• 2021-06-08 01:29:36
  • ព័ត៌មាន

មូលហេតុ ដែលគេហៅឈ្មោះខ្លោងទ្វារមួយនៅខាងកើតក្រុងអង្គរធំ ជាខ្លោងទ្វារខ្មោច

  • 2021-06-08 01:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្លោងទ្វារខ្មោច គឺជាខ្លោងទ្វារមួយ ក្នុងចំណោមខ្លោងទ្វារពីរនៅទិសខាងកើតរបស់ក្រុងអង្គរធំ ​ដែលត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ដោយព្រះបាទជ័យវរ្ម័នទី៧ ដែលរាជធានីនេះគ្របដណ្តប់លើផ្ទៃដីដែលមានទំហំ ៩ គម² មានបូជនីយដ្ឋាន ប្រាសាទបុរាណជាច្រើនបន្សល់ទុកដល់សព្វថ្ងៃ។

នៅពេលអ្នកចូលតាមច្រកខ្លោងទ្វារទន្លេអុំ នៃទិសខាងត្បូង មកត្រង់ដល់ប្រាសាទបាយ័នបត់ស្ដាំ ទៅដល់ខាងកើតប្រាសាទបាយ័នចំទិសខាងកើត អ្នកនឹងឃើញផ្លូវដ៏រដាក់រដុបមួយមានសភាពស្ងាត់បន្ដិច អ្នកធ្វើដំណើរតាមផ្លូវនោះប្រហែលមួយស្របក់ អ្នកនឹងមកដល់ខ្លោងទ្វារខ្មោចមិនខាន ។

ថ្វីបើទ្វារនោះមានឈ្មោះថាក្លោងទ្វារខ្មោចក៏ពិតមែនតែធាតុពិតទីនោះមិនមានផ្នូរខ្មោច ឬចេតិយអ្វីនោះទេ។ ខ្លោងទ្វារខ្មោច ឬខ្លោងទ្វារនៃសេចក្ដីស្លាប់ គឺជាច្រកទ្វារមួយដែលស្ថិតនៅទិសខាងកើតនៃប្រាសាទអង្គរធំ ត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី១២។

ឈ្មោះនេះប្រហែលជាអាចធ្វើឱ្យអ្នកខ្លាចរអារ មិនចង់ទៅទស្សនា ប៉ុន្តែភាពស្រស់ស្អាតនៃខ្លោងទ្វារនេះមិនចាញ់ខ្លោងទ្វារផ្សេងឡើយ ការដាក់ឈ្មោះដូច្នេះក៏ព្រោះតែទ្វារព្រះនគរមួយនេះ គឺជាច្រកសម្រាប់ពិធីដង្ហែរសពរបស់អ្នករស់នៅខាងក្នុងទៅបូជា ឬចោលទៅក្នុងទឹកស្ទឹង នាសម័យនោះ។

អមសងខាងច្រកចូលខ្លោងទ្វារទាំងក្នុងនិងក្រៅ មានចម្លាក់ដំរីក្បាលបីដែលមានទេវរូបគង់ពីលើ ហើយប្រមោយមានផ្កាឈូកជាច្រើន ហាក់បីដូចដង្ហែត្រៀមថ្វាយពិធីអ្វីមួយអ៊ីចឹង។ កំពូលខ្លោងទ្វារនេះជាព្រះភក្រ្តរបស់ព្រះពោធិសត្វលោកេស្វរៈ ដែលមានបួន សម្លឹងទៅទិសទាំងបួន (ទិសខាងលិច កើត ជើង និងទិសខាងត្បូង) ។

ខាងកើតជាប់នឹងខ្លោងទ្វារនេះ មានប៉មពីរអមសងខាងច្រកចូលក្នុងរាជធានីអង្គរធំ ប្រហែលជា ទីកន្លែងសម្រាប់ពលសេនាយាមនាសម័យនោះហើយមើលទៅ។ ខាងកើតខ្លោងទ្វារនេះប្រហែល ៥០ម៉ែត្រ មានស្ទឹងមួយដែលរដូវប្រាំងមានទឹកហូររឹមៗ ត្រជាក់គួរជាទីពេញចិត្ត..។ល។

ត្បិតនិយាយពីឈ្មោះនៃខ្លោងទ្វារគួរឲ្យព្រឺរោមតែបើសិនអ្នកបានទៅទស្សនាផ្ទាល់អ្នកនឹងលង់នឹងសម្រស់នៃធម្មជាតិនៅទីនោះព្រោះមានវាមានដើមឈើជាច្រើនដុះអមផ្លូវ និងមានអាកាសធាតុដ៏ត្រជាក់​៕

ប្រភពរូបភាព៖យស់ មករា

អត្ថបទដកស្រង់ដោយ ៖ Su In

មតិយោបល់