• 2021-05-25 08:36:59
  • ព័ត៌មាន

ការបន្តឧបត្ថម្ភរបស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា ឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះ វិស័យសុខាភិបាលកម្ពុជា

  • 2021-05-25 08:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យ (PPE) ដែលមានគុណភាពខ្ពស់ចំនួន ១៨ ០០០ (មួយម៉ឺនប្រាំបីពាន់) ឈុត ជូនដល់ក្រសួងសុខាភិបាល ដើម្បីរួមចំណែកផ្តល់ការការពារជូនដល់ក្រុមគ្រូពេទ្យជួរមុខរបស់យើងក្នុងការជួយប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឱ្យបានជោគជ័យ។

ពិធីប្រគល់-ទទួលនេះបានប្រព្រឹត្តទៅនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោក Sanjay Chakrabarty អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា ។

លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ក្នុងពិធីនេះថា៖ «យើងសូមអរគុណសម្រាប់ការជួយគាំទ្រ របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។ នេះវាជាពេលវេលាដ៏ត្រឹមត្រូវបំផុត សម្រាប់ការឧបត្ថម្ភនេះ ខណៈពេលដែលយើងកំពុងរៀបចំចែកចាយនូវសម្ភារៈបរិក្ខារពេទ្យ ជូនដល់ក្រុមគ្រូពេទ្យជួរមុខរបស់យើងនៅតាមបណ្ដាខេត្ត ដើម្បីកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩នេះ។»។

លោក Sanjay Chakrabarty ក៏បានមានប្រសាសន៍ថា៖ «បេសកកម្មរបស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា គឺជួយឱ្យមនុស្សគ្រប់រូបទទួលបាននូវជីវិតមួយដ៏ល្អប្រសើរ តាមរយៈការការពារសុខភាពរបស់ពួកគេ។ ស្របជាមួយនឹងបេសកកម្មនេះ យើងកំពុងជួយការពារក្រុមគ្រូពេទ្យជួរមុខ ដោយផ្តល់ជូនសម្ភារៈបរិក្ខារពេទ្យដែលមានគុណ ភាពខ្ពស់ ដែលទាំងនេះជាគំនិតផ្ដួចផ្ដើមមួយក្នុងចំណោមគំនិតផ្ដួចផ្ដើមដ៏ទៃទៀត ដែលយើងបានផ្ដួចផ្ដើមឡើងក្នុងឆ្នាំនេះ ដើម្បីផ្ដល់ការគាំទ្រដល់សហគមន៍ដៃគូរបស់យើង។ ជាឧទាហរណ៍លើគំនិតផ្ដួចផ្ដើមដ៏ទៃទៀតដែលយើងបានអនុវត្ត រួមមានការចូលរួមនៅក្នុងក្រុមសម្ព័ន្ធធានារ៉ាប់រង សម្រាប់ផ្តល់ការធានារ៉ាប់រងសុខភាពលើជម្ងឺកូវីដ១៩ ដើម្បីជួយផ្ដល់ការការពារផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងន័យដោះស្រាយលើការចំណាយផ្នែកវេជ្ជសាស្រ្តដែលកើតឡើងដោយមិនបានព្រាងទុក ហើយយើងក៏បានការដាក់ចេញនូវដំណោះស្រាយជួយដល់អតិថិជនរបស់យើងពេលជួបបញ្ហាហិរញ្ញវត្ថុក្នុងអំឡុងពេលដែលមានការរាតត្បាតនៃជំងឺកូវីដ-១៩ មិនតែ ប៉ុណ្ណោះយើងក៏បានពង្រឹង និងពង្រីកវិសាលភាពនៃការការពាររបស់យើងជូនដល់អតិថិជន និងបុគ្គលិករបស់យើងផងដែរ។ យើងពិតជាកោតសរសើរចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជាមកទល់ពេលនេះ ហើយយើងនឹងបន្តគាំទ្រយុទ្ធនាការរបស់រាជរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិលក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងជំងឺនេះ។»

ការឧបត្ថម្ភនេះ គឺជាផ្នែកមួយនៃមូលនិធិប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩ របស់មូលនិធិព្រូដិនស៍ (Prudence Foundation) ដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគមន៍របស់ព្រូដិនសល និងកិច្ចខិតខំប្រឹងប្រែងដោយស្ម័គ្រចិត្តរបស់ប្រជាជនរបស់យើងនៅតំបន់អាស៊ី អាមេរិក និងអាហ្វ្រិក។ មូលនិធិនេះផងដែរ ក៏ត្រូវបានផ្តល់ឱ្យប្រទេសទូទាំងពិភពលោក ដែលមានសាខាក្រុមហ៊ុនព្រូដិនសលតាំងនៅ តាមរយៈជំនួយសប្បុរសធម៌ ក៏ដូចជាកម្មវិធីសហគមន៍ ខណៈដែលមានការទទួលរងផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច ក្នុងស្ថានភាពដ៏ លំបាកនៃការរីករាលដាលនៃជម្ងឺកូវីដ១៩នេះ។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏នឹងផ្ដល់ជំនួយមូលនិធិដល់ដៃគូមិនស្វែងរកប្រាក់ចំណេញនៃមូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុន ព្រូដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក ដើម្បីគាំទ្រដល់ការងាររបស់ពួកគេ ក្នុងការសម្រាលផលប៉ះពាល់ពីសំណាក់ជំងឺរាតត្បាតនេះមកលើសហគមន៍នានាក្នុងព្រះរាជាណាចក្រកម្ពុជា។

ចាប់តាំងពីក្រុមហ៊ុន ព្រូដិនសល បានប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៣ មូលនិធិព្រូដិនស៍ បានផ្ដួចផ្ដើមកម្មវិធីជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងជួយពង្រឹងវិស័យអប់រំ សុខភាព និងសុវត្ថិភាព។ ក្នុងនោះរួមមានកម្មវិធី ឆា ឈីង (Cha Ching Money Smart Kids) កម្មវិធី SAFE STEPS ដែលជាកម្មវិធីផ្ដល់ព័ត៌មានសំខាន់ៗដល់សាធារណជនអំពីសុវត្ថិភាពចរាចរណ៍ និងការត្រៀមបង្ការគ្រោះមហន្តរាយធម្មជាតិ កម្មវិធី អំណានដំបូង ដែលជាកម្មវិធីអប់រំកុមារតូចៗ ដោយសហការជាមួយអង្គការ Save the Children និងមានកម្មវិធីជាច្រើនផ្សេងទៀតទាក់ទងជាមួយវិស័យសុខភាព ការអប់រំ និងសុខុមាលភាពផ្នែកហិរញ្ញវត្ថុ។ គំនិតផ្ដួចផ្ដើមទាំងអស់នេះត្រូវបានគាំទ្រដោយបុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលស័្មគ្រចិត្តចំណាយពេលវេលា និងការខិតខំរបស់ពួកគេ ដើម្បីធានាឲ្យបានថា ពួកគេបានចូលរួមចំណែកជួយសហគមន៍ និងប្រកបដោយប្រសិទ្ធភាពបំផុត។

អំពីក្រុមហ៊ុនព្រូដិនសលកម្ពុជា

ក្រុមហ៊ុន ព្រូដិនសល (ខេមបូឌា) ឡាយហ្វ៍ អឹសួរ៉ិនស៍ ម.ក (ហៅកាត់ថា ព្រូដិនសលកម្ពុជា) បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅ ខែមករា ឆ្នាំ ២០១៣។ តាមរយៈការផ្តល់ជូននូវដំណោះស្រាយ នៃសេវាធានារ៉ាប់រងអាយុជីវិតដែល ស្របតាមតម្រូវការអតិថិជន ក៏ដូចជាការធ្វើសិក្ខាសាលានានា ស្តីពីសេវាធានារ៉ាប់រងអាយុជីវិតទៅកាន់សាធារណៈជន ព្រូដិនសលកម្ពុជា បាននិងកំពុងជួយប្រជាជនកម្ពុជា ក្នុងការការពារ និងគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ថ្ងៃអនាគតរបស់ពួកគាត់។ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងស្រុងនៃ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential Plc) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវឱកាសក្នុងការការការពារ និងសន្សំជូនអតិថិជនរបស់ខ្លួន។

ក្រុមហ៊ុន ព្រូដិនសល គឺជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងអាយុជីវិតឈានមុខគេ ដែលមានវត្តមាននៅក្នុងទីផ្សារចំនួន ១៣គឺ កម្ពុជា ចិន ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី តៃវ៉ាន់ ថៃ និងវៀតណាម ។ ក្រុមហ៊ុន ព្រូដិនសល មានយន្តការចែកចាយដ៏ ជោគជ័យ និងច្រើនរូបភាពក្នុងការផ្តល់ជូននូវការការការពារ ការសន្សំ និងការវិនយោគ ដើម្បីបំពេញតម្រូវការផ្សេងៗគ្នារបស់ក្រុមគ្រួសារនៅអាស៊ី។

*ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី (Prudential plc) គឺជាក្រុមហ៊ុនមានទំហំអាជីវកម្មឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលផ្តោតទៅលើទីផ្សារដែលរីកចម្រើនជាលំដាប់។ អាជីវកម្មនេះបានចូលរួមចំណែកជួយជីវិតមនុស្សគ្រប់គ្នាឱ្យមានភាពប្រសើរឡើង តាមរយៈសេវាធានារ៉ាប់រងអាយុជីវិត និងសេវាធានារ៉ាប់រងសុខភាព និងការចូលនិវត្ត ក៏ដូចជាផ្តល់ដំណោះស្រាយទៅលើការគ្រប់គ្រងទ្រព្យសកម្ម។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មានអតិថិជន ២០ លាននាក់ ហើយក៏បានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅទីក្រុងឡុងដ៍ ទីក្រុងហុងកុង ទីក្រុងញូវយ៉ក និងប្រទេសសិង្ហបុរីផងដែរ។ ក្រុមហ៊ុន ព្រូដិនសល ភីអិលស៊ី មិនមានការជាប់ទាក់ទងជាមួយ ក្រុមហ៊ុន ព្រូដិនសល ហ្វាយនែនសលអុីន (Prudential Financial, Inc) ដែលមានទីតាំងអាជីកម្មនៅសហរដ្ឋអាមេរិក និង ក្រុមហ៊ុនព្រូដិនសល អឹសួរ៉ិន (Prudential Assurance Company) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន អឹម&ជ្ជី ភីអិលស៊ី (M&G plc) ដែលជាក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្មនៅចក្រភពអង់គ្លេសឡើយ។

អំពីមូលនិធិព្រូដិនស៍

មូលនិធិព្រូដិនស៍ គឺជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ ក្រុមហ៊ុនព្រូដិនសល នៅអាស៊ី និងអាហ្រ្វិក។ បេសកកម្មរបស់មូលនិធិ គឺធានានូវអនាគតរបស់សហគមន៍ តាមរយៈការលើកកម្ពស់ការអប់រំ សុខភាព និងសុវត្ថិភាព។ មូលនិធិនេះអនុវត្តកម្មវិធីថ្នាក់តំបន់ ក៏ដូចជាកម្មវិធីប្រចាំទីផ្សាររបស់ក្រុមហ៊ុនព្រូដិនសលមួយចំនួនទៀត ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាល រដ្ឋាភិបាល និងវិស័យឯកជន ដើម្បីបង្កើនឥទ្ធិពលជាវិជ្ជមានពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ មូលនិធិព្រូដិនស៍ ប្រើប្រាស់ទស្សនៈវិស័យវែងឆ្ងាយ និងភូមិសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនព្រូដិនសល ដើម្បីធ្វើឱ្យសហគមន៍ទាំងនោះ កាន់តែមានសុខសុវត្ថិភាព និងភាពធន់មាំជាងមុន ៕

មូលនិធិនេះគឺជាអង្គការសប្បុរសធម៌ ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.prudencefoundation.com

មតិយោបល់
អត្ថបទថ្មី