• 2021-11-24 10:06:46
  • ព័ត៌មាន

មិត្តហ្វូន បរិច្ចាកទឹកប្រាក់ជិត ៥០០០ដុល្លារ ពី «កម្មវិធីកាដូបុណ្យភ្ជុំបិណ្ឌ» ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

  • 2021-11-24 10:06:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិត្តហ្វូនបរិច្ចាកទឹកប្រាក់ជិត ៥០០០ដុល្លារ ពី «កម្មវិធីកាដូបុណ្យភ្ជុំបិណ្ឌ» ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូន កាលពីពេលថ្មីៗនេះ បរិច្ចាកថវិកាជិត ៥ពាន់ដុល្លារអាមេរិក ដែលបានមកពីការចូលរួមរបស់អតិថិជនពីកម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌ» របស់ខ្លួន និងបានបរិច្ចាគថវិកានេះទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា។ នេះបើតាមការឲ្យដឹងរបស់ក្រុមហ៊ុន។

កាលពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នាពេលកន្លងទៅ ក្រុមហ៊ុនមិត្តហ្វូនបានបង្កើតកម្មវិធីមួយដែលអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនឈ្នះរង្វាន់ពិសេសនៅរៀងរាល់ពេលដែលពួកគេធ្វើការស្កេន QR ហើយរាល់ការស្កេន QR ម្ដងៗ ក្រុមហ៊ុនមិត្តហ្វូននឹងបរិច្ចាកទឹកប្រាក់ ០,០៥ដុល្លារ ដើម្បីបរិច្ចាគជូនទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា។

ឥឡូវនេះ តាមរយៈកម្មវិធីដែលបានប្រព្រឹត្តទៅពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ អតិថិជនមិត្តហ្វូនបានធ្វើប្រតិបត្តិការស្កេន QR Code សរុបចំនួន ៩៦.២៩២ ដង ហើយទឹកប្រាក់ចំនួន ៤.៨១៥ដុល្លារអាមេរិក ត្រូវបានបរិច្ចាកសម្រាប់ជាអំណោយទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា។

លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានប្រគល់អំណោយជាថវិកានេះ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ លោក ឌិនថន បានថ្លែងថា អំណោយនេះគឺជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមជាហូរហែរបស់ក្រុមហ៊ុន ដើម្បីផ្ដល់ត្រឡប់ទៅវិញទៅឲ្យសង្គមកម្ពុជា ។

លោក ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «មន្ទីរពេទ្យគន្ធបុប្ផាបានជួយសង្គ្រោះជីវិតកុមារនិងទារកដ៏ច្រើនសន្ធឹកសន្ធាប់ ហើយក្រុមហ៊ុនមិត្តហ្វូនតែងតែរីករាយក្នុងការជួយរួមចំណែកជាវិភាគទានថវិកាទៅឲ្យមន្ទីរពេទ្យ។ យើងនឹងបន្តរៃអង្គាសមូលនិធិច្រើនថែមទៀតសម្រាប់ធ្វើអំណោយទៅកាន់មន្ទីរពេទ្យ»។

លោកវេជ្ជបណ្ឌិត Denis Laurent ដែលជាអគ្គនាយកមន្ទីរពេទ្យ គន្ធបុប្ផា បានសម្ដែងនូវការអរគុណដល់ក្រុមហ៊ុនមិត្តហ្វូន ដែលតែងតែបង្កើតកម្មវិធីថ្មីៗដើម្បីរៃអង្គាសមូលនិធិគាំទ្រដល់មន្ទីរពេទ្យ ។ លោកវេជ្ជបណ្ឌិត Laurent បានថ្លែងយ៉ាងដូច្នេះថា៖ «យើងនឹងប្រើប្រាស់ថវិកាទាំងនេះដើម្បីជួយធ្វើឲ្យសុខភាពកុមារនិងទារកនៅកម្ពុជា កាន់តែប្រសើរឡើង តាមរយៈការគាំទ្រដល់សកម្មភាពនានារបស់មន្ទីរពេទ្យគន្ធបុប្ផា»។

ក្រុមហ៊ុន មិត្តហ្វូន បាននិងកំពុងនាំមុខគេនៅក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ឌីជីថលជាតិរបស់ខ្លួន។ កន្លងមក ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធិជាមួយក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីអនុវត្តគម្រោងឌីជីថលូបនីយកម្មនៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និងដឹកជញ្ជូន។ មិនត្រឹមតែផ្តោតលើអាជីវកម្មប៉ុណ្ណោះទេ មិត្តហ្វូនគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀតដែលតែងតែរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍន៍សង្គម ហើយចាត់ទុកវាជាសកម្មភាពទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់អាជីវកម្ម៕

មតិយោបល់