• 2021-12-01 04:57:34
  • ព័ត៌មាន

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន បរិច្ចាគថវិកា២លានដុល្លារ ដល់ប្រទេសឡាវ

  • 2021-12-01 04:57:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកជំទាវ ម៉ៅ ចំណាន ព្រមទាំងក្រុមគ្រួសារ បានបរិច្ចាគនូវថវិកា២លានដុល្លារ ដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តាមរយៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។

ពិធីប្រគល់ថវិកានេះត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយ ឯកឧត្តម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តីឡាវ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃ។

សកម្មភាពមនុស្សធម៌នេះគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន ដើម្បីពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពប្រពៃណី សាមគ្គីភាព ភាតរភាព ភាពជាដៃគូយុទ្ធសាស្ត្រ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ។ អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងក្រុមគ្រួសារតែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋភិបាលកម្ពុជាដើម្បីគាំទ្រដល់សហគមន៍ដែលរងប៉ះពាល់ដោយសារជំងឺកូវីដ១៩។ កាលពីខែធ្នូ ឆ្នាំ ២០២០កន្លងទៅ អ្នកឧកញ៉ា គិត ម៉េង បានបរិច្ចាគថវិកា៣លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

នៅខែមិនា ឆ្នាំ២០២១ អ្នកឧកញ៉ា គិត ម៉េង ក៏បានបរិច្ចាគថវិកា៣លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងបានបរិច្ចាគថវិកា២លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទិញមន្ទីរពេទ្យ «នគរទេព» មកធ្វើជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ១៩៕

មតិយោបល់