• 2021-01-28 08:41:47
  • ព័ត៌មាន

ចុងសប្ដាហ៍នេះ កុំភ្លេចទៅភ្លក្សសូកូឡាកម្រិតអន្តរជាតិ ផលិតនៅសៀមរាបផ្ទាល់ៗ​

  • 2021-01-28 08:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Made in Siem Reap Fair ឬ​ពិព័រណ៍​​ផលិតផល​សៀមរាប​​ជា​ពិព័រណ៍​ដែល​បង្ហាញ​អំពី​ស្នាដៃ​សិប្បករ និង​វិចិត្រករ​នៃ​​ក្នុង​ខេត្ត​សៀមរាប ដែល​នឹង​រៀប​ចំ​ឡើង​នៅ​​រាជធានី​ភ្នំពេញ​រយៈពេល​ពីរ​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី ៣០ និង​ ៣១ ខែ​មករា​ខាង​មុខ​នេះ។

ក្នុង​កម្មវិធី​ពិព័រណ៍​នេះ​នឹង​មាន​ការ​ចូល​រួម​ពី Wat Chocolate ជា​ក្រុមហ៊ុន​ដែល​ផលិត​ស្ក​សូកូឡាដ៏ឈ្ងុយឆ្ងាញ់ជាងគេបំផុតនៅកម្ពុជា ជាមួយនឹងរសជាតិប្លែកមាត់ ដែល​បាន​ជួយលើកមុខមាត់កម្ពុជា ឱ្យក្លាយជាប្រទេសដែលអាចផលិតស្ករសូកូឡាកម្រិតអន្តរជាតិបាន។ ​​​​​​​

ក្រុមហ៊ុន​ Wat Chocolate ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០១៩ ដោយវិនិយោគិនមួយក្រុមដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា និងសុទ្ធសឹងតែជាអ្នកដែលមានចំណង់ចំណូលចិត្តខ្ពស់ជាមួយនឹងសូកូឡា។

ដំណើរការទាំងមូលនៃការទាញយកគ្រាប់កាកាវ សម្រិតសម្បកគ្រាប់ កិនឱ្យម៉ដ្ឋ លាយគ្រឿងផ្សំបញ្ចូលគ្នា និងចាក់បញ្ចូលទៅក្នុងពុម្ព គឺត្រូវបានប្រព្រឹត្តទៅនៅនឹងកន្លែងផលិតផ្ទាល់ក្នុងខេត្តសៀមរាបតែម្តង។ ផលិតផលសម្រេច នឹងត្រូវរុំដោយដៃ មុននឹងយកទៅដាក់បញ្ចូលក្នុងប្រអប់ សម្រាប់ចែកចាយទៅកាន់ទីផ្សារ។ ស្ករសូកូឡានេះ ក៏ត្រូវបានផលិតជាពិសេសសម្រាប់អ្នកបរិភោគអាហារបួស និងមិនមានការលាយផ្សំជាមួយជាតិស្អិតនោះឡើយ។

ក្រុមហ៊ុន Wat Chocolate ក៏បានបង្កើតកាកាវខ្មែរដំបូងគេ នៅឯកសិដ្ឋានរបស់ពួកគេផងដែរ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសទី ៦៧ ក្នុងពិភពលោក ដែលអាចផលិតគ្រឿងផ្សំចាំបាច់របស់សូកូឡាបាន។ កាកាវខ្មែរនេះ មានរសជាតិគ្រាប់ធញ្ញជាតិឈ្ងុយឆ្ងាញ់ និងក្លិនកាកាវពិតប្រាកដ ហើយគ្រឿងផ្សំទាំងអស់ ដែលប្រើប្រាស់សម្រាប់ផលិតស្ករសូកូឡានេះ គឺត្រូវបានផ្គត់ផ្គង់ដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជាតែម្តង។

Wat Chocolate មានផ្តល់ជូននូវស្ករសូកូឡាជាច្រើនប្រភេទ ដោយក្នុងនោះរួមមានទាំង ស្ករសូកូឡាបន្ទះខ្មៅទាំង ៩ ប្រភេទ (មានបរិមាណជាតិកាកាវខុសៗគ្នាចាប់ពី ៦៥% ដល់ ៨៥%) និងមានផ្សំជាមួយរសជាតិដូចជា ទឹកដោះគោ គ្រាប់ស្វាយចន្ទី ម្ទេសអាចម៍សត្វ និងម្រេចប្រៃជាដើម។ ហើយក្នុងនោះ ក្រុមហ៊ុនក៏មានផ្តល់ជូននូវសូកូឡាដប ដែលមានឈ្មោះថា “watella” (រសជាតិកាកាវនិងគ្រាប់ធញ្ញជាតិ ឬគ្រាប់អាល់ម៉ុននិងកៅឡាក់) ផលិតឡើងពីម្សៅសូកូឡាសរីរាង្គសុទ្ធ ១០០% ប្រេងបន្លែ ស្ករ និងគ្រាប់ធញ្ញជាតិផ្សេងៗជាច្រើនទៀត។

អតិថិជនដែលមានចំណាប់អារម្មណ៍ អាចស្វែងផលិតផលសូកូឡារបស់ Wat Chocolate បាន នៅឯពិធីតាំងពិព័រណ៍ផលិតផលខេត្តសៀមរាប ដោយក្នុងនោះក្រុមហ៊ុន ក៏មានផ្តល់ជូននូវប្រភេទកាកាវជាកំទេចក្នុងកញ្ចប់ ប័រ ម្សៅ និងតែរសជាតិសូកូឡាផងដែរ។ លោកអ្នក ប្រហែលនឹងអាចភ្ញាក់ផ្អើលជាមួយនឹងរសជាតិនំសូកូឡាបន្ទះសំប៉ែត សូកូឡាដុំមូល សូកូឡាក្បាលសំប៉ែត និងសូកូឡារសជាតិក្រូច ដ៏ឆ្ងាញ់ជាប់មាត់ទៀតផង។

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ពិធីតាំងពិព័រណ៍ផលិតផលខេត្តសៀមរាប​នៅ​ភ្នំពេញ អាច​ចូល​ទៅ​កាន់​ទំព័រ Facebook ឈ្មោះ "​Made in Siem Reap Fair”៕​

មតិយោបល់