• 2021-09-06 05:36:53
  • ព័ត៌មាន

មេនូឡាយហ្វ៍ នឹងចំណាយរហូតដល់ជាង ១៩ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយអតិថិជនដែលរងផលប៉ះពាល់ពីជំងឺកូវីដ ១៩

  • 2021-09-06 05:36:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០២១៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា នឹងធ្វើការផ្តល់ជូននូវ «អត្ថប្រយោជន៍បន្ថែមកូវីដ-១៩» ដល់អតិថិជន និងសមាជិកក្រុមគ្រួសារផ្ទាល់ដែលត្រូវបានតេស្តវិជ្ជមាននៃវីរុសកូវីដ-១៩ សរុបជាទឹកប្រាក់ចំនួនប្រមាណជាង ១៩ ម៉ឺនដុល្លារអាមេរិក។

ក្នុងអំឡុងពេលនៃការរាតត្បាតនៃវីរុសកូវីដ-១៩ ក្រុមហ៊ុនបានប្រកាសផ្តល់អត្ថប្រយោជន៍បន្ថែមពិសេសដល់អតិថិជនទាំងអស់ដែលទទួលផលប៉ះពាល់ពីវីរុសនេះ តាមរយៈការផ្តល់ជូនទឹកប្រាក់ចំនួន ៥០០ ដុល្លារអាមេរិក ក្នុងករណីអតិថិជនម្នាក់ត្រូវបានតេស្តរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩។ ក្រុមហ៊ុនក៏បានពន្លាតអត្ថប្រយោជន៍បន្ថែមនេះ ដោយបន្ថែមទឹកប្រាក់ចំនួន ៥០០ ដុល្លារអាមេរិកទៀត សម្រាប់សមាជិកគ្រួសារផ្ទាល់ម្នាក់របស់អតិថិជនដែលផ្ទុកវីរុសកូវីដ-១៩ នោះ ផងដែរ។

គួររំឭកផងដែរថា ការផ្តល់ជូន «អត្ថប្រយោជន៍បន្ថែមកូវីដ-១៩» របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ គឺជាការផ្តល់ជូនបន្ថែមលើសពីអត្ថប្រយោជន៍ដែលត្រូវទទួលបានតាមបណ្ណសន្យារ៉ាប់រងរបស់អតិថិជន និងដោយឥតគិតថ្លៃ (ដោយមិនមានការបង់បុព្វលាភធានារ៉ាប់រងបន្ថែមឡើយ)។

លោក Justin Helferich អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា មានប្រសាសន៍ថា៖ «នេះគឺជាកាតព្វកិច្ចដ៏សំខាន់មួយសម្រាប់ មេនូឡាយហ្វ៍ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូងគេបង្អស់ដែលមានវត្តមាននៅកម្ពុជា ក្នុងការរួមចំណែកជួយអតិថិជនយើងនៅពេលដែលពួកគាត់ត្រូវការយើងបំផុត។ នេះក៏បានឆ្លុះបញ្ចាំងថា សុខុមាលភាព ក៏ដូចជាសុវត្ថិភាពហិរញ្ញវត្ថុរបស់អតិថិជនតែងតែស្ថិតនៅចំណុចអាទិភាពរបស់យើងខ្ញុំជានិច្ច ហើយវាក៏បានដើរស្របគ្នាយ៉ាងល្អឥតខ្ចោះទៅនឹងបេសកកម្មរបស់យើងខ្ញុំ គឺជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំ និងកាន់តែប្រសើរឡើងជូនក្រុមគ្រួសារកម្ពុជា»។

លោកបានបន្ថែមទៀតថា៖ «ជាក់ស្តែង តាមរយៈ «អត្ថប្រយោជន៍បន្ថែមកូវីដ-១៩» យើងខ្ញុំបានទទួលសំណើជាច្រើនពីអតិថិជនដែលរងផលប៉ះពាល់ ព្រមទាំងបានសម្រេចចិត្តផ្តល់សំណងជូនពួកគាត់រហូតដល់ជាង ១៩ ម៉ឺនដុល្លារអាមេរិកដែលចំនួននេះលើសពីកញ្ចប់ថវិកាដែលបានកំណត់ក្នុងការផ្តល់ជូនដំបូង»។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានត្រៀមកញ្ចប់ថវិកាត្រឹមចំនួន ១០ ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់ «អត្ថប្រយោជន៍បន្ថែមកូវីដ-១៩» នេះ ក្នុងសុពភាពចាប់ពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១។ ដោយសារមើលឃើញពីតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនក្នុងគ្រាដ៏លំបាកនេះ ក្រុមហ៊ុនក៏បានសម្រេចចំណាយទឹកប្រាក់ចំនួនជាង ៩ ម៉ឺនដុល្លារអាមេរិកបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងសំណើដែលបានដាក់ស្នើមកក្រុមហ៊ុន។

ក្រៅពីការផ្តល់ជូនខាងលើ ក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏បានបរិច្ចាគថវិកាសរុបជាង ៥.០០០ ដុល្លារអាមេរិកបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល និងនិយ័តករធានារ៉ាប់រងកម្ពុជាសម្រាប់ជួយគាំទ្រដល់កម្មវិធីចាក់វ៉ាក់សាំងការពារកូវីដ១៩ និងជួយសម្រួលបន្ទុកសហគមន៍ដែលរងផលប៉ះពាល់ខ្លាំងពីជម្ងឺកូវីដ១៩ផងដែរ៕

សម្រាប់ព័ត៌មានបន្ថែមពីផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា សូមចូលទៅកាន់៖ www.manulife.com.kh និងព័ត៌មានថ្មីៗពីទំព័រហ្វេសប៊ុកផ្លូវការ «Manulife Cambodia» ឬ គេហទំព័រ www.manulife.com.kh

អត្ថបទ៖ In Sopheng

មតិយោបល់