJTI កម្ពុជា ពិតជាបានអនុវត្តយ៉ាងល្អប្រសើរ ដោយបានផ្តល់អត្ថប្រយោជន៍ជូនបុគ្គលិកដ៏គាប់ប្រសើរបំផុតលើសអ្វីដែលទីផ្សារបានកំណត់ ហើយយកបុគ្គលិកជាចំណុចស្នូលមួយនៃ យុទ្ធសាស្ត្រអាជីវកម្ម ដោយផ្តល់ឱ្យពួកគេនូវលក្ខខណ្ឌការងារល្អប្រសើរ ប្រាក់ខែដ៏គួរឱ្យទាក់ទាញ អត្ថប្រយោជន៍ជាច្រើន និងឱកាសសិក្សា និងឱកាសអភិវឌ្ឍចំណេះដឹងដ៏សម្បូរបែប។

លោកស្រី កាធឺរីណា លែបស៊ីណូវ៉ា (Katerina Lapshynova) ដែលជានាយិកាផ្នែកធនធានមនុស្ស និងវប្បធម៌ បានពន្យល់ថា បុគ្គលិកក្រុមហ៊ុន JTI ពេញចិត្តនឹងភាពបត់បែននៃម៉ោងការងារ ដែលក្រុមហ៊ុនមិនពិនិត្យម៉ោងចេញ ម៉ោងចូលឡើយ ប្រាក់ខែគួរឲ្យទាក់ទាញ និងអត្ថប្រយោជន៍ជាច្រើន ដែលមានដូចជា៖ គម្រោងធានារ៉ាប់រងឯកជនពិសេសសម្រាប់បុគ្គលិក និងគ្រួសារ (ប្តីឬប្រពន្ធ និងកូនៗ) សុវត្ថិភាពបុគ្គលិក ដែលពីពេលមួយទៅពេលមួយ ក្រុមហ៊ុនតែងតែផ្តល់ការបណ្តុះបណ្តាលពីសុវត្ថិភាពដែលមានគុណភាព និងប្រាក់លើកទឹកចិត្តប្រចាំខែទៅកាន់បុគ្គលិកជួរមុខ ដើម្បីធ្វើឱ្យប្រាកដថាគ្មានគ្រោះថ្នាក់ការងារកើតឡើងដោយប្រការណាមួយ វគ្គសិក្សា Elevate Academy ការបង្វឹកភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍជីវិត ដោយអ្នកជំនាញ អាជីពដែលមានទទួលស្គាល់ជាសកល និងការបង្រៀនតាមរយៈប្រព័ន្ធអេឡិកត្រូនិចកម្រិតពិភពលោកដូចជា សាកលវិទ្យាល័យ Harvard, edX, LinkedIn Learning ការផ្តល់ច្បាប់ឈប់សម្រាកគ្រួសារថ្មី ដែលអនុញ្ញាត្តឱ្យបុគ្គលិក (ជាឪពុក ម្តាយ ឬអ្នកស្រឡាញ់ភេទដូចគ្នា) ដែលមានបុត្រ អាចឈប់សម្រាកចំនួន២០សប្តាហ៍ ដោយនៅតែទទួលបាននូវប្រាក់ខែ និងអត្ថប្រយោជន៍ដដែល និងគោលការណ៍ភាពចម្រុះ និងការរាប់បញ្ចូល (D&I) ដែលផ្តល់សេរីភាពពេញលេញដើម្បីឱ្យបុគ្គលិកមានសេរីភាពពេញលេញក្នុងការបង្ហាញពីខ្លួនឯង។

លោកស្រីបន្ថែមថា កំឡុងពេលដែលជំងឺកូវីដ១៩ផ្ទុះឡើង ក្រុមហ៊ុនបានផ្តល់សម្ភារៈសម្រាប់ការពារ ដែលមានដូចជា ម៉ាស អាល់កុលសម្លាប់មេរោគ របាំងមុខ និងមូលនិធិពិសេសសម្រាប់បុគ្គលិកដែលមានបញ្ហាបន្ទាន់ផ្នែកហិរញ្ញវត្ថុ និងចំណេះដឹង និងការចែករំលែកព័ត៌មានថ្មីៗការវិវឌ្ឍនៃជំងឺរាតត្បាតនេះ។

ទោះបីជាមានអាជីវកម្មជាច្រើនត្រូវបានប៉ះពាល់ដោយជំងឺរាតត្បាតនេះក៏ដោយ ក៏ក្រុមហ៊ុនJTI កម្ពុជានៅតែរក្សាបុគ្គលិកដដែល។ ដូច្នេះហើយ ពួកគេនៅតែអាចបំពេញការងារ និងទទួលបានអត្ថប្រយោជន៍ពេញលេញ ដោយរួមមានទាំងប្រាក់បន្ថែមបំណាច់ឆ្នាំ ដើម្បីផ្គត់ផ្គង់គ្រួសារកំឡុងពេលដ៏លំបាក។

លោកស្រីមានប្រសាសន៍ថា៖ « វិញ្ញាបនបត្រនិយោជកឆ្នើម គឺជាការបញ្ជាក់មួយថាក្រុមហ៊ុន JTI កម្ពុជា ពិតជាបានផ្តល់ឱ្យបុគ្គលិកយើងនូវឱកាសសម្រាប់អភិវឌ្ឍជំនាញរបស់ពួកគេ ក្រោមលក្ខខណ្ឌប្រសើរបំផុត ដើម្បីឱ្យពួកគេបញ្ចេញសមត្ថភាពល្អបំផុតក្នុងនាមជាខ្លួនឯងពិតប្រាកដ។»

ថ្លែងបន្ទាប់ពីទទួលដំណឹងថា ក្រុមហ៊ុន JTI កម្ពុជា បានទទួលពានរង្វាន់ក្រុមហ៊ុនឆ្នើម ពីវិទ្យាស្ថានកម្រិតពិភពលោក Top Employers លោក វ៉ែន សុវណ្ណ ដែលជាប្រធានផ្នែកលក់ប្រចាំតំបន់នៅក្រុមហ៊ុនJTI កម្ពុជា និងជាម្ចាស់ពានរង្វាន់ Corporate Inspire Awards ២០២០ បង្ហាញអារម្មណ៍ ថា៖ «សម្រាប់ខ្លួនខ្ញុំផ្ទាល់ JTI ពិតជាបានយកចិត្តទុកដាក់ពីបុគ្គលិករបស់ខ្លួនយ៉ាងពិតប្រាកដ។ ក្រុមហ៊ុនជឿជាក់លើពួកយើង និងលើកតម្កើងតម្លៃសមភាព ភាពត្រឹមត្រូវ និងភាពចម្រុះ។ ក្នុងនាមជាក្រុមហ៊ុន ឆ្នើម ខ្ញុំរំពឹងថា ក្រុមហ៊ុន JTI នឹងនៅតែបន្តរក្សាតម្លាភាព និងស្តាប់បុគ្គលិក និងផ្តល់ឱ្យពួកគេនូវឱកាសអភិវឌ្ឍការងារស្មើៗគ្នា។ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានធ្វើការនៅទីនេះ និងបានធ្វើជាចំណែកនៃជោគជ័យដ៏ធំមួយនេះ។»

វិទ្យាស្ថាន Top Employers បានបង្កើតឡើងកាលពី៣០ឆ្នាំមុន ហើយបានផ្ដល់ពានរង្វាន់និយោជកឆ្នើមដល់ក្រុមហ៊ុនចំនួន១៦៩១ នៅក្នុងប្រទេសចំនួន ១២០ ជុំវិញពិភពលោក។ នេះបញ្ជាក់ថាវិទ្យាស្ថាន Top Employers បានបង្កើនប្រសិទ្ធភាពជីវិតរបស់បុគ្គលិកចំនួន៧លាននាក់នៅទូទាំងសកលលោក៕

មតិយោបល់