• 2021-08-16 04:22:40
  • ព័ត៌មាន

ផ្តើម​ពី​សន្តិសុខ និង​អ្នក​រត់​ម៉ូតូឌុប ការ​តស៊ូ​​ជួយ​ឲ្យលោក បាន ម៉ូវ ក្លាយ​ជាអគ្គ​នាយក​ក្រុមហ៊ុន​ដ៏ធំមួយ

  • 2021-08-16 04:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ដែល​យើង​បាន​ដឹង​ស្រាប់ហើយថា ភាព​ជោគ​ជ័យ​របស់​មនុស្សម្នាក់​ៗ​តែង​តែ​កើត​ឡើង​ក្នុង​ទម្រង់ និង​បរិបទផ្សេង​ៗគ្នា ដោយអ្នក​​ខ្លះ​ជោគ​ជ័យ​ក្នុង​ការ​ងារ ហើយ​អ្នក​ខ្លះ​ទៀតជោគ​ជ័យ​ក្នុង​អាជីវ​កម្ម ការ​ផ្តល់​សេវា​កម្ម ការ​រក​ស៊ី ឬ​ពាណិជ្ជ​កម្ម​ជា​ដើម​។

ជាមួយ​គ្នា​នេះ ការបង្កើត​អាជីវកម្ម​មួយបាន និង​ទទួល​បាន​ភាព​ជោគ​ជ័យ​មិនមែន​​អាស្រ័យ​តែ​ទៅ​លើ​ការមាន​ដើម​ទុន​ច្រើននោះ​ឡើយ ប៉ុន្តែ ក៏អាស្រ័យ​ទៅ​លើ​ឱកាស ការ​ត​ស៊ូ​មិន​បោះ​បង់ មាន​ចិត្ត​អំណត់ និង​កត្តា​ទីផ្សារ​ផងដែរ​។

តួ​យ៉ាង​ដូច​ជា​លោក បាន ម៉ូវ បាន​ឆ្លង​កាត់​ជីវិត​ជូរ​ចត់បែប​ពនេចរ​ជាច្រើនដំណាក់កាល និង​​បានកំព្រារ​ឪពុក​តាំង​ពីតូច​ មុនឹងក្លាយ​ជា​ក្លាយអគ្គនា​យក​ក្រុមហ៊ុន​ដ៏ធំ​មួយ​ដែលមាន​ឈ្មោះ​ថា អូគិថាណា ដែល​ជាក្រុមហ៊ុន​ផលិត​ទឹក​បរិសុទ្ធ និងផលិត​ផល​ថែ​រក្សា​សម្ផស្ស​ អូគិថាណា ដែល​ត្រូវ​បាន​ផលិត​ដោយ​ផ្ទាល់​​នៅ​ក្រុមហ៊ុន​របស់​លោកតែ​ម្តង​។

នៅ​ពេល​ដែល​ Sabay ចោទ​សួរ​ពី​ជីវប្រវត្តិ​ដែល​ធ្លាប់បាន​ឆ្លង​កាត់​​កន្លែង​មក បុរស​វ័យ​៣៩ឆ្នាំ​​រូបនេះ បាន​និយាយ​ទាំង​មុខ​ស្ងួត​ថា៖ «ខ្ញុំ​គឺជា​កូន​​កំព្រារ​ឪពុក ហើយ​ដោយ​សារ​តែ​ខ្ញុំមាន​បង​ប្អូន​ដល់​ទៅ​១០នាក់ ខ្ញុំក៏​ត្រូវ​ទៅ​រស់​នៅ​ជាមួយនឹង​សាច់ញាតិ​របស់​ខ្ញុំ​តាំង​ពី​តូច ហើយ​ក៏មិន​សូវ​ទទួល​បាន​ភាព​កក់​ក្តៅ​ពី​ម្តាយ​ផង​ដែរ​»​​។

លោកបាន ម៉ូវ មាន​ស្រុកកំណើត​នៅ​ភូមិសៀមពាយ ឃុំព្រះដំរី ស្រុកស្ទោង ខេត្ត​កំពង់​ធំ ប៉ុន្តែ ដោយ​សារ​តែ​កត្តា​​ជីវ​ភាព បាន​បង្ខំ​ឲ្យ​លោកទៅ​រស់​នៅ​ជាមួយ​នឹង​បងប្អូន​តាំង​ពី​តូច​រហូត​ដល់​បញ្ចប់​ការ​សិក្សាទុតិ​យ​ភូមិ​នៅ​ទី​នោះ ប៉ុន្តែ លោក​មិនមានលទ្ធ​ភាព​បន្ត​សិក្សា​នៅ​មហា​វិទ្យាល័យ​ឡើយ​។

ស្ថិត​ក្នុង​ទឹកមុខ​ស្រងូត​ស្រងាត់ ម្ចាស់​ក្រុម​ហ៊ុនរូប​នេះ ដែលមាន​ប្អូន​បង្កើត​រហូត​ដល់​ទៅ​១០នាក់នោះ បាន​ប្រាប់​បន្ត​ថា៖ «បន្ទាប់​ពី​បញ្ចប់​ថ្នាក់​បាក់​ឌុប ខ្ញុំ​បាន​ចូល​ខ្លួន​ទៅ​បម្រើ​កង​ទ័ព្ទ​នៅ​តាម​ព្រំ​ដែន​ខេត្ត​ព្រះ​វិហារ ក្នុង​ឆ្នាំ​២០០៨ និង​បាន​រៀប​ការនៅ​ទី​នោះ ប៉ុន្តែ ជីវិត​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ​តែង​តែង​ជួប​ភាព​បរា​ជ័យ​ជានិច្ច មិន​ថា អាជីព​ការងារ ឬ​អាជីវកម្ម​ឡើយ​»​។

ដោយ​សារ​តែ​ជួប​បញ្ហា​លំបាកក្នុង​ជីវភាព បន្ទាប់​ពី​ជួប​ភាព​បរា​ជ័យ​ជា​បន្ត​បន្ទាប់ លោកបាន ម៉ូវ រួម​ទាំងភរិយា​របស់​លោក​ក៏​បាន​សម្រេច​ចិត្ត​ផ្លាស់ប្តូរ​មក​រស់​នៅ​ទីក្រុង​ភ្នំ​ពេញ ក្នុង​ឆ្នាំ​២០១៥ ដោយ​សង្ឃឹម​អាច​នឹងមាន​ជីវភាព​ធូរធា ក៏ដូ​ច​អាច​មាន​ទីលំនៅ​ច្បាស់​លាស់​។

ប៉ុន្តែ អ្វី​ៗ​មិន​ដូច​ជា​ការ​រំពឹង​ទុក​ឡើយ ពោល​គឺ​អាច​និយាយ​បាន​ថា ជីវិត​របស់​លោកហាក់​កាន់​តែ​ត្រដាប​ត្រដួស​ជាង​មុនទៅ​ទៀត ដោយសារ​តែ​​លោក​ត្រូវដើរ​​ស៊ីឈ្នួល​គេជាច្រើន​កន្លែង ដើម្បី​បំពេញ និង​ផ្តត់ផ្គង់​​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​លោក​។

លោក​បាន ម៉ូវ បាន​និយាយ​ក្នុង​សម្តី​បែប​ស្រទន់​ថា៖ «ពេល​មក​ដល់ភ្នំពេញភ្លាម​ៗ ខ្ញុំ​បាន​ធ្វើ​ការ​ងារ​ជា​សន្តិសុខ​យាម​សាលា​រៀន​ឲ្យ​គេ ហើយ​ពេល​ទំនេរ ខ្ញុំ​រត់​ម៉ូឌុប និងដើរ​ស៊ីឈ្នួលគេធ្វើ​សំណង់​ជា​ដើម​។ និយាយ​ឲ្យ​ខ្លី​ទៅ​គឺ​ថា ដើរ​ធ្វើ​​ការ​ឲ្យ​គេ​ដើម្បី​ដូរ​បាយ​សម្រាប់​ខ្ញុំ​ផ្ទាល់ រួម​នឹង​ភិរយា​​របស់ខ្ញុំ​។ នៅ​ចន្លោះ​ឆ្នាំ​២០១៥ ដល់ទៅ​២០១៧ ខ្ញុំ​ពិត​ជា​ជួប​ការ​លំបាក​ក្នុង​ជីវភាព​​»​។

យ៉ាង​ណា​ក៏ដោយ ជីវិត​របស់​លោក​បាន​ចាប់ផ្តើម​​មាន​ការ​ប្រែ​ប្រួលវិញ​​ក្នុង​ឆ្នាំ​២០១៨ ក្រោយ​ពី​លោក​បាន​មើលឃើញ​ពី​ឱកាស​ទីផ្សារ​ដ៏ធំ​មួយ តាម​រយៈ​ការ​បើក​សិប្ប​កម្មផលិត​ទឹក​បរិសុទ្ធ​អូគិថាណា ប៉ុន្តែ កាល​នោះ លោកមិន​មាន​ដើម​ទុន​ច្រើន​​ឡើយ ដោយ​លោក​បានខ្ជី​លុយសាច់​ញាតិ និង​ម្តាយ​របស់​លោកសរុប​បាន​២០០០​ដុល្លារ ដើម្បី​បើក​អាជី​វកម្ម​របស់​លោក​។

ភាព​ជោគ​ជ័យក្នុង​អាជី​វកម្ម​លក់ទឹក​បរិសុទ្ធ មិន​បាន​​ទទួល​ផល​ភ្លាម​ៗឡើយ ដោយ​សារ​តែ​លោក​បាន​ប្រឈមមុខ​នឹង​ការ​បញ្ហា​ ក៏ដូចជា​ឧបសគ្គ​ជាច្រើន​ក្នុង​ការ​រកស៊ី ប៉ុន្តែ ការ​ព្យា​យាមមិន​បោះ​បង់ និង​ការពុះ​ពារ​គ្រប់ឧបសគ្គ​ បាន​ជួយ​ឲ្យ​លោក​ទទួល​បាន​ជោគ​ជ័យខ្លាំង​ក្នុង​ឆ្នាំ​២០១៩ បន្ត​រហូត​មក​ដល់​សត្វថ្ងៃ​នេះ​។

លោកបាន ម៉ូវ បាន​ប្រាប់ Sabay ទាំង​ទឹកមុខ​ញញឹម​ថា៖ «ចំណុច​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជោគ​ជ័យកាល​នោះ ទី​១ គឺ​ឱកាស​ទីផ្សារ​នៅ​ទូ​លាយ ហើយ​មួយ​ទៀត​គឺ​ការ​ព្យា​យាម​ជម្នះ​រាល់​ឧប​សគ្គ​នានា ការ​អត់ធ្មត់​ជានិច្ច និងការ​តាំង​ចិត្ត ការ​ស្វែងយល់​ពី​អាជី​វកម្ម និង​ទីផ្សារ​។ ពិតណាស់ យើង​​ជួបការលំបាក​ច្រើន ដោយ​សារ​តែ​យើង​មាន​ដើម​ទុនតិច ប៉ុន្តែ អ្វី​ដែល​សំខាន់​នោះ​គឺ​ខ្លួន​យើង​​តែម្តង​»​។

បច្ចុប្បន្ន ក្រៅពីមាន​សិប្ប​កម្មផលិត​ទឹក​បរិសុទ្ធ​អូគិថាណា ដោយ​ខ្លួនឯង និង​ដើម​ទុន​មិន​តិច​ជាង១លាន​ដុល្លារ​អាមេរិក លោក​ក៏​បាន​ផ្តល់​សេវា​ដំឡើង​ម៉ាស៊ីន​ផលិត​ទឹក​បរិសុទ្ធ និងលក់​កម្មសិទ្ធិ​បញ្ញាលើ​អាជី​វកម្ម​របស់​លោកផង​ដែរ ដោយ​គិតមក​ត្រឹម​ពេលនេះ លោក​លក់សិទ្ធិ និង​ដំឡើង​ម៉ាស៊ីន ផលិត​ទឹកបរិសុទ្ធ​ច្រើន​ជាង​១០០កន្លែង​រួចមក​ហើយ​ទូ​ទាំង​កម្ពុជា​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ក៏​បាន​ចាប់​យក​​អាជីវកម្ម​ថ្មី​មួយ​ផ្សេង​ទៀត គឺ​ការផលិត និងលក់ផលិត​ផល​ថែ​រក្សា​សម្ផស្សអូគិថាណា ដែល​រួម​មាន ហ្វូម​ព្រហ្មចារី សាប៊ូដុសខ្លួន សា​ប៊ូកក់សក់ និង​សា​ប៊ូដុសមុខ ជា​ដើម ខណៈ​ដែលផលិត​ផល​ទាំង​នេះ ផលិត​ចេញពី​សារ​ធាតុ​ផ្សំ​ពីធម្ម​ជាតិសុទ្ធសាធពី​ស្នាដៃកូនខ្មែរ​។

ទាក់ទង​នឹង​ផលិត​ផល​ថ្មីនេះ លោកបាន ម៉ូវ បាន​ឲ្យដឹងថា៖ «ការ​ផ្តួច​ផ្តើម​ឲ្យមានការ​​បង្កើត​អាជី​វកម្ម​នេះ​ឡើង ព្រោះ​ខ្ញុំ​មើល​ឃើញពី​ឱកាស និង​ទីផ្សារ ពិសេស​ខ្ញុំ​ចង់លើក​ស្ទួយ​ផលិត​ផល​ខ្មែរយើង និង​បង្ហាញ​ថា ខ្មែរយើង​ក៏មាន​សមត្ថភាព​ក្នុងការ​ផលិត​ផលិត​ផល​ដែលមាន​គុណ​ភាព​ខ្ពស់​ដូច​ប្រទេស​គេ​ផង​ដែរ​។ មិនត្រឹមតែ​ប៉ុណ្ណោះ នេះក៏​​ជា​ការ​បង្កើត​ទីផ្សារការ​ងារ​មួយសម្រាប់​ប្រជា​កសិករ និង​ប្រជា​កម្ពុជា​យើង​ផង​ដែរ​»​។

ជា​ចុងក្រោយ លោក​បាន​ផ្តល់​សារ​ផ្ញាំ​ផ្ញើរ​ថា ការ​បើក​អាជី​វកម្ម​មួយ​ឲ្យ​ទទួល​ជោគ​ជ័យ​ទៅ​បាន មិនមែន​ផ្តោត​សំខាន់​តែលើ​ដើម​ទុនឡើយ ប៉ុន្តែ ចំណុច​សំខាន់​នោះ​គឺ​ការ​ខិតខំព្យាយាម អត់ធ្មត់ និងការ​មាន​ចិត្ត​ស្មោះ​ត្រង់ទាំង​ជាមួយនឹង​អតិថិ​ជន និង​ក្រុម​ការ​ងារ​៕

ដើម្បី​ដឹង​កាន់តែ​ច្បាស់ និង​សាកសួរ​ព័ត៌​មាន​នានា សូម​ចូល​ទៅកាន់ Facebook ផ្លូវ​ការ៖ Okithana

ឬ តាម​រយៈ​លេខ​ទូរស័ព្ទ៖ 081 945 507, 066 749 899, 069 749 899

អត្ថបទ៖ In Sopheng

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី