- 2021-09-20 05:33:09
- ព័ត៌មាន
មកដឹងអំពី ខ្លឹមសារអត្ថន័យនិងទម្រង់ទូទៅនៃនិមិត្តសញ្ញារបស់ខេត្តត្បូងឃ្មុំ
- 2021-09-20 05:33:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងអំពី ខ្លឹមសារអត្ថន័យនិងទម្រង់ទូទៅនៃនិមិត្តសញ្ញារបស់ខេត្តត្បូងឃ្មុំ
ចន្លោះមិនឃើញ
ត្បូងឃ្មុំ គឺជាខេត្តនៃកម្ពុជាស្ថិតនៅវាលទំនាបកណ្ដាលនៃទន្លេមេគង្គ។ ខេត្តត្បូងឃ្មុំមានព្រំប្រទល់ជាប់ខេត្តកំពង់ចាមនៅខាងលិច ក្រចេះនៅខាងជើង ព្រៃវែងនៅខាងត្បូង និង មានព្រំដែនអន្តរជាតិរួមជាមួយវៀតណាមនៅខាងកើត។ ទីរួមខេត្ត ហើយក៏ជាទីក្រុងធំបំផុតគឺសួង។ ខេត្តត្បូងឃ្មុំ ត្រូវបានបង្កើតឡើងដោយយោងតាមព្រះរាជក្រឹត្យ ដែលធ្វើនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ហើយត្រូវបានចេញប្រកាសនៅដើមខែមករា ឆ្នាំ២០១៤។
ទម្រង់ទូទៅនៃនិមិត្តសញ្ញរបស់ខេត្តត្បូងឃ្មុំ មានរាងមូលព័ទ្ធដោយខ្សែពណ៌ត្នោតពីរជាន់ ខាងក្រៅធំ, ខាងក្នុងតូច និងខណ្ឌដោយ ផ្ទៃពណ៌ស។ ផ្ទៃខាងក្នុងពណ៌ត្នោតស្រាលខណ្ឌដោយខ្សែពណ៌សរាងឆកោនតំណាងឲ្យសម្បុកឃ្មុំ។ នៅចំកណ្តាលមានរូបជើងពានពណ៌ត្នោត។ ចំណែកផ្នែកខាងលើមានរំលេចអក្សរពណ៌ខៀវថា**«ខេត្តត្បូងឃ្មុំ»**។ ចំណែកនៅខាងក្រោមជើងពានមានលម្អដោយចង្វាយក្បាច់អង្គរ ដែលមានផ្ទៃក្បាច់ពណ៍បៃតងរំលេចដោយទម្រងក្បាច់ពណ៌ស។
អត្ថន័យនៃនិមិត្តសញ្ញរបស់ខេត្តត្បូងឃ្មុំ មានរង្វង់ព័ទ្ធជុំវិញរង្វង់ខ្សែពីរជាន់ព័ទ្ធជុំវិញតំណាងឲ្យស្ថានីយបុរេប្រវត្តិសាស្ត្រ «បន្ទាយគូឬភូមិមូល»។ ខ្សែខាងក្រៅធំ តំណាងឲ្យកំពែងដីខាងក្រៅ ឯខ្សែតូចខាងក្នុងតំណាងដីទួលព័ទ្ធជុំវិញមាត់គូ ដែលអ្នកខ្លះហៅថាកំពែង ខាងក្នុង។ ចំណែកខ្សែសខណ្ឌខ្សែពណ៌ត្នោតទាំងពីតំណាងឲ្យគូ។ តាមរយៈការស្រាវជ្រាវផ្នែកបុរាណ វិទ្យាស្ថានីយ «បន្ទាយគូឬភូមិមូល» ជាកន្លែងមនុស្សរស់នៅតាំងពី១០០០ឆ្នាំមុនគ្រិស្តសករាជ។ បន្ទាយគូ នេះគេបានរកឃើញភាគច្រើននៅក្នុងតំបន់ដីក្រហមក្នុងស្រុកមេមត់និងពញាក្រែកនៃខេត្តត្បូងឃ្មុំ ហើយ មួយចំនួនទៀតរកឃើញនៅតំបន់ដីក្រហមក្នុងស្រុកស្នួល ខេត្តក្រចេះ ព្រមទាំងនៅក្នុងតំបន់ដីក្រហមនៃ ប្រទេសវៀតណាមផងដែរ។ លោក ប៊ែណាហ្វីលីព ហ្គូសលីយេ អ្នកស្រាវជ្រាវជាតិបារាំង បានកំណត់ហៅ ឈ្មោះស្ថានីយនិងវត្ថុដែលរកឃើញនៅតាមតំបន់ខាងលើនេះថា «អារ្យធម៌មេមត់» ដែលជាអារ្យធម៌ចាស់ ជាងគេនៅតំបន់ដីក្រហមនៅតំបន់អា ស៊ីអាគ្នេយ៍។
ផ្ទៃខាងក្នុង គឺតំណាងសំណុសឃុំ និងទឹកឃ្មុំ។ វត្ថុដ៏មានតម្លៃរបស់ឃ្មុំដែលអ្នកស្វែងឃ្មុំប្រាថ្នាចង់បាននោះគឺ “ក្បាលទឹកឃ្មុំ” ជាទីប្រមូលផ្តុំដោយទឹកឃ្មុំមានរសផ្អែមឈ្ងុយឆ្ងាញ់ផង និងសម្រាប់ជាឱសថ ផ្សេងៗផង។ ម្យ៉ាងទៀតឃ្មុំស្ថិតក្នុងអម្បូរសត្វល្អិតរស់នៅជាក្រុម ដែលមានការតស៊ូអត់ធ្មត់ និង ឧស្សាហ៍ព្យាយាម មានសាមគ្គីគ្នាល្អ។ ហេតុនេះ ការយកឃ្មុំមកដាក់នៅក្នុងនិមិត្តសញ្ញានេះក៏ចង់បង្ហាញ ពីនិមិត្តរូបនៃការតស៊ូនិងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ។ ចំណែកទឹកឃ្មុំជានិមិត្តរូបនៃការរស់នៅដ៏ផ្អែមល្ហែម ក្នុងសហគមន៍ក៏ដូចសង្គមជាតិទាំងមូល។
រូបជើងពាននៅកណ្តាល ជារូបសំខាន់បំផុត ដោយនៅចំកណ្តាលដែលជ្រើសរើសធ្វើជានិមិត្តសញ្ញារបស់ខេត្តត្បូងឃ្មុំនោះ គឺរូប«ជើងពានបុរាណ» ធ្វើពីដីដុតឬកុលាលភាជន៍ ដែលរកឃើញពេលធ្វើកំណាយស្រាវជ្រាវនៅស្ថានីយបន្ទាយគូ។ ជើងពានជាប្រដាប់សម្រាប់ដាក់ទ្រវត្ថុមានតម្លៃ, គម្ពីរក្បួនច្បាប់ផ្សេងៗ,គ្រឿងសក្ការៈបូជាសម្រាប់ថ្វាយព្រះ ឬវត្ថុខ្ពង់ខ្ពស់សម្រាប់ព្រះរាជាជាដើម។ ម្ល៉ោះហើយ ជើងពានជានិមិត្តរូបនៃចំណេះដឹង, ភាពខ្ពង់ខ្ពស់ និង ភាពពិសិដ្ឋ។
អក្សរពណ៌ខៀវ «ខេត្តត្បូងឃ្មុំ» ជាប្រភេទអក្សរមូល ដែលវិវត្តន៍មកពីអក្សរខ្មែរសម័យអង្គរ។ ចាប់ពីសម័យក្រោយអង្គរ(ស.វ.១៤/ ១៥)មក គេច្រើនប្រើអក្សរមូលនេះដើម្បីចារលើសាស្ត្រ ឬក្រាំងផ្សេងៗ។ អក្សរនេះនៅតែមានប្រជាប្រិយ ភាពរហូតមកទល់នឹងសព្វថ្ងៃ។
ចង្វាយក្បាច់អង្គរ ចង្វាយក្បាច់នៅពីក្រោមជើងពាន គឺជាក្បាច់មួយប្រភេទហៅថា "ក្បាច់អង្គរ”។ ក្បាច់នេះឃើញ បុព្វបុរសខ្មែរនិយមឆ្លាក់តុបតែងលម្អនៅតាមប្រាង្គប្រាសាទ និងទីសក្ការៈនានា ហើយបន្តឥតដាច់តាំងពី សម័យបុរាណរហូតមកទល់សព្វថ្ងៃ។ បង្ហាញឲ្យឃើញពីការចម្រើនលូតលាស់ភោគផល ធនធានធម្មជាតិ និងភាពសម្បូណ៌ សប្បាយនៅក្នុងសង្គមដែរ។ ហេតុដូច្នេះហើយ ចង្វាយក្បាច់អង្គរដែលលើកយកលម្អនៅក្នុងនិមិត្តសញ្ញ នេះជានិមិត្តរូបនៃស្ពានតភ្ជាប់រវាងអារ្យធម៌រុងរឿងពីអតីតកាលមកបច្ចុប្បន្នកាលផង និងជាសញ្ញាណនៃ កសិ-ឧស្សាហកម្មមានដូចជាកៅស៊ូ ដំឡូងមី ស្វាយចាន់ទី និងម្រេចជាដើម ដែលជាសក្តានុពលសេដ្ឋកិច្ច របស់ខេត្តតែម្តង។
ពណ៌នៃនិមិត្តសញ្ញរបស់ខេត្តត្បូងឃ្មុំ រង្វង់មូលពីរជាន់ព័ទ្ធជុំវិញផ្នែកខាងក្រៅនៃនិមិត្តសញ្ញានេះ មានពណ៌ត្នោតគឺតំណាងឲ្យតំបន់ដី ក្រហមរបស់ខេត្តត្បូងឃ្មុំ។ ផ្ទៃរបស់និមិត្តសញ្ញារាង៦ជ្រុងតូច គឺចម្លងចេញពីសំណុំសឃុំ។ ជើងពាននៅ កណ្ដាលរំលេចដោយពណ៌ដី គឺ តំណាងឲ្យដីក្រហមនៃខេត្តត្បូងឃ្មុំផង និងពណ៌ដើមរបស់ភាជន៍ផង។ រីឯអក្សរ «ខេត្តត្បូងឃ្មុំ» មានផ្ទៃពណ៌ខៀវ គឺតំណាងឲ្យសេរីភាពផង និងតំណាងឲ្យអាកាសធាតុមូសុងផង។ ចំណែក ចង្វាយក្បាច់អង្គរពណ៍បៃតង គឺតំណាងឲ្យសក្តានុពលនៃដំណាំកសិ-ឧស្សាហ៍កម្មរបស់ខេត្ត មាន ដូចជាម្រេច ពិសេសដំណាំកៅស៊ូ ដែលគេបានចាត់ទុកជា «មាសសលើដីក្រហម»៕
ប្រភពឯកសារដកស្រង់៖ រដ្ឋបាលខេត្តត្បូងឃ្មុំ