• 2021-06-16 08:15:13
  • ព័ត៌មាន

USAID ធនាគារវីង និង Boost Capital សម្ពោធជាផ្លូវការនូវយន្តការកម្ចីខ្នាតតូច និងអបអរសាទរភាពជាដៃគូក្នុងវិស័យឯកជន

  • 2021-06-16 08:15:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគ្រិនស្ត្រីវ័យក្មេងនៅកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មហិរញ្ញវត្ថុពិសេសដែលជាលទ្ធផលនៃការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងគម្រោងសហគ្រិននារីសកម្ម (WE Act)ដែលគាំទ្រថវិកាដោយទីភ្នាក់ងារជំនួយអាមេរិក USAID និងអនុវត្តដោយអង្គការផេក (Pact) ធនាគារ វីង(ខេមបូឌា) ម.ក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Boost Capital។

អនុស្សារណៈនៃការយោគយល់គ្នានេះផ្តល់នូវសេវាកម្មនិងផលិតផលហិរញ្ញវត្ថុដែលមានតំលៃសមរម្យដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រិនស្ត្រីដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុគ្រប់គ្រាន់នៅកម្ពុជា ជាពិសេសសហគ្រិនស្ត្រីវ័យក្មេងដែលមានអាជីវកម្មខ្នាតមីក្រូ និងខ្នាតតូចដែលច្រើនតែមិនត្រូវនឹងល័ក្ខខ័ណ្ឌរបស់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់សេវាហិរញ្ញវត្ថុផ្លូវការហើយបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី Sabine Joukes នាយិកាអង្គការផេកប្រចាំកម្ពុជានិងជានាយិកាគម្រោង WE Act លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារវីង និងលោកស្រី LucindaRevell សហស្ថាបនិក Boost Capital បានចូលរួមក្នុងពិធីចុះហត្ថលេខានេះ។ លោក Patrick Murphy មានប្រសាសន៍ថា៖ «សហគ្រិនស្ត្រីកម្ពុជាគឺជាតួអង្គសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា។

ការធានាឱ្យពួកគេមានធនធានដែលពួកគេត្រូវការដើម្បីទទួលបានជោគជ័យនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចដែលត្រូវការដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត»។ លោកស្រី Sabine Joukes មានប្រសាសន៍ថា៖«យើងមានមោទនភាពដែលស្ថាប័នដៃគូវិស័យឯកជន២ផ្សេងគ្នាបង្កើតឱ្យមានផលិតផលហិរញ្ញវត្ថុជាពិសេសដើម្បីដោះស្រាយបញ្ហាសំខាន់២ក្នុងការទទួលបានហិរញ្ញប្បទានដែលរួមមានការតម្រូវឱ្យមានការចុះបញ្ជីអាជីវកម្មនិងមានទ្រព្យបញ្ចាំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។បញ្ហាទាំង២នេះធ្វើឱ្យសហគ្រិនស្ត្រីជាច្រើនមិនមានលទ្ធភាពទទួលបានហិរញ្ញប្បទានដែលមានតម្លៃសមរម្យ។ យើងសូមថ្លែងអំណរគុណដល់ Boost Capitalនិងធនាគារវីងដែលមានឆន្ទៈក្នុងការធ្វើជាដៃគូជាមួយយើងដើម្បីផលប្រយោជន៍របស់សហគ្រិនស្ត្រី»។

ការចាប់ផ្តើមភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឌីជីថលទាំង២ (វីង និង Boost) គឺដើម្បីរៀបចំផលិតផល និងសេវាកម្មហិរញ្ញវត្ថុតាមគោលដៅ ហើយគម្រោង WE Actនឹងពង្រីកឱកាសសម្រាប់សហគ្រិនស្ត្រីវ័យក្មេងក្នុងការទទួលបានធនធានហិរញ្ញវត្ថុដែលមានតំលៃសមរម្យ។គំនិតផ្តួចផ្តើមនេះនឹងផ្តល់ល័ក្ខខ័ណ្ឌអនុគ្រោះលើប្រាក់កម្ចីខ្នាតតូចដល់សហគ្រិនស្ត្រីវ័យក្មេងជាង៥០០នាក់និងផ្តល់ឱ្យពួកគេនូវចំណេះដឹងហិរញ្ញវត្ថុ ដើម្បីឱ្យពួកគេអាចគ្រប់គ្រងអាជីវកម្មបាន។លោក ហោ ប៊ុនថែ បានមានប្រសាសន៍ថា៖ «តាមរយៈភាពជាដៃគូនេះយើងនឹងអាចផ្តល់ការគាំទ្រហិរញ្ញវត្ថុដល់សហគ្រិនស្ត្រីដែលមិនត្រូវបានយកចិត្តទុកដាក់នៅទូទាំងប្រទេសកម្ពុជាដើម្បីឲ្យពួកគេផ្តោតលើការរីកចម្រើននិងកែលំអអាជីវកម្មរបស់ពួកគេ ទោះបីជាបច្ចុប្បន្នមានជំងឺរាតត្បាតកូវីដ១៩ក៏ដោយ។

ធនាគារវីងប្តេជ្ញាចិត្តចំពោះចក្ខុវិស័យរបស់យើងក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវភាពងាយស្រួលក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។» Boostនិងធនាគារវីងនឹងផ្តល់នូវផលិតផលប្រាក់កម្ចីដែលមានលក្ខណៈប្លែកពីគេសម្រាប់សហគ្រិនស្ត្រីវ័យក្មេងដែលមានអាជីវកម្មមិនបានចុះបញ្ជី និងមិនមានទ្រព្យបញ្ចាំទោះបីក្រុមហ៊ុនទាំងពីរនេះនៅតែផ្តល់នូវអត្រាការប្រាក់ដែលមានការប្រកួតប្រជែងខ្ពស់ក៏ដោយ។

Boost នឹងផ្តល់នូវដំណើរការទទួលបានសេវា និងផលិតផលហិរញ្ញវត្ថុនិងដំណើរការកម្ចីតាមឌីជីថលដែលមានភាពងាយស្រួល និងរហ័ស ដែលផ្តល់នូវប្រសិទ្ធភាពនិងកាត់បន្ថយការចំណាយសម្រាប់អ្នកស្នើសុំកម្ចី។ បច្ចេកវិទ្យារបស់ Boost Capitalដែលបំពាក់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មីយ៉ា ហ្វាយនែនសល ភីអិលស៊ី (MIA Financial PLC)អនុញ្ញាតឱ្យសហគ្រិនស្ត្រីដាក់ពាក្យស្នើសុំប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ គ្រប់ពេលវេលានិងគ្រប់ទីកន្លែងពីកម្មវិធីទូរស័ព្ទវៃឆ្លាត (Smartphone) ដោយចំណេញទាំងពេលវេលា និងថវិកានិងអនុញ្ញាតសហគ្រិនស្ត្រីផ្តោតលើការពង្រីកអាជីវកម្មដោយមិនចាំបាច់មកកាន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះផ្ទាល់នោះទេ។

ធនាគារវីងនឹងប្រតិបត្តិការគំរូកូនកាត់ដោយផ្តល់ប្រាក់កម្ចីតាមរយៈបណ្តាញភ្នាក់ងារដ៏ធំរបស់ខ្លួនដែលមានជិត១ម៉ឺនកន្លែងនៅទូទាំងប្រទេស ហើយអាចទូទាត់ប្រាក់កម្ចីតាមរយៈប្រព័ន្ធឌីជីថរបស់ខ្លួនដែលផ្តល់នូវភាពងាយស្រួលនិងលទ្ធភាពកាន់តែប្រសើរសម្រាប់អតិថិជន។ លោកស្រី Lucinda Revell មានប្រសាសន៍ថា៖«សហគ្រិនស្ត្រីដែលសកម្មចង់ទទួលបានហិរញ្ញប្បទានដើម្បីពង្រីកអាជីវកម្ម។

ការដាក់ពាក្យស្នើសុំប្រាក់កម្ចីពីគ្រប់ទីកន្លែងនិងគ្រប់ពេលវេលាជាមួយបច្ចេកវិទ្យារបស់យើងធ្វើឱ្យមានភាពងាយស្រួលសម្រាប់ពួកគេក្នុងការទទួលបានប្រាក់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលពួកគេអាចទុកចិត្តបានដើម្បីគាំទ្រតម្រូវការអាជីវកម្មរបស់ពួកគេ។តាមរយៈដៃគូគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់យើង យើងបានផ្តល់ប្រាក់កម្ចីជាង១លានដុល្លាររួចហើយហើយយើងរីករាយក្នុងការបន្តគាំទ្រដល់អាជីវកម្មដែលគ្រប់គ្រងដោយស្ត្រី» ៕

អត្ថបទ៖ Kev Pumsen

មតិយោបល់