• 2021-10-15 05:01:00
  • ព័ត៌មាន

សមាគមសាលាត្រាជូ និងការិយាល័យមេធាវី សិទ្ធិស័ក្តិ ចុះ MoU ដើម្បីលើកកម្ពស់សមត្ថភាពនិស្សិត

  • 2021-10-15 05:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសាលាត្រាជូ និងការិយាល័យមេធាវី សិទ្ធិស័ក្តិ បានប្រារព្ធធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង១២ ថ្ងៃត្រង់ នៅទីស្នាក់ការការិយាល័យមេធាវី សិទ្ធិស័ក្ដិ ជាន់ទី៣ អគារមិលលីនញ៉ូម (លេខ ៦៨) ផ្លូវ ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ការចុះអនុស្សរណៈយោគយល់ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួន ២ ដោយគោលដៅទី១ គឺការកម្ពស់សមត្ថភាពនិស្សិតកម្មសិក្សាការីនៃសមាគមសាលាត្រាជូ ឱ្យទទួលបានចំណេះដឹងខាងផ្នែកទ្រឹស្តីបន្ថែម និងផ្នែកអនុវត្តដោយផ្ទាល់ តាមរយៈការបណ្ដុះបណ្ដាលពហុមុខវិជ្ជា ជាមួយអ្នកជំនាញការច្បាប់ដែលមានបទពិសោធន៍ទាំងផ្នែកស្រាវជ្រាវ និងអនុវត្ដ។ គោលដៅទី២ គឺការចូលរួមជំរុញកាលានុវត្តភាពថ្មីៗបន្ថែមទៀតជូនដល់និស្សិតច្បាប់នៅកម្ពុជា តាមរយៈការផ្ដល់ឱកាសចុះហាត់ការ និងអនុវត្តដោយផ្ទាល់ ក្នុងគោលបំណងបញ្ចូលនិស្សិតកម្មសិក្សាការីទៅក្នុងទីផ្សារការងារប្រកបដោយគុណភាព និងសីលធម៌។

នៅក្នុងកម្មវិធីនេះ ឯកឧត្ដម ទី ហ្សានិត ប្រធានគណៈកម្មការប្រតិបត្ដិសមាគមសាលាត្រាជូ បានលើកឡើងថា៖ « ការចុះអនុស្សរណៈយោគយល់នេះ តាមរយៈកម្មវិធីកម្មសិក្សាសាលាត្រាជូ ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញ និងកសាងទំនាក់ទំនងល្អបន្ថែមទៀតជាមួយបណ្ដាស្ថាប័នដៃគូសហការអោយកាន់តែមានភាពជិតស្និទ្ធ និងជាពិសេសគឺការពង្រឹងសមត្ថភាពបន្ថែមជូនដល់និស្សិត និងជាឱកាសពង្រីកដៃគូទៅស្ថាប័នផ្សេងទៀតរបស់សមាគម»។

ជាមួយគ្នានេះដែរ លោក សុន សុខកេង នាយកគ្រប់គ្រងការិយាល័យមេធាវី សិទ្ធិស័ក្ដិ ក៏បានលើកឡើងផងដែរថា៖ «តាមរយៈអនុស្សរណៈយោគយល់នេះ ការិយាល័យមេធាវីសិទ្ធិស័ក្តិនឹងចូលរួមផ្តល់ឱកាសដល់កម្មសិក្សាការីមកពីសាលាត្រាជូ ដោយផ្សារភ្ជាប់នូវចំណេះដឹងផ្នែកទ្រឹស្តីដែលបានសិក្សានៅសាលា មកប្រើប្រាស់ក៏ដូចជាស្វែងយល់បន្ថែមក្នុងការអនុវត្តជាក់ស្តែង ជាពិសេសទទួលបានបទពិសោធន៍ក្នុងការត្រៀមខ្លួនប្រកបវិជ្ជាជីវៈច្បាប់របស់គាត់ក្រោយបញ្ចប់ការសិក្សា»។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីការចុះអនុស្សរណៈយោគយល់នេះរួច សមាគមសាលាត្រាជូ នឹងរៀបចំបញ្ជូនកម្មសិក្សាការីដែលបានបញ្ចប់កម្មសិក្សានៅសមាគម អោយទៅបន្ដការចុះហាត់ការក្នុងរយៈពេល៣ខែបន្ថែមទៀតជាមួយការិយាល័យមេធាវី សិទ្ធិស័ក្ដិ។

គួររំឭកផងដែរថា កម្មវិធីកម្មសិក្សាសាលាត្រាជូ គឺជាផ្នែកមួយរបស់សមាគមសាលាត្រាជូ ដែលមានប្រជាប្រិយភាព និងការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានអ្នកច្បាប់ អ្នកប្រកបវិជ្ជាជីវៈ និស្សិត សាធារណជនទូទៅ និងបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយសកម្មភាពនានារបស់សមាគមផងដែរ។

ក្នុងនោះ កម្មវិធីកម្មសិក្សាសាលាត្រាជូ មានការចូលរួមយ៉ាងសកម្មពីសំណាក់សមាជិក សមាជិការបស់សមាគមសាលាត្រាជូ និងបានរៀបចំផែនការសកម្មភាព ដូចជា៖ ការបណ្ដុះបណ្ដាលច្បាប់ជាមូលដ្ឋាន ការបណ្ដុះបណ្ដាលច្បាប់ឯកទេស (បទបង្ហាញ) ការបណ្ដុះបណ្ដាលពិសេស ការបណ្ដុះបណ្ដាលជំនាញទន់បន្ថែម បទពិសោធន៍អនុវត្ដគម្រោងនានារបស់សមាគម ទស្សនកិច្ចសិក្សានៅបណ្ដាស្ថាប័ននានា ការតាមដានកិច្ចការស្រាវជ្រាវបញ្ចប់កម្មសិក្សា ការវាយតម្លៃកិច្ចការស្រាវជ្រាវបញ្ចប់កម្មសិក្សា និងលទ្ធភាពបន្ដការបណ្ដុះបណ្ដាលជាមួយស្ថាប័នដែលជាដៃគូសហការ។

រហូតមកដល់ពេលនេះ កម្មវិធីកម្មសិក្សាសាលាតា្រជូ បានបណ្ដុះបណ្ដាលកម្មសិក្សាការី ១៨ជំនាន់ ចំនួន១៣៣រូប ដែលក្នុងនោះភាគច្រើន បន្ទាប់ពីបានបញ្ចប់ពីកម្មវិធីកម្មសិក្សានេះ និស្សិតកម្មសិក្សា មានទុននិងមូលដ្ឋានគ្រឹះគ្រប់គ្រាន់ ដើម្បីបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ប្រឡងចូលក្របខណ្ឌបណ្ដាក្រសួងស្ថាប័ននានា ប្រឡងប្រកួតប្រជែងនៅរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី, សាលាភូមិន្ទរដ្ឋបាល និងព្រមទាំងអាចចេញប្រកបរបរវិជ្ជាជីវៈច្បាប់ ជំនួយការច្បាប់ អ្នកស្រាវជ្រាវច្បាប់ និងផ្នែកពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន៕

អត្ថបទ៖ In Sopheng

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី