• 2021-11-27 03:22:18
  • ព័ត៌មាន

គ្រោង​ដើរ​លេង​នៅក្រៅ​ប្រទេស? បើ​បាន​ទៅ​សិង្ហ​បុរី​ម្តង​ទៀត មិន​ត្រូវ​មើល​រំលង​​កន្លែង​ទាំង​នេះ​ឡើយ

  • 2021-11-27 03:22:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់​ទៅ​សិង្ហ​បុរីហើយ​មែន​ទេ? ប្រាកដ​ណាស់ បើ​ទោះ​បី​លោក​អ្នក​ធ្លាប់​បាន​ទៅកម្សាន្ត​នៅ​ប្រទេស​កោះ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ពីមុនមក​ក៏ដោយ ប៉ុន្តែ វា​នៅ​តែមាន​រឿង​រ៉ាវ​​ជា​ច្រើន​ដែល​អ្នក​មិនធ្លាប់​បាន​ឃើញ និង​មិន​ធ្លាប់​បាន​ធ្វើ​ក្នុង​ទីក្រុង​សិង្ហ​បុរី​។ ចំពោះ​អ្នក​ដែលមាន​គម្រោង​ធ្វើ​ដំណើរ​កម្សាន្ត​ជាលើក​ទី​២ គួរ​តែ​​កត់ត្រា​ចំណុច​ខាងក្រោម​នេះ ដើម្បី​ប្រាកដ​ថា អ្នក​នឹង​ទទួល​បាន​បទពិសោធ​ថ្មី​​ៗ នៅ​លើ​ទឹកដីសិង្ហ​បុរី​។

១. ទទួល​យក​បទពិសោធ​ថ្មី​លើ​ដំណើរ​កម្សាន្តលើ​កោះនានា

លោក​អ្នក​នឹង​ទទួល​បាន​បទពិសោធ​ថ្មី​ៗ​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅកម្សាន្ត​នៅ​កោះ​មួយ​ក្នុង​ចំណោម​កោះ​ដែល​មានការ​ទាក់​ទាញ​បំផុត​របស់​សិង្ហ​បុរី គឺ​កោះ Coney Island​។ ស្ថិត​នៅ​ភាគឦសាន​នៃ​ប្រទេស​សិង្ហ​បុរី លោក​អ្នក​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​បាន​ដោយ​ងាយ​ទៅកាន់​កោះ​មាន​ទំហំ​៥០ហិក​តា​មួយនេះ ពី​ឧស្យាន Punggol Point Park ខណៈ​ដែល​កោះ​នេះ គឺ​ជាកន្លែង​ដ៏ល្អ​ឥត​ខ្ចោះ​សម្រាប់​ការ​​ជិះ​កង់កម្សាន្ត និង​ទស្ស​នា​សត្វ​បក្សី​។ កោះ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ផ្សេង​ទៀត​គឺ​កោះ Lazarus Island និង Pulau Seringat ស្រប​ពេល​ដែល​លោក​អ្នក​ក៏​ធ្វើ​ដំណើរ​ដោយ​សាឡាងនៅ​កំពង់​ផែ Marina South Pier ដើម្បី​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ឆ្នេ​ដ៏​ស្រស់​ស្អាត​នៃ​កោះ St John's Island ផង​ដែរ​។

ដើម្បីដឹង​កាន់​តែ​ច្បាស់​ទៀត​អំពី​កោះដ៏ស្រស់ស្អាត នៅ​សងិ្ហ​បុរី ដែល​អ្នកមិនអាចមើល​រំលង​បាន សូម​ចុច «ត្រង់នេះ»

២. ដើរ​កម្សាន្ត​ និង​ទិញ​ឥវ៉ាន់​ម៉ាក​ល្បី​ៗ​របស់​សិង្ហ​បុរី ជា​មួយនឹង​តម្លៃ​ពិសេស

ប្រាកដ​ណាស់ សិង្ហ​បុរី គឺ​ជាកន្លែង​ប្រមូល​ផ្តុំដោយ​ទំនិញម៉ាក​ល្បី​ៗ​ជាច្រើន​ទាំង​​ក្នុងស្រុក និង​អន្តរ​ជាតិ​ ខណៈ​ដែល​លោក​អ្នក​អាច​រក​ទិញ​សម្លៀក​បំពាក់ ឬ​សម្ភារៈ​ប្រើប្រាស់​នៅ​ហាង​ជា​ច្រើន​ដូច​ជា In Good Company នៅ​ផ្សារ​ទំនើប ION Orchard និង SABRINAGOH នៅ​ផ្សា​រទំនើប Raffles City Shopping Centre ជា​ដើម​។

ជា​មួយ​គ្នា​នេះ លោក​អ្នក​ក៏​អាច​​ធ្វើ​ដំណើរ​ទៅកាន់​ហាង The Tinsel Rack នៅក្នុង​ផ្សារ​ទំនើប Orchard Rd និង HollyHoque នៅផ្សារ​ទំនើប Century Square ដើម្បី​រក​ទិញ​សម្លៀក​បំពាក់​ស្លៀក​ប្រចាំ​ថ្ងៃ សម្ភារៈ​ប្រើ​ប្រាស់ ម៉ូត​ខោ​អាវ​ទាន់​សម័យ​តាម​រដូវកាល ពិសេស​សម្លៀក​បំពាក់ទាន់​សម័យ និង​សម្ភារៈ​សម្រាប់​ស្ត្រីជាមួយ​នឹងការ​បញ្ចុះ​តម្លៃ​ជាពិសេស និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​។ ប៉ុន្តែ ប្រសិន​បើ​អ្នក​ចង់​ទួល​បាន​តម្លៃ​ពិសេស លោក​អ្នក​អាចធ្វើ​ដំណើរ​ទៅកាន់​ផ្សារ​ទំនើប Mecca Queensway Shopping Centre ដើម្បី​ទិញ​សម្ភារ​កីឡា និង​ទៅ​ផ្សារ IMM Jurong ដើម្បី​ទិញ​ម៉ាក​ល្បី​ៗ​ជា​ច្រើន​ដូច​ជា Charles & Keith, Adidas និង COACH ជា​ដើម​។

ដើម្បី​ស្គាល់​ផ្សារ​ទំនើប​កាន់តែ​ច្រើន​ទៀត សូម​ចុច «ត្រង់នេះ»

៣. សាក​ល្បង​អាហារ​ប្រចាំ​តំបន់​ដ៏​ឆ្ងាញ់​ពិសារ

លោក​អ្នក​ប្រហែល​ជា​បាន​ទៅ​កម្សាន្ត​កន្លែង​ដ៏​មាន​ប្រជា​ប្រិយភាព​ដូច​ជា Maxwell Food Centre និង Newton Food Centre រួច​មក​ហើយ ហេតុនេះ លោក​អ្នក​គួរ​តែ​សាក​ល្បង​ភ្លក្ស​រស​ជាតិ​អាហារ​នៅ​ Hawker Centres ម្តង​។ ជាមួយ​គ្នា​នេះ លោក​អ្នក​ក៏​អាច​ធ្វើ​ដំណើរ​ទៅកាន់​ហាង​លក់​អាហារ​ក្បែរ​នោះ​ជា​ច្រើន​ទៀត​ដូច​ជា ABC Brickworks Market, Food Centre, Old Airport Road Food Centre, Amoy Street Food Centre, the Tampines Round Market និង Food Centre ដើម្បី​ញាំ​អាហារ​ឆ្ងាញ់​ៗ​ដូច​ជា ទាអាំង បាយ​មាន់ ស៊ុបសាច់​ត្រី និង​នំ​ការ៉ុត​បំពង​ជា​ដើម​។

៤. ក្រេប​រស​ជាតិកាហ្វេ​ និង​អាហារ​សម្រន់

សិង្ហ​បុរី គឺ​ជា​ទឹក​ដី​ដែល​ប្រមូល​ផ្តុំ​ដោយ​ហាង​កាហ្វេដ៏​សម្បូរ​បែប ខណៈ​ដែល​លោក​អ្នក​អាច​សាក​ល្បង​ភ្លក្ស​រស​ជាតិ​កាហ្វេងដ៏​ឈ្ងុយ​ឆ្ងាញ់ និងប្លែក​មាត់នៅហាង Chye Seng Huat Hardware, Symmetry និង Maison Ikkoku​។ នៅ​មិន​ទាន់​អស់​ទេ នៅ​មាន​ជម្រើស​​ជាច្រើន​ទៀត នៅ​តំបន់ Bugis និង Lavender ស្រប​ពេល​ដែល​លោក​អ្នក​ក៏​អាច​សម្រាក​ផឹក​កាហ្វេបែប​រ៉ូមែន​ទិកនៅ Twenttygrammes (twentygrammes.com) ផង​ដែរ ដែលមានការ​រចនា​ជាពិសេស​។

៥. ទទួល​យក​បទពិសោធ​ថ្មី និង​ប្លែក​អារម្មណ៍​ជាមួយនឹង​កសិដ្ឋាននៅ​សិង្ហ​បុរី

ពិតណាស់ សិង្ហ​បុរី មានភាពល្បាញក្នុង​នាម​ជា​ទីក្រុង​ទំនើប និង​ប្រមូល​ផ្តុំ​ដោយ​ទី​ប្រជុំ​ជន ប៉ុន្តែ លោក​អ្នក​ប្រាកដ​ជា​ភ្ញាក់ផ្អើល​ នៅ​ពេល​ដែល​បាន​ឃើញ​កសិដ្ឋាន​ជាច្រើន​នៅ​ជាយ​ទីក្រុង​។ Bollywood Veggies, Lian Wah Hang Quail Farm និង Jurong Frog Farm សុទ្ធ​សឹង​ជាកន្លែង​​ដ៏​គួរ​ឲ្យ​ទាក់​ទាញ ក្នុងការ​ទៅដើរ​កម្សាន្តក្នុង​ពេល​ដ៏ខ្លី ប៉ុន្តែ ប្រសិន​បើ​លោក​អ្នក​ចង់​ចំណាយ​ពេល​វេលា​យូរ លោក​អ្នក​អាច​ធ្វើ​ដំណើរ​ទៅកាន់រមណីយដ្ឋាន​កសិដ្ឋាន D’Kranji Farm Resort ដែល​ជា​កន្លែង​សម្រាក​លំហែរ​ មាន​ទីតាំងស្ថិតនៅតំបន់ Lim Chu Kang ដោយ​នៅ​ទីនេះ មាន​វីឡា​ស្រស់ស្អាត​ជាច្រើន កន្លែង​ស្ប៉ាញ និង​កន្លែង​ចិញ្ចឹម​បង្កង​។​

បន្ថែម​ទៅលើ​នេះ លោក​អ្នក​ក៏​អាច​ធ្វើ​ដំណើរ​ទៅកាន់​កសិដ្ឋាន​ដាំបន្លែ Edible Garden City ដើម្បី​ទៅ​ទស្ស​នា​កន្លែង​ដាំ​បន្លែ​របស់​សិង្ហ​បុរី ក្នុងភាព​ច្នៃ​ប្រឌិត​ខ្ពស់ ជាពិសេស​លោក​អ្នក​នឹង​ប្លែក​ភ្នែក​​ជាមួយនឹង​ទេស​ភាព​បៃតង និង​បច្ចេក​ទេស​ដាំ​បន្លែ​ដ៏គួរ​ឲ្យ​អារម្មណ៍​ ខណៈ​កសិដ្ឋាន​នេះ​មាន​ទី​តាំងនៅ Jalan Penjara ក្នុង​តំបន់ Queenstown។

៦. ធ្វើ​ដំណើរ​ទៅ​ទស្ស​ន​កិច្ច​នៅ​សារមន្ទីរ និង​វិចិត្រសាល​នានា

ក្រៅពី​សារមន្ទីរ National Museum of Singapore និង​សារ​មន្ទីរ​ដ៏ល្បីល្បាញទូ​ទាំង​ពិភព​លោកជា​ច្រើន​ដូច​ជា National Gallery Singapore ប្រទេស​សិង្ហ​បុរី ក៏​ប្រមូលផ្តុំ​ដោយ​កន្លែង​វប្បធម៌ដ៏​ស្រស់​ស្អាត​ផង​ដែរ​។ អ្នក​ដែល​ចូ​ចិត្ត​វប្ប​ធម៌​តាម​សម័យ​កាល អាច​ធ្វើ​ដំណើរ​ទៅ​ទស្ស​ន​កិច្ច​នៅ MINT Museum of Toys ស្រប​ពេល​ដែលលោក​អ្នក​នឹង​ប្លែក​ភ្នែក និង​ប្លែក​អារម្មណ៍ ប្រសិន​បើ​ទៅ​ទស្ស​ន​កិច្ច​នៅ​សារ​មន្ទីរ​កាមេរ៉ា Camera Museum ដែល​ប្រមូល​ផ្តុំ​ដោយ​កាមេរ៉ា​ចាស់​ៗ ក៏ដូច​ជា​គ្រឿង​ទាក់​ទង​​នឹង​កាមេរ៉ារហូត​ដល់ទៅ​១០០០​។ ជាមួយ​គ្នា​នេះ សា​រមន្ទីរ Baba House Museum ក៏​ជាកន្លែង​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ ដោយ​នៅ​ទីនេះ ជាកន្លែង​ប្រមូល​ម្តុំ​ដោយ​គ្រឿង​សង្ហារឹម វាយ​នភណ្ឌ សេរ៉ាមិក អក្សផ្ចង់ គំនូរ រូប​ថត និង​វត្ថុ​លម្អជាច្រើនផ្សេង​ទៀត​។

៧. ទស្ស​ន​កិច្ច​នៅ​កន្លែង​ដ៏​ស្រស់​ស្អាត​ជាច្រើន

សិង្ហ​បុរី គឺ​ជាកន្លែង​ប្រមូល​ផ្តុំ​ដោយ​ទី​កន្លែង​បៃ​តងដ៏​ស្រស់​ស្អាត​ជាច្រើន ក៏ដូច​ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​។ លោក​អ្នក​​អាច​ធ្វើ​ដំណើរ​ទៅកម្សាន្តនៅឧស្យា East Coast Park និង​ដើរ​កម្សាន្ត​នៅ​តាម​ឆ្នេរ​ មុន​នឹង​ធ្វើ​ដំណើរ​ទៅកម្សាន្ត​នៅ​ MacRitchie Reservoir និង​ដើរ​លើ​ស្ពាន​យោល​ប្រវែង​២៥០​ម៉ែត្រ HSBC Tree Top Walk​ហើយ​បន្ត​ធ្វើ​ដំណើរ​ទៅកាន់ Mandai ឬ​ឧស្យាន Punggol Waterway Park​។

៨. បន្ត​ដំណើរ​កម្សាន្ត​នៅកន្លែង​បេតិកភណ្ឌ

លោក​អ្នក​អាច​ស្វែង​យល់​ពី​ប្រវត្តិ​សាស្ត្រ​របស់​សិង្ហ​បុរី ជាមួយ​នឹង​​ការ​ធ្វើដំណើរ​ទៅកាន់​កន្លែង​បេតិកភណ្ឌនានា ដូច​ជា Queenstown និង Changi Museum ជា​ដើម​​។ នៅ​សង្កាត់ Dawson និង Alexandra ក្នុង​តំបន់ Queenstown ក៏​មាន​ការផ្តល់​ជូន​​មគ្គុទ្ទេស​ទេសចរណ៍​ដែល​មិនគិត​ថ្លៃ​សេវា​ផង​ដែរ ប៉ុន្តែ ត្រូវ​តែ​ធ្វើការ​ចុះ​ឈ្មោះ​ជា​មុន ស្រប​ពេល​ដែល​លោក​អ្នក​ក៏​​ទទួល​បាន​បទពិសោធពី​តំបន់​ប្រវត្តិ​សាស្ត្រ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២ ជុំ​វិញ​តំបន់ Changi ផងដែរ​។

៩. ប្លែក​អារម្មណ៍​តាម​រយៈ​​ការ​ទៅដើរកម្សាន្ត​នៅ​ផ្សារ​ត្រី

លោក​អ្នក​នឹងប្លែក​អារម្មណ៍​ជា​ពិសេស​នៅពេល​ដែល​ធ្វើ​ដំណើរ​ទៅកាន់​ផ្សារ​លក់ត្រី និងសាច់​នៅសង្កាត់​ជាច្រើន​ដូច​ជា Tiong Bahru (ផ្សារ​ Tiong Bahru Wet Market), Chinatown (ផ្សារ Chinatown Complex) និង Little India (ផ្សារ Tekka Centre) ដោយ​នៅ​ទី​នោះ មានលក់​ផលិត​ផល​ស្រស់​ៗ សាច់​កក គ្រឿង​ទេស អាហារ​គ្រាម និង​ទំនិញ​ជាច្រើន​ទៀត​​។ មិនត្រឹម​តែ​ប៉ុណ្ណោះ លោក​អ្នក​ក៏​អាច​ដឹង​កាន់​តែ​ច្បាស់​ពី​ការ​លក់​ដូរ​របស់​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​ទាំង​នោះ​ផងដែរ​។

១០. រក្សា​ភាព​សកម្ម​ជានិច្ច

មាន​សកម្ម​ភាព​ជាច្រើន​ដែល​លោក​អ្នក​អាច​ធ្វើ​បាន ដើម្បី​ធ្វើ​ឲ្យ​អារម្មណ៍​របស់​លោក​អ្នក​នៅ​តែ​មាន​ភាព​ស្រស់​ស្រាយ​ជានិច្ច​។ លោក​អ្នក​អាច​ធ្វើ​ដំណើរ​ទៅកាន់​កន្លែង​ហាត់​​ប្រាណ​សា​ធារណៈ AMPED ឬ​ក៏សាក​ល្បង​ជាមួយ​នឹង​កីឡា​ឡើង​ភ្នំ នៅ Kallang Wave Mall​។ ជាមួយ​គ្នា​នេះ លោកអ្នក​អាច​ទៅ​កម្សាន្ត​នៅ​កន្លែង​លេងកម្សាន្ត Escape Room ដើម្បី​ជំនួយ​ផ្នែក​ស្មារតី ក៏ដូច​ជា​សកម្មភាពហាត់​ប្រាណ​ជា​ច្រើនផ្សេង​ទៀត​ដែលលោក​អ្នក​ចូលចិត្ត បើ​ទោះ​បី​ជា​អ្នក​ជា​ភ្ញៀវ​ទេសចរ​​ក៏ដោយ​៕

ប្រភព​ព័ត៌​មាន​៖ visitsingapore.com

អត្ថបទ៖ In Sopheng

មតិយោបល់