• 2021-07-12 01:57:58
  • ព័ត៌មាន

ច្រើនសន្លឹក កន្លែងផលិតក្ដារមឈូស រឹបអូសបានពីការជួញដូរព្រៃឈើ ត្រៀមដាក់សពស្លាប់ដោយសារកូវីដ

  • 2021-07-12 01:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«មិនមែនបន្លាច មិនមែនប្រមាថ ហើយក៏មិនមែនជាក្តីសុបិន្តដែរ តែវាជាការពិត» នេះជាឃ្លាដាស់សតិអារម្មណ៍ដែលបង្ហោះនៅក្នុងគណនីហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា ដល់បងប្អូនពលរដ្ឋទាំងអស់កុំបីធ្វេសប្រហែសជាមួយជំងឺកូវីដ១៩ ដែលជាជំងឺដ៏កាចសាហាវកំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា ជាមួយរូបភាព ក្តារមឈូសកំពុងត្រូវបានផលិតជាបន្តបន្ទាប់ក្នុងចំនួនដ៏ច្រើន ដើម្បីដាក់សាកសពដែលស្លាប់ដោយសារជំងឺកូវីដ១៩។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញរូបភាពប៉ុន្មានសន្លឹក ក្នុងពេលដែលលោកចុះពិនិត្យការផលិតក្តារមឈូសដោយក្រុមមន្ត្រីមន្ទីរបរិស្ថានខេត្តកំពតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ និងរូបភាពក្តារមឈូសដែលបានផលិតនៅតាមបណ្តាមន្ទីរបរិស្ថានខេត្តផ្សេងទៀតដែលមានឈើចាប់បានពីបទល្មើសធនធានធម្មជាតិ និងបានការអនុញ្ញាតឱ្យប្រើប្រាស់។

នៅក្នុងការចុះពិនិត្យនេះ ឯកឧត្តម បានបញ្ជាក់ដែរថា ក្រសួងបរិស្ថាន បានយកឈើដែលរឹបអូសបានពីការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដើម្បីផលិតក្តារមឈូសផ្តល់ជូនអាជ្ញាធរពាក់ព័ន្ធប្រើប្រាស់សម្រាប់តម្កល់សពអ្នកជំងឺកូវីដ១៩ ដែលបានស្លាប់បាត់បង់ជីវិត។ ការផលិតក្តារមឈូសសម្រាប់ដាក់អ្នកជំងឺកូវីដ១៩ គឺអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «ទោះបីជាប្រទេសយើងក្រ តែមិនត្រូវឱ្យពលរដ្ឋខ្មែរយើងស្លាប់ដោយអណោចអធមឡើយ» ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់