- 2021-07-29 02:01:34
- ព័ត៌មាន
រំឮកអតីតកាល! ក្សត្រខ្មែរអង្គនេះ បារម្ភសុខទុក្ខរាស្ត្រ និងធ្វើរឿងជាច្រើនយ៉ាងនេះដើម្បីរាស្ត្រខ្មែរ
- 2021-07-29 02:01:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំឮកអតីតកាល! ក្សត្រខ្មែរអង្គនេះ បារម្ភសុខទុក្ខរាស្ត្រ និងធ្វើរឿងជាច្រើនយ៉ាងនេះដើម្បីរាស្ត្រខ្មែរ
ចន្លោះមិនឃើញ
ព្រះហរិរក្សារាមាឥស្សរាធិបតីអង្គឌួង ឬព្រះបាទអង្គអង្គឌួង ជាព្រះរាជបុត្រពៅ របស់ព្រះបាទនរាយណ៍រាជាទី៣ អង្គអេង។ ព្រះអង្គ ត្រូវបាននាយម៉ឺនសព្វមុខមន្ត្រី និងពញាបឌិនតេជោ យាងឱ្យឡើងសោយរាជ្យសម្បត្តិ ដោយគង់នៅ ព្រះបរមរាជវាំងឃ្លាំងស្បែក ដែលប្រជារាស្រ្តសង់ថ្វាយព្រះអង្គនៅក្បែរ ពញាឭ។
ព្រះបាទអង្គអង្គឌួង ទ្រង់ត្រូវបានរៀបអភិសេកឲ្យឡើងសោយរាជ្យសម្បត្តិនៅរាជធានីឧដុង្គ ដោយមាននាមសម្រាប់រាជ្យថា ព្រះហរិរក្សារាមាឥស្សរាធិបតី នៅឆ្នាំ១៨៤៧។ ព្រះអង្គឌួង ជាព្រះមហាក្សត្រមួយអង្គ ដែលប្រកបដោយទសពិធរាជធម៌ ទ្រង់បានយកព្រះទ័យទុកដាក់រៀបចំឱ្យប្រទេសឲ្យមានសន្តិភាព និងរបៀបរៀបរយនៅក្នុងរាជការ។
ក្នុងពេលដែលព្រះបាទអង្គឌួងទ្រង់ឡើងគ្រងរាជ្យ ប្រទេសកំពុងស្ថិតក្នុងស្ថានភាពដុនដាប ដោយសារតែការបែកបាក់សាមគ្គីរវាងខ្មែរ និងចម្បាំងឈ្លានពានរបស់បរទេស ដែលជាហេតុធ្វើឱ្យប្រទេសជាតិជួបប្រទះនឹងមហន្តរាយ ភូមិស្រុកត្រូវដុតបំផ្លាញ ស្រែចម្ការត្រូវបានបោះបង់ចោល ផ្លូវថ្នល់ត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ ស្ពានភាគច្រើនត្រូវបានខូចខាត។ អសន្តិសុខកើតឡើងពេញផ្ទៃប្រទេស ដោយសារតែភាពអត់ឈ្លានរបស់រាស្រ្ត បានក្លាយជាអំពើឆក់ប្លន់ កាប់សម្លាប់ឥតត្រាប្រណី។ មួយវិញទៀត ក្នុងពេលនោះ សកម្មភាពខាងជំនួញឥតមានទាល់តែសោះ។
ពីឆ្នាំ១៨៥១ដល់ឆ្នាំ១៨៥៧ ព្រះអង្គបានបញ្ជាឱ្យលើកផ្លូវមួយពីរាជធានីឧដុង្គ ទៅខេត្តកំពត ដែលជាកំផែសមុទ្រតែមួយគត់របស់ខ្មែរ ព្រោះកំពង់ផែព្រៃនគរត្រូវបានបាត់បង់ទៅឱ្យយួនជាស្ថាពរទៅហើយ។ នៅឆ្នាំ១៨៥២ ព្រះអង្គបានលើកផ្លូវមួយទៀតពីរាជធានីឧដុង្គទៅកំពង់ហ្លួង ដែលជាកំពង់ផែដ៏សំខាន់របស់ខ្មែរមួយទៀត។ ព្រះអង្គបានខិតខំរៀបចំប្រទេសជាតិឡើងវិញ និងលើកតម្កើងជីវភាពប្រជារាស្រ្ត។ រាជធានីឧដុង្គត្រូវបានបង្កើតឡើងហើយ ចំនួនខេត្តក្នុងប្រទេសត្រូវបានបន្ថយ ដោយខេត្តនីមួយៗមានទំហំផ្ទៃដីប្រហាក់ប្រហែលគ្នា ហើយត្រូវបានចែកជាស្រុក។
ក្នុងរជ្ជកាលរបស់ព្រះអង្គឌួង ព្រះអង្គបានបញ្ជាមិនឱ្យមានការតម្លើង និងបង្កើតពន្ធថ្មី និងជៀសវាងការកែនរាស្រ្តឱ្យធ្វើកិច្ចការសាធារណៈក្នុងការធ្វើស្រែចម្ការ។ ដោយទឹកព្រះទ័យអាណិតអាសូរដល់ប្រជាសាស្រ្ត ដែលរងទុក្ខវេទនា បានជាពេលប្រជារាស្រ្តមានជំងឺរាតត្បាត ព្រះអង្គទ្រង់យាងដោយផ្ទាល់ទៅចែកស្បៀងអាហារ និងសំលៀកបំពាក់ឱ្យរាស្រ្តក្រីក្រ។ ព្រះអង្គ ទ្រង់ហាមមិនឱ្យបរបាញ់សត្វ និងមិនឱ្យចាប់ត្រី ដោយប្រើព្រូលរាំង ពេញព្រែកទេ។ ទ្រង់ស្តីបន្ទោស និងដាកទណ្ឌកម្មយ៉ាងខ្លាំងពួកជនប្រមឹក ជក់អាភៀន និងជនប្រព្រឹត្តល្បែងស៊ីសង ទ្រង់បានបង្រ្កាបយ៉ាងតឹងរឹងលើជនរកស៊ីចង់ការប្រាក់ដោយយកការប្រាក់ហួសប្រមាណ ហើយក្នុងការខ្ចីបុលគ្នាទ្រង់តម្រូវឱ្យមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងមេបំណុល និងកូនបំណុល។
ជាពិសេសទៅទៀតទ្រង់បានបរិច្ចាគព្រះរាជទ្រព្យផ្ទាល់ខ្លួន ដើម្បីលួសពួកទាសករឱ្យបានរួចខ្លួនវិញអស់ជាច្រើននាក់។ ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ព្រះអង្គបានបោះពុម្ពប្រាក់រាងមូលម្ខាងមានរូបអង្គរវត្ត ម្ខាងទៀតមានរូបសត្វហង្សសម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រ និងព្រះអង្គទាក់ទងឈ្មួញចិន និងឥណ្ឌាឱ្យចូលធ្វើពាណិជ្ជកម្មក្នុងប្រទេសខ្មែរទៀតផង។ ឯពន្ធដាត្រូវបានដាក់ឱ្យទារតាមរបបភាស៊ីជាហេតុធ្វើឱ្យរាជការមានលទ្ធភាពរៀបចំថវិកាមួយដែលមានតុល្យភាព ៕