• 2021-10-12 10:05:55
  • ព័ត៌មាន

បើទៅដល់កោះកុងហើយ អត់បានចូល ៥កន្លែងនេះ ស្ដាយកម្លាំងធ្វើដំណើរណាស់ ទេសភាពស្អាតៗផុតលេខហើយ

  • 2021-10-12 10:05:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តកោះកុង ដែនដីគ្របដណ្ដប់ដោយសម្បត្តិធម្មជាតិដ៏មហាសាល មានជ្រោះជ្រង ជ្រលងបុព្វតា ប្រកបដោយទេសភាពដ៏ស្រស់ត្រកាល ។ មិនត្រឹមជាខេត្តជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនោះទេ ខេត្តមួយនេះសម្បូរតំបន់ទេសចរណ៍វប្បធម៌ ធម្មជាតិជាច្រើនកន្លែងរាប់មិនអស់ ភ្ញៀវទេសចរបានទៅដល់ហើយនៅដិតដាមស្លាកស្នាមអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ។ ថ្ងៃនេះ Sabay សូមនាំបងប្អូនប្រិយមិត្តទៅទស្សនាទិដ្ឋភាពដ៏ត្រជាក់ភ្នែក ៥កន្លែងនៅខេត្តកោះកុង ដែលក្រុមការងារផ្លូវទៅស្រុកវគ្គ៣ បានទៅដល់នាពេលកន្លងទៅ ។

១.តំបន់អារ៉ែង

ពួនសម្ងំយ៉ាងជ្រៅក្នុងដងបុព្ធតា ដងស្ទឹងអារ៉ែង បានរក្សាទុកនូវសក្ដានុពលទេសចរណ៍ដ៏វិសេសវិសាលមួយ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

លាតសន្ធឹងកាត់ឃុំចំនួន ៣ ដងស្ទឹងអារ៉ែង មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីរង្វង់មូលស្រុកថ្មបាំង។ ជាផ្នែកមួយនៃជ្រលងអារ៉ែង ដងស្ទឹងសម្ងាត់មួយនេះ ហ៊ុមព័ទ្ធដោយព្រៃត្រូពិចដ៏ខៀវស្រងាត់ ដែលជាជម្រកសត្វព្រៃ និងជីវចម្រុះកម្រៗជាច្រើនប្រភេទ។

នៅរដូវប្រាំង ទឹកស្ទឹងហូរបន្ទាបខ្លួន រំលេចនូវឆ្នេរខ្សាច់សក្បុសជាច្រើនកន្លែង គួរឲ្យចង់ដើរលម្ហែ។ នៅលើឆ្នេរខ្សាច់ទាំងនោះ ភ្ញៀវទេសចរក៏អាចបោះតង់កម្សាន្តបែបផ្សងព្រេងបានផងដែរ។ នាព្រឹកព្រលឹមផ្សែងអ័ព្ទសស្គុះគ្របដណ្ដប់ដងស្ទឹងអារ៉ែងទាំងមូលបង្កើតបានជាបាតុភូតដ៏អស្ចារ្យក្នុងជ្រលងធម្មជាតិ អ្នកទេសចរកាលដែលបានមកកម្សាន្តនៅទីនេះហើយ មិនគួររំលងជិះកៃយ៉ាកក្នុងផ្សែងអ័ព្ទដ៏ខ្មួលខ្មាញ់ប្រៀបដូចក្នុងរឿងនិទាន ។

២. កោះស្ដេច

កោះស្ដេចគឺជាកោះដែលមានប្រជាជនរស់នៅច្រើនជាងគេ ក្នុងចំណោមប្រជុំកោះទាំង ១២ នៅស្រុកគិរីសាគរ ខេត្តកោះកុង។ មានចម្ងាយប្រមាណ ២គីឡូម៉ែត្រពីពយជប៉ុន ភ្ញៀវទេសចរអាចធ្វើដំណើរតាមអូប័រ ទៅដល់កោះស្ដេច ដោយចំណាយពេលតែ ៣នាទីប៉ុណ្ណោះ។

មានរាងដូចគ្រាប់សណ្ដែក កោះស្ដេចដែលមានផ្ទៃដីជិត២គីឡូម៉ែត្រការ៉េនេះ មានប្រជាជនរស់នៅប្រមាណ ៦០១គ្រួសារ ដែលជាង ៧០% គឺជាអ្នកប្រកបរបរនេសាទ។

នៅលើកោះស្ដេច អ្នកទេសចរអាចទស្សនាភូមិស្ថានរបស់អ្នកស្រុក រួចបន្តដំណើរទៅកាន់ទៅកាន់ភាគខាងជើងនៃកោះ ដើម្បីទស្សនាអណ្ដូងទឹកដ៏ចំណាស់មួយ ដែលផ្គត់ផ្គង់ទឹកសាបដល់ប្រជាពលរដ្ឋនៅលើកោះនេះជាយូរមកហើយ។ មិនឆ្ងាយប៉ុន្មានពីអណ្ដូងទឹកនេះ ភ្ញៀវទេសចរ នឹងប្រទះឃើញតំបន់ថ្មប៉ប្រះទឹកដ៏ស្រស់ស្អាតមួយ លាតសន្ធឹងនៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ។

ទឹកសមុទ្រនៅប្រជុំកោះស្ដេចមានសភាពថ្លាឆ្វង់ និងសម្បូរទៅដោយប្រព័ន្ធជីវចម្រុះសម្បូរបែប ដែលអំណោផលឱ្យភ្ញៀវទេសចរជ្រមុចទឹកទស្សនាកម្សាន្ត ។ សកម្មភាពសប្បាយៗទាំងនេះអាចធ្វើទៅបាននៅតំបន់ក្បែរៗកោះស្ដេចដែលចំណាយពេលជិះទូកតែ ១៥ ទៅ ៣០នាទីប៉ុណ្ណោះ ។ បន្ទាប់ពីសកម្មភាពកម្សាន្តពេញមួយថ្ងៃភ្ញៀវទេសចរអាចទៅអង្គុយសម្រាកលម្ហែកាយនៅឆ្នេរដូងនៃកោះស្ដេច រង់ចាំទស្សនាថ្ងៃលិចដ៏ស្រស់ស្អាត ។

៣.ពាមក្រសោម

ពាមក្រសោប គឺជាទីតាំងទស្សនាព្រៃកោងកាងដ៏ធំមួយនៅកម្ពុជា។ មានទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃពាមក្រសោប នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង សហគមន៍ទេសចរណ៍ធម្មជាតិមួយនេះ មានចម្ងាយប្រមាណ ៧គីឡូម៉ែត្រប៉ុណ្ណោះពីក្រុងខេមរភូមិន្ទ។

រមណីយដ្ឋានទេសចរណ៍ធម្មជាតិពាមក្រសោប ដែលអ្នកស្រុកនិយមហៅថា បាងកាយ៉ាក ពិតជាបានបង្កប់នូវសក្តានុពលធម្មជាតិដ៏សម្បូរបែប។ នៅពីក្រោមព្រៃកោងកាងដ៏ខៀវស្រងាត់ ស្ពានបេតុងមួយខ្សែប្រវែង ៦៦៦ម៉ែត្រ នឹងនាំផ្លូវភ្ញៀវទេសចរ ធ្វើដំណើរទស្សនាព្រៃកោងកាងដ៏ស្រស់ត្រកាល។ តភ្ជាប់ពីស្ពានបេតុងមួយនេះ សហគមន៍បានកសាងស្ពានយោលមួយខ្សែទៀត សម្រាប់ភ្ញៀវទេសចរដើរកម្សាន្ត។ នៅក្បែរស្ពានយោលនេះដែរ អាចឡើងលើប៉មដ៏ខ្ពស់ដើម្បីទស្សនាទិដ្ឋភាពពាមក្រសោបពីលើអាកាសបានយ៉ាងស្រស់ស្អាត។

បន្តការកម្សាន្តតាមទូកសហគមន៍ ជាញឹកញាប់យើងនឹងប្រទះទូកនេសាទតូចធំ ធ្វើសកម្មភាពយ៉ាងមមាញឹក ក្នុងការប្រមូលផលនេសាទ។ ក្នុងដំណើរទស្សនាចរណ៍នេះដែរ គេក៏មិនអាចរំលងក្រសែភ្នែកចេញពីបណ្ដុំផ្ទះបណ្ដែតទឹកតូចៗសង់នៅខាងស្ដាំដៃបានឡើយ។ នៅទីនេះ ត្រូវបានគេហៅថាភូមិចាស់ ដែលជាភូមិរបស់បងប្អូនប្រជានេសាទស្នាក់អាស្រ័យ។

បន្តដំណើរ មិនដល់ ១០នាទីផង យើងនឹងទៅដល់កូនកោះតូចមួយផូសឡើងកណ្ដាលជលសារ ដែលមានឆ្នេរខ្សាច់ និងព្រៃលិចទឹក បង្អួតសម្រស់ដាក់អ្នកទេសចរគ្រប់ៗគ្នា។ នៅលើកូនកោះមួយនេះ សហគមន៍បានរៀបតូបទេសចរណ៍តូចៗ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរដែលមកដល់ឱ្យសម្រាកលម្ហែកាយ ស្រូបយកខ្យល់អាកាសដ៏ស្រស់ស្រាយពីសមុទ្រយ៉ាងសប្បាយរីករាយបំផុត។

៤.ឆ្នេរនេសាទ

ឆ្នេរខ្សាច់ដ៏វែងអន្លាយ លាតសន្ធឹងក្រោមម្លប់ដើមដូងរាប់រយដើម ទីនេះត្រូវបានគេឲ្យឈ្មោះថាឆ្នេរនេសាទ។ ឆ្នេរនេសាទ មានទីតាំងស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង និងមានចម្ងាយ ២៥គីឡូម៉ែត្រ ពីផ្លូវបំបែកស្រុកស្រែអំបិល។ ក្នុងចំណោមឆ្នេរល្បីៗនៃខេត្តកោះកុង ឆ្នេរនេសាទកំពុងមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ច្រើនពីក្រសែភ្នែកភ្ញៀវទេសចរ។

ស្ថិតក្នុងសភាពធម្មជាតិស្ទើរតែទាំងស្រុង ទីនេះប្រមូលផ្ដុំនូវបរិយាកាសសមុទ្រដ៏ស្រស់ត្រកាល។ សន្ធឹកទឹករលកយ៉ាងគគ្រាំ គឺជាតន្រ្ដិដ៏ពីរោះប្រគំដោយធម្មជាតិ ជួយបំពេរអារម្មណ៍ភ្ញៀវទេសចរដែលទៅសម្រាកលំហែកាយ ទទួលបានអារម្មណ៍ស្រស់ថ្លា។ ចំណែកនៅចុងម្ខាងនៃឆ្នេរ រំលេចដោយដុំថ្មតូចធំក្រាលជាប់មាត់ច្រាំង។ ទិដ្ឋភាពនៅជ្រុងមួយនេះ ពិតជាមានសម្រស់ស្រស់ស្អាត មិនចាញ់ឆ្នេរខ្សាច់ប៉ុន្មានឡើយ។

៥.តំបន់ធម្មជាតិជីផាត

ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ ប៉ែកនិរតីនៃប្រទេសកម្ពុជា តំបន់អេកូទេសចរណ៍ជីផាត ជារមណីយដ្ឋានធម្មជាតិចម្រុះ ដែលអាចទស្សនាបានសម្រាប់មនុស្សគ្រប់វ័យ ជាពិសេសសម្រាប់អ្នកចូលចិត្តធ្វើដំណើរផ្សងព្រេង។

ដើម្បីអាចទៅទស្សនាសហគមន៍អេកូទេសចរណ៍ជីផាត យើងអាចធ្វើដំណើរចេញពីស្ពានអណ្ដូងទឹក ឆ្ពោះត្រង់តាមផ្លូវលំ ចម្ងាយជាង ១៧គីឡូម៉ែត្រ ដោយមធ្យោបាយផ្ទាល់ខ្លួន ឬតាមរយៈទូកសហគមន៍ ជិះកាត់តាមពាមសមុទ្រ ដែលមានទេសភាពយ៉ាងស្រស់ត្រកាល។

តំបន់អេកូទេសចរណ៍ជីផាត ពោរពេញដោយសក្តានុពលទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ដូចជាទឹកធ្លាក់អូរម្លូ ទឹកធ្លាក់ឆាយខ្ពស់ ទឹកធ្លាក់ឆាយជ្រៃ ទឹកធ្លាក់អូរទឹកវេត តំបន់ពាងនិងម្ឈូសបូរាណ និងល្អាងប្រចៀវ ដើរព្រៃ និងបោះតង់ក្នុងព្រៃជាដើម។ ភ្ញៀវទេសចរក៏អាចជិះទូកកាយាក់ មើលទេសភាពដងព្រែក ដ៏ស្រស់ត្រកាលបានផងដែរ។

អ្វីដែលកាន់តែពិសេស គឺសហគមន៍ទេសចរ បានរៀបចំជាផ្ទះស្នាក់ និងបឹងកាឡូ ដែលប្រកបដោយសុវត្ថិភាពជូនភ្ញៀវទេសចរផងដែរ។ ចំពោះម្ហូបទៀតសោត ក៏សហគមន៍មានចុងភៅចម្អិនជូនដែរ៕

មតិយោបល់