• 2021-08-25 04:15:16
  • ព័ត៌មាន

សិង្ហ​បុរី កំពុង​វិល​ទៅ​រក​ស្ថាន​ភាព​ធម្ម​តា​វិញ ក្រោយ​ពី​រង​គ្រោះ​ដោយ​កូវីដ ១៩ អស់​រយៈពេលជាង​​១ឆ្នាំ

  • 2021-08-25 04:15:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតណាស់ មនុស្ស​ភាគ​ច្រើន​ប្រហែល​ជា​ទើប​តែ​ជួប​ស្ថាន​ភាពបែប​នេះ​​​ជាលើក​ដំបូងក្នុង​ជីវិត​របស់​ខ្លួនប៉ុណ្ណោះ ប៉ុន្តែ អស់​រយៈ​ពេលជាង​១​ឆ្នាំមកហើយ​ បើ​គិត​ចាប់​តាំងពី​សិង្ហ​បុរី បានរក​ឃើញ​ករណី​ឆ្លង​វីរុសកូវីដ ១៩ ជាលើក​ដំបូង​ក្នុង​ប្រទេស​របស់ខ្លួន​​។

កាល​ពីថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០ ក្រសួង​សុខាភិបាលសិង្ហ​បុរី បាន​ប្រកាស​ថា ពួក​គេ​បាន​រក​ឃើញ​ករណី​ឆ្លង​​នាំ​ចូល​របស់ «វីរុស​កូរ៉ូ​ណា» ក្នុង​ប្រទសរបស់ខ្លួន ដែល​កាលនោះ វីរុស​នេះ មិន​ទាន់​មាន​ឈ្មោះ​ច្បាស់​លាស់នៅ​ឡើយ​ទេ​។

ករណី​ឆ្លង​នោះ​បានកើត​​ឡើង​លើ​បុរស​វ័យ​៦៦​ឆ្នាំ​ម្នាក់ មក​ពី​ទីក្រុង​វ៉ូ​ហាន ក្រោយពី​បុរសនោះ បាន​ធ្វើ​ដំណើរ​ទៅ​​ដល់​សិង្ហ​បុរីជាមួយ​នឹងក្រុម​គ្រួ​សារ​របស់​គេ ក្នុង​រយៈពេល​២-៣ថ្ងៃ​​ មុន​ពេល​រក​ឃើញ​។

ផល​ប៉ះ​ពាល់​ពី​ករណី​ឆ្លង​ជាលើក​ទី​១ ពិត​ជា​មាន​​​កម្រិត​ខ្លាំង​ក្លា​គួរ​ឲ្យ​កត់សម្គាល់ ស្រប​ពេល​ដែល​សកម្មភាព​ធ្វើ​ការ​ងារ វិស័យ​សេដ្ឋ​កិច្ច សង្គម និង​វិស័យ​សុខា​ភិបាល បាន​ផ្លាស់ប្តូរ​ជិត​​​៩០​ដឺក្រេ​។ ទោះ​បី​ជា​យ៉ាង​ណា ការផ្លាស់​ប្តូរ​ខ្លះ នឹងកើត​ឡើង​ជាបណ្តោះ​អាសន្ន​ប៉ុណ្ណោះ ស្រប​ពេល​ដែល​អ្វី​ៗ​នឹង​​វិលទៅ​រក​ភាពល្អ​ប្រសើរ​វិញ នៅពេល​ដែលការ​ឆ្លង​រាត​ត្បាត​ បញ្ចប់​។

បើ​ទោះ​បី​​​មាន​ការ​បារម្ភ​តិច​តួច​ប៉ុណ្ណោះ​ បន្ទាប់ពីការ​រក​ឃើញករណី​ឆ្លង​ទី១ ប៉ុន្តែ នៅ​ខែ​មេសា សិង្ហ​បុរី បាន​រក​ឃើញករណី​ឆ្លង​ជា​ចង្កោមលើ​កម្ម​ករ​ជា​ជន​អន្តោ​ប្រវេសន៍ នៅកន្លែង​ស្នាក់នៅ​របស់ពួកគេ ដែល​នាំ​ឲ្យ​ប្រទេស​នេះ​ចាត់​វិធាន​ការ​តឹង​រ៉ឹង​ជាច្រើន ​ហាម​ឃាត់​លើការប្រមូលផ្តុំ​គ្នា​ និង​បិទ​ខ្ទប់​កន្លែង​ដែលមានហានិភ័យ​ខ្ពស់​។

ក្រោយ​មក សិង្ហ​បុរី ក្លាយ​ជា​ប្រទេសដ៏​ស្ងប់​ស្ងាត់ មជ្ឈណ្ឌល​ជាច្រើន​ដែល​ធ្លាប់​តែមាន​មនុស្ស​អ៊ូរអរ ប្រែ​ទៅ​ជា​ស្ងាត់​ជ្រងំ ហើយ​ហាង​មិន​ចាំ​បាច់​ជាច្រើន​ត្រូវ​បានបិទ​ទ្វារ ស្រប​ពេល​ដែលការ​ធ្វើ​ការ​ងារ​ពី​ផ្ទះ​បាន ក្លាយ​ជា​របត់​ជីវិត​ថ្មី​​របស់​ពល​លើ​ប្រទេស​កោះ​មួយ​នេះ​ ហើយការអនុ​វត្តការ​បិទ​ប្រទេស​បានកើត​ឡើង ស្រប​ពេល​ដែល​ការ​ធ្វើ​ដំណើរ​ចេញក្រៅ​ប្រទេសបានក្លាយ​ជា​រឿង​ដ៏លំបាក​។ ​

ក្រោយ​ពីករណី​ឆ្លង​បាន​កើន​ឡើង​យ៉ាង​ខ្ពស់​នៅ​ខែ​​មេសា ឆ្នាំ​២០២០ តួលេខ​នេះ បានថយ​ចុះ​ជា​បន្ត​បន្ទាប់ ​ចាប់ពី​ខែ​កញ្ញា និង​ស្ទើរ​តែ​គ្មាន​ករណី​ឆ្លង​សោះ ចាប់​ពី​ខែ​តុលា រហូត​ដល់​ដើម​ឆ្នាំ​២០២១​។

ការ​គ្រប់គ្រង​ស្ថាន​ភាព​បាន​យ៉ាងល្អ​ប្រសើរ​នេះ គឺ​ដោយ​សារ​តែ សិង្ហ​បុរី បាន​អនុ​វត្តវិធានការ​រិត​ត្បិត​យ៉ាង​តឹង​រ៉ឹងតាម​​ច្រក​ព្រំដែន អនុ​វត្ត​កម្ម​វិធី​ធ្វើ​ចត្តាលី​ស័ក ដ៏មាន​ប្រសិទ្ធិ​ភាព រួម​ទាំង​វិធី​សាស្ត្រ​ជាច្រើន​ទៀត ដើម្បី​ទប់ស្កាត់ការឆ្លង​រាត​ត្បាត​ក្នុង​សហ​គមន៍​របស់​ខ្លួន​។

ក្រៅ​ពីនេះ ​ដើម្បីទប់​ស្កាត់​ការ​ឆ្លង​រាត​ត្បាតក្នុងសហគមន៍​ខ្លួន និង​ករណី​នាំចូល សិង្ហបុរី ក៏​បាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទំនើបៗដ៏សម្បូរ​បែប ដើម្បីប្រមូល​ផ្តុំ​ព័ត៌​មាន​នានា តាមដាន និង​គ្រប់គ្រងករណី​ឆ្លងថ្មី ក៏ដូច​ជា​តំបន់​ដែល​ត្រូវ​បិទ​ខ្ទប់​ជាដើម​។

ការិយាល័យប្រព័ន្ធ​ឆ្លាត​វៃ​ជាតិ និង​ឌីជីថល និង​ក្រសួងសុខា​ភិបាល​សិង្ហបុរី បានធ្វើការ​រួមគ្នា ដើម្បី​បង្កើត​​ស្តង់​ដារ​មួយ ដែលមាន​ឈ្មោះ​ថា HealthCerts តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ប្រមូល​ផ្តុំ​ព័ត៌មាន​។

កម្ម​វិធី​ HealthCerts ត្រូវ​បាន​ប្រើប្រាស់​ជា​ពិសេសដើម្បី​ចេញ​វិញ្ញា​បនបត្រតេស្តកូវីដ ១៩ ស្រប​ទៅ​តាម​ ស្តង់​ដារ​អន្តរ​ជាតិ និង​លក្ខខណ្ឌរបស់​រដ្ឋា​ភិបាល​សិង្ហបុរី​ ហើយ​មិនត្រមឹ​តែ​ប៉ុណ្ណោះ កម្ម​វិធី​នេះ ត្រូវ​បាន​អវិឌ្ឍ ក្រោមកិច្ច​សហ​ប្រតិបត្តិ​ការជាមួយនឹង​ភ្នាក់​ងារ​បច្ចេក​វិទ្យា​រដ្ឋា​ភិបាល និង​ក្រសួង​សុខាភិបាល​សិង្ហ​បុរី​។

កម្ម​វិធី​បច្ចេក​វិទ្យា​នេះ ត្រូវបាន​អនុវត្ត​ចាប់​ពី​ខែមីនា ឆ្នាំ​២០២១ ដោយ​​រាល់​លទ្ធផល​ធ្វើ​តេស្ត​របស់អ្នក​ដំណើរ​ ទាំង​អស់​នឹងស្ថិតក្នុង​ទម្រង់​ឌីជីថល​ ក្នុងស្តង់​ដារ HealthCerts​។

ស្រប​ពេល​​ជាមួយ​គ្នានេះ សិង្ហ​បុរី​ក៏​បាន​អនុវត្ត​ការ​ចាក់​វ៉ាក់​សាំងដល់​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន បាន​យ៉ាង​ល្អ និង​ឆាប់​រហ័ស​​ទូ​ទាំង​ប្រភេទ​ផង​ដែរ ​​ ដោយ​មក​ទល់ពេល​នេះ ប្រជា​ជន​ជិត៨០%ហើយនៃ​អត្រា​ប្រជា​ជន​សរុប ​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ពី​រដ្ឋា​ភិបាល​។​

បើ​ទោះ​បី​ស្ថាន​ភាព​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ និងស្ទើរ​តែ​ស្ថិត​ក្នុងសភាព​ធម្ម​តា​ក៏ដោយ ប៉ុន្តែ ប្រជា​ពល​រដ្ឋ​គ្រប់រូប និងអាជីវកម្ម​គ្រប់ប្រភេទ​នៅ​ក្នុង​ប្រទេស​នេះ នៅ​តែ​​ប្រកាន់​ភ្ជាប់​វិធាន​ការ​អនាម័យ​យ៉ាង​ខ្ជាប់​ខ្ជួន រក្សា​គម្លាត ពាក់ម៉ាស និង​ទម្លាប់​អនា​ម័យ​ខ្លួន​ជាច្រើន​ទៀត ដើម្បី​ធា​នា​ថា កូវីដ ១៩ នឹង​បញ្ចប់​ក្នុង​ប្រទេស​សិង្ហ​បុរី​ ក្នុង​ពេល​ឆាប់​ៗខាង​មុខនេះ​។

អ្វី​​ដែលកាន់​តែពិសេស​នោះ​គឺ​ថា បើ​ទោះ​បី​ទីក្រុង​កោះ​ដ៏​ស្រស់ស្អាតមួយ​នេះ បាន​រក​ឃើញ​ករណី​ឆ្លងសរុប​ចំនួន​៦៦ ៥៧៦នាក់ក៏ដោយ ប៉ុន្តែ ករណី​ជាសះ​ស្បើយ​មាន​រហូត​ដល់ទៅ​​៦៥ ៧០០នាក់ ខណៈ​ដែល​ករណីស្លាប់​មាន​ត្រឹម​តែ​៥០នាក់គត់ គិត​ត្រឹម​ថ្ងៃនេះ​៕

ប្រភព​ព័ត៌​មាន៖ CNA

អត្ថបទ៖ In Sopheng

មតិយោបល់