- 2021-11-30 04:08:36
- ព័ត៌មាន
ក្រុមល្ខោនប្រមូលផ្ដុំសិល្បករចាស់ៗ ប្រកាសដំណើរការឡើងវិញ នឹងស្នើឲ្យទស្សនិកជនទៅដោះដូរសំបុត្រ
- 2021-11-30 04:08:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមល្ខោនប្រមូលផ្ដុំសិល្បករចាស់ៗ ប្រកាសដំណើរការឡើងវិញ នឹងស្នើឲ្យទស្សនិកជនទៅដោះដូរសំបុត្រ
ចន្លោះមិនឃើញ
ក្រុមសម្ដែងល្ខោនមួយក្រុមដែលប្រមូលផ្ដុំដោយសិល្បករចាស់ៗ បានប្រកាសពីការបើកដំណើរឡើងវិញនូវការសម្ដែងរបស់ខ្លួនក្រោយពីអាក់ខានការសម្ដែងអស់រយៈពេលជិត ២ឆ្នាំដោយសារការរំខានដោយមេរោគកូវីដ១៩។
តាមសិល្បករល្ខោនម្នាក់ក្នុងក្រុមខាងលើបានឲ្យដឹងថា ក្រុមពួកគេ គឺជាអតីតសិល្បករ សិល្បការិនីរបាំព្រះរាជទ្រព្យ ហើយដើម្បីឡើយ បានដាក់កាលវិភាគសម្ដែងល្ខោនរឿង "ព្រះអនរុទ្ធ ព្រះនាងឱស្សា" កាលពីប្រមាណ ២ឆ្នាំមុន ពោលគឺមុនការរីករាលដាលរបស់កូវីដ១៩។ ប៉ុន្តែក្រោយការមកដល់នៃមេរោគនេះ ក្រុមសម្ដែងរបស់លោក បានពន្យារពេលម្ដងហើយម្ដងទៀត។
យ៉ាងណា ក្រោយរាជរដ្ឋាភិបាលទើបនឹងអនុញ្ញាតិឲ្យមានការបើកប្រទេសឡើងវិញ ហើយឲ្យប្រជាពលរដ្ឋរស់ក្នុងសភាពធម្មតាឡើងវិញ ក្រុមសម្ដែងប្រមូលផ្ដុំដោយសិល្បករចាស់របស់លោក ក៏បានរៀបកាលវិភាគថ្មីសម្រាប់ការសម្ដែងដែរ។ កាលវិភាគថ្មីនេះ ក្រុមសម្ដែងខាងលើ នឹងដំណើរការសម្ដែងនៅថ្ងៃទី ៤-៥ ធ្នូ ២០២១នេះ ដែលក្នុង១ថ្ងៃមានការសម្ដែង ២វេន។
អាស្រ័យហេតុនេះ សិល្បករល្ខោនរូបនេះ បានស្នើឲ្យទស្សនិកជនដែលបានទិញសំបុត្រហើយកាលពីពេលមុន ទៅធ្វើការផ្លាស់ប្ដូរសំបុត្រសម្រាប់ការសម្ដែងថ្មីនេះវិញ។
ក្រោយពីដំណើរប្រទេសប្រក្រតីឡើងវិញបានមួយរយៈខ្លី នៅម្សិលមិញនេះ រាជរដ្ឋាភិបាលតាមរយៈ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសប្រភេទបំប្លែងថ្មី "អូមីក្រុង" ដែលបាន និងកំពុងធ្វើឲ្យពិភពលោកព្រួយបារម្ភជាថ្មី។
ចំពោះបញ្ហានេះ សិល្បករជើងចាស់ដដែលបានបញ្ជាក់ថា ក្រុមការងាររបស់លោកបានធ្វើការបញ្ជាក់ជាមួយសាលារាជធានីរួចហើយអំពីផែនការដំណើរសម្ដែងខាងលើ។ ជាលទ្ធផលសាលារាជធានី បានអនុញ្ញាតិឲ្យសម្ដែង ដោយគ្រាន់តែធ្វើយ៉ាងណា គ្រប់គ្រងការចូលទស្សនា ដោយត្រូវរក្សាគម្លាត និងកុំឲ្យមានមនុស្សច្រើនពេក បូករួមទាំងអនុវត្ត ៣កុំ ៣ការពារផង៕