• 2021-05-04 07:32:35
  • ព័ត៌មាន

កូកា-កូឡា ផ្តល់អំណោយ​១ម៉ឺន កញ្ចប់ដល់ ស.ស.យ.ក ដើម្បីចែក​ដល់កម្មករ​រោងចក្រនៅតំបន់បិទខ្ទប់​

  • 2021-05-04 07:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃទី៤ ឧសភា ឆ្នាំ២០២១​ នេះក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានផ្តល់ជំនួយ ១០,០០០កញ្ចប់ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) សម្រាប់ចែកជូនដល់កម្មករកម្មរិនីរោងចក្រដែលរស់នៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញដែលត្រូវបានបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

ពិធីប្រគល់ទទួលធ្វើនៅសាលាខណ្ឌឬស្សីកែវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ដេវីដ វីងហ្គល់វើត នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និងលោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ។ កញ្ចប់ស្បៀងនឹងត្រូវដឹកជញ្ជូនទៅតំបន់ក្រហមក្នុងខណ្ឌមានជ័យ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឬស្សីកែវ និងខណ្ឌសែនសុខ ដែលកម្មករកម្មការិនីត្រូវបានបង្គាប់មិនឱ្យចេញក្រៅ ហើយអាជីវកម្មទាំងអស់រួមទាំងហាងលក់អាហារត្រូវបានផ្អាកមិនឱ្យដំណើរការ។

កញ្ចប់ស្បៀងជំនួយរួមមាន៖

កូកា-កូឡាកាហ្វេ ១០.០០០ កេស អង្ករ ១៥០ តោន ត្រីខកំប៉ុង ១០.០០០ យួរ ទឹកត្រីទឹកស៊ីអ៊ីវ ៣.៣៤៦ ដប ម៉ាស ១០.០០០ ប្រអប់ សាប៊ូ ១០.០០០ ដុំ។ កញ្ចប់នីមួយៗរួមមាន កូកា-កូឡាកាហ្វេ ១កេស អង្ករ ១៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ១ដបម៉ាស ១ប្រអប់ និងសាប៊ូ ១ដុំ។

ស្បៀង ១០,០០០ កញ្ចប់នេះត្រូវបានបានរំពឹងទុកថា នឹងអាចជួយដោះស្រាយការលំបាករបស់កម្មករកម្មការិនីដែលកំពុងជាប់គាំងនៅក្នុងតំបន់បិទខ្ទប់ក្នុងខណ្ឌទាំង ៥ ក្នុងរាជធានីភ្នំពេញ។

នៅក្នុងពិធីប្រគល់ទទួល លោក ដេវីដ វីងហ្គល់វើត នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានមានប្រសាសន៍ថា «សហគមន៍យើងឥឡូវនេះកំពុងជួបការលំបាកខ្លាំងជាងពេលណាៗទាំងអស់ដោយសារចំនួននៃការឆ្លងជំងឺកូវីដ-១៩បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលដ៏ខ្លី បង្ខំឱ្យមានការបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរីកដាលនៃជំងឺដ៏កាចសាហាវនេះ។ ផលប៉ះពាល់នៃការបិទខ្ទប់មានភាពខុសគ្នាអាស្រ័យតាមកម្រិតជីវភាពរបស់ប្រជាជន។ ក្នុងនោះកម្មករស្ថិតនៅក្នុងក្រុមងាយរងគ្រោះបំផុតដែលនេះជាមូលហេតុនាំឱ្យយើងសម្រេចចិត្តចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការលំបាករបស់ពួកគាត់ ដោយសហការជាមួយ សសយក GMAC និងអាជ្ញាធរមូលដ្ឋាន។

លោកបានបន្ថែមថា «នេះគឺជាសហគមន៍របស់យើង ជាសហគមន៍ដែលបានគាំទ្រអាជីវកម្មយើងអស់រយៈពេល ៣០ ឆ្នាំកន្លងមកនេះ ហើយដែលពេលនេះសហគមន៍នេះកំពុងជួបការលំបាក និងត្រូវការជំនួយបំផុត ដូច្នេះហើយវាជារឿងត្រឹមត្រូវណាស់ដែលយើងត្រូវចូលរួមជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីធានាថា សហគមន៍នេះអាចទ្រាំទ្ររួចក្នុងកំឡុងពេលបិទខ្ទប់។​ យើងសង្ឃឹមថាការចូលរួមចំណែករបស់យើងនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារសុខុមាលភាព និងការរស់នៅរបស់ប្រជាជនឱ្យឆាប់ត្រឡប់ទៅរកជីវភាពរស់នៅធម្មតាវិញតាមគន្លងថ្មី។»

អំពីក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)

ជាក្រុមហ៊ុនភេសជ្ជៈ​គ្មានជាតិ​ស្រវឹង​ ឈាន​មុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន​ភេសជ្ជៈកម្ពុជា កូកា-កូឡា (CBC) ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់សម្ព័ន្ធ​ក្រុមហ៊ុន Bottling Investments Group (BIG) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់​ក្រុមហ៊ុន​កូកា-កូឡា។

CBC មាន​មោទនភាពក្នុង​នាមជា​អ្នកផលិត ផ្គត់ផ្គង់ និង​អ្នកចែកចាយទទួលបានសិទ្ធិ​​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន កូកា-កូឡា ​និងសម្រាប់​ផលិតផលក្រុមហ៊ុន Monster Energy Company ក្នុង​ប្រទេស​កម្ពុជា។ CBC គឺជារោង​ចក្រ​ថ្មីបំផុត​របស់ក្រុមហ៊ុន​កូកា-កូឡា នៅក្នុង​តំបន់អាស៊ី។ រោង​ចក្រ​នេះ​ស្ថិត​នៅ​ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ គ្រប​ដណ្ដប់​លើ​ផ្ទៃដី ១២,៥ ហិកតា ហើយ​មានទំហំធំជាង​ទីតាំង​ចាស់​រហូត​ដល់ទៅ ១០​ ដង។

រោង​ចក្រ​ថ្មីនេះ​បានជួយ​បង្កើន​សមត្ថភាព​ផលិតរបស់យើង​បាន​ច្រើន ដើម្បី​បំពេញ​តម្រូវការ​របស់អតិថិជន និង​អ្នក​ប្រើ​ប្រាស់​ក្នុង​ស្រុក​របស់យើង នាពេល​បច្ចុប្បន្ន​ និងនាពេលអនាគត​ ។ សម្រាប់ព័ត៌មាន​បន្ថែម​ សូមទាក់ទង៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ ប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ​របស់ក្រុមហ៊ុន តាមរយៈ smunyvorleak@coca-cola-com.kh

មតិយោបល់