• 2021-07-23 10:12:13
  • ព័ត៌មាន

ក្រសួងសុខាភិបាល កក់សណ្ឋាគារ ២កន្លែងនៅភ្នំពេញសម្រាប់អ្នកដំណើរមកពីក្រៅប្រទេសធ្វើចត្តាឡីស័ក

  • 2021-07-23 10:12:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ សម្រេចដាក់ឱ្យអ្នកដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អនុវត្តសេវាកក់សណ្ឋាគារចំនួន ២ រួមមាន សណ្ឋាគារសុខាភ្នំពេញនិង រ៉េស៊ីដង់ (Sokha Phnom Penh Hotel & Residence) និងសណ្ឋាគារខថយ៉ាដម៉ារីយ៉ុតភ្នំពេញ (Courtyard by Marriot Phnom Penh)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងសុខាភិបាល នាថ្ងៃទី ២២ កក្កដា ឆ្នាំ២០២១។

សម្រាប់អ្នកដំណើរដែលចង់ប្រើប្រាស់សេវានេះ ត្រូវអនុវត្តគោលការណ៍ដូចខាងក្រោម ៖

១. អ្នកដំណើរត្រូវជ្រើសរើសសណ្ឋាគារ និងធ្វើការកក់ដោយផ្ទាល់តាមរយៈគេហទំព័ររបស់សណ្ឋាគារ www.sokhahotels.com.kh/phnompenh/ ឬ www.courtyardphnompenh.com ហើយត្រូវកក់បន្ទប់ស្នាក់នៅឱ្យបានមុន ០២(ពីរ)ថ្ងៃ នៃការចេញដំណើរ

២. ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អ្នកដំណើរដែលបានកក់បន្ទប់ស្នាក់នៅសណ្ឋាគារ សុខាភ្នំពេញនិងរ៉េស៊ីដង់ ឬ សណ្ឋាគារខថយ៉ាដម៉ារីយ៉ុតភ្នំពេញ ត្រូវអនុវត្តដូចខាងក្រោម ៖

  • បង្ហាញឯកសារចាំបាច់សម្រាប់ធ្វើដំណើរដូចករណីអ្នកដំណើរធម្មតា ឯកសារទាំងនោះ មានដូចជាទិដ្ឋាការដែលមានសុពលភាព និងចេញដោយស្ថានទូតកម្ពុជា ឬពីស្ថានកុងស៊ុល កម្ពុជានៃប្រទេសសាមី វិញ្ញាបនបត្របញ្ជាក់សុខភាពចេញដោយអាជ្ញាធរសុខាភិបាលដែល ទទួលស្គាល់ដោយរដ្ឋាភិបាលប្រទេសសាមី បញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល៧២ ម៉ោង មុនពេលចេញដំណើរ និងលិខិតបញ្ជាក់លើការទិញសេវាធានារ៉ាប់រងសុខភាព ដែល តម្រូវឱ្យអ្នកធ្វើដំណើរបរទេសទិញសេវាធានារ៉ាប់រងសុខភាព (Health Insurance) សម្រាប់ ព្យាបាលជំងឺកូវីដ-១៩

  • បង្ហាញឯកសារថតចម្លងបញ្ជាក់ថាបានកក់បន្ទប់ស្នាក់នៅសម្រាប់ការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ជូនដល់មន្ត្រីមានសមត្ថកិច្ច ក្នុងករណីអាជ្ញាធរមានសមត្ថកិច្ចរកឃើញថាអ្នកដំណើរនោះមានហានិភ័យខ្ពស់ អ្នកដំណើរត្រូវ តែសហការតាមការរៀបចំទីតាំងធ្វើចត្តាឡីស័ករបស់អាជ្ញាធរមានសមត្ថកិច្ច។ ដោយឡែកចំពោះ សេវាកក់សណ្ឋាគារដែលមិនអាចប្រើប្រាស់បាន នោះប្រាក់កក់ សណ្ឋាគារនឹងធ្វើការបង្វិលជូនភ្ញៀវវិញ។

ក្នុងករណីនេះ អ្នកដំណើរត្រូវតម្កល់ប្រាក់ចំនួន ២០០០ ដុល្លារអាមេរិក ដូចអ្នកដំណើរ ធម្មតា។

សណ្ឋាគារដែលទទួលការកក់ ត្រូវរៀបចំមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ ពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ទៅកាន់ទីតាំងរបស់ខ្លួន ដោយត្រូវគោរពតាមវិធានសុខាភិបាលដែលនៅជាធរមាន។ អ្នកប្រើប្រាស់សេវាកម្មនេះ ត្រូវអនុវត្ដឱ្យត្រឹមត្រូវតាមវិធានសុខាភិបាលដែលនៅជាធរមានក្នុង កំឡុងពេលធ្វើចត្តាឡីស័ក។ ក្រោយពេលអ្នកដំណើរបញ្ចប់ចត្តាឡីស័ក សណ្ឋាគារសុខាភ្នំពេញនិងរ៉េស៊ីដង់ និងសណ្ឋាគារ ខថយ៉ាដម៉ារីយ៉ុតភ្នំពេញ ត្រូវទូទាត់ចំណាយរបស់រដ្ឋពាក់ព័ន្ធការអនុវត្តវិធានការសុខាភិបាល អំឡុងពេលធ្វើចត្តាឡីស័ក ស្របតាមខ្លឹមសារនៃលិខិតលេខ៤៨៩៨ សហវ ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០។

ចំពោះអ្នកដំណើរដែលមិនប្រើប្រាស់សេវាកក់សណ្ឋាគារទាំងពីរខាងលើ នឹងត្រូវអនុវត្តនីតិវិធីដែល មានស្រាប់ជាធរមាន ដោយត្រូវតម្កល់ប្រាក់ចំនួន ២០០០ ដុល្លារអាមេរិក សម្រាប់ធានាចំណាយក្នុងដំណើរ ការធ្វើចត្តាឡីស័ក និងត្រូវធ្វើតាមទីតាំងដែលកំណត់ដោយអាជ្ញាធរមានសមត្ថកិច្ច។ សេវាកក់សណ្ឋាគារសម្រាប់ធ្វើចត្តាឡីស័ក ត្រូវដាក់ឱ្យអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

មតិយោបល់