
- 2021-12-04 02:01:00
- ព័ត៌មាន
សិង្ហបុរីមានលក្ខខណៈពិសេសអីខ្លះ? ទើបទាក់ទាញឲ្យមនុស្សជាច្រើនទៅទេសចរណ៍នៅទីនោះ
- 2021-12-04 02:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរីមានលក្ខខណៈពិសេសអីខ្លះ? ទើបទាក់ទាញឲ្យមនុស្សជាច្រើនទៅទេសចរណ៍នៅទីនោះ
ចន្លោះមិនឃើញ
ការប្រមូលផ្តុំដោយតំបន់ទេសចរណ៍ចម្រុះទាំងវប្បធម៌ និងអេកូទេសចរណ៍ ម្ហូបអាហារឆ្ងាញ់ៗដ៏សម្បូរបែប និងមានអនាម័យ បរិស្ថានស្អាត ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងរមណីយដ្ឋានដ៏ទាក់ទាញជាច្រើន កន្លែងកម្សាន្តទំនើបៗ និងស៊ីវីឡៃ សម្រាប់ទាំងក្មេង និងមនុស្សចាស់ ការប្រមូលផ្តុំផ្សារទំនើបដែលមានការរចនាផ្សេងៗគ្នា និងលក្ខខណៈពិសេសជាច្រើនទៀត សុទ្ធសឹងជាសម្រស់ដែលទាក់ទាញមនុស្សជាច្រើនទូទាំងពិភពក្នុងការធ្វើដំណើរទៅកម្សាន្តនៅសិង្ហបុរី ក្នុងនោះរាប់បញ្ចូលទាំងប្រជាជនកម្ពុជា ផងដែរ។
ជាមួយគ្នានេះ ភាពមមាញឹក និងភាពរួសរាយរាក់ទាក់របស់ពលរដ្ឋនៅសិង្ហបុរី ក៏ដូចជា ភាពច្នៃប្រឌិតខ្ពស់នៃការរៀបចំសណ្ឋាប់ធ្នាប់តាមទីសាធារណៈ និងកន្លែងកម្សាន្តនានា ក៏ជាចំណុចនៃការទាក់ទាញភ្ញៀវទេសចរក្នុងការធ្វើដំណើរកម្សាន្តប្រទេសកោះមួយនេះផងដែរ។
លោកហេង សុធារិទ្ធិ ដែលជាបុគ្គលិកផ្នែកសរសេរអត្ថបទម្នាក់ បានចែករំលែកបទពិសោធផ្ទាល់ខ្លួនរបស់លោក នៅពេលដែលលោកបានធ្វើដំណើរទៅទស្សនកិច្ចក្នុងប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៧ បើទោះបីលោកបានចំណាយពេលត្រឹមតែ៤ថ្ងៃ ដើម្បីបំពេញការងារនៅទីនោះក៏ដោយ។
លោកបានប្រាប់ Sabay ថា៖ «បាទ ខ្ញុំធ្លាប់ទៅប្រទេសសិង្ហបុរី។ កាលនោះខ្ញុំទៅបំពេញការងារ រយៈពេល៣យប់ ៤ថ្ងៃកាលពីឆ្នាំ២០១៧។ កន្លែងដែលខ្ញុំបានទៅមាន Marina Bay Sands Singapore, Singapore Universal Studios, Orchard Road និង Singapore Indoor Stadium»។
លោកបានប្រាប់បន្តថា៖ «ពេលទៅដល់ទីនោះ ខ្ញុំបានកត់សម្គាល់ឃើញមានអគារពាណិជ្ជកម្មខ្ពស់ៗផ្ដុំគ្នាចំណុចតែមួយ ចរាចរណ៍គោរពច្បាប់ល្អ ជាប្រទេសទំនើប គ្មានសំរាម សម្បូររថយន្តទំនើបៗ និងមានម្អូបអាហារឆ្ងាញ់ៗ ប៉ុន្តែសម្បូរកន្លែងកម្សាន្តបែបច្នៃប្រឌិត សុវត្ថិភាព និងការរស់នៅរបស់ប្រជាជនមានសណ្ដាប់ធ្នាប់ ដែលខ្ញុំមិនធ្លាប់បានឃើញពីមុនមក»។
នៅពេលដែលត្រូវបានចោតសួរថា តើលោកចង់ទៅដើរលេងនៅសិង្ហបុរីម្តងទៀត ដែរ ឬទេ ហើយបើងចង់ ហេតុអ្វី? លោកបានឆ្លើយថា៖ «បាទ ខ្ញុំពិតជាចង់ទៅម្ដងទៀត ព្រោះខ្ញុំចង់ដឹងថារយៈពេល៤ឆ្នាំមកនេះ សិង្ហបុរីមានការផ្លាស់ប្ដូរអ្វីខ្លះ។ ដោយសារតែខ្ញុំបានទៅសិង្ហបុរីក្នុងរយៈពេលខ្លី ខ្ញុំចង់ទៅម្ដងទៀតនូវទីតាំងដែលខ្ញុំបានរៀបរាប់ខាងលើ និងកន្លែងដែលជាច្រើនទៀតដូចជា Jurong Bird Park, Sentosa, Flower Dome និង Supertree Grove ដែលជាកន្លែងខ្ញុំមិនទាន់បានទៅ»។
ស្របពេលជាមួយគ្នានេះ អ្នកស្រីចាន់ សុធារី ដែលជាបុគ្គលិកឯកជនម្នាក់ បានលើកឡើងដូចគ្នានេះ តាមរយៈការបញ្ជាក់ថា៖ «ខ្ញុំពិតជាចង់ទៅដើរលេងនៅសិង្ហបុរីម្តងទៀត ព្រោះថា សិង្ហបុរី ជាប្រទេសមានភាពទំនើប មានកន្លែងដើរលេងច្រើនទាំងសម្រាប់ក្មេងៗ និងមនុស្សចាស់ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា សិង្ហបុរីមានភាពច្នៃប្រឌិតខ្ពស់លើការរចនារមណីយដ្ឋាននានា។ ខ្ញុំក៏ចង់ទៅកម្សាន្តកន្លែងទើបបង្កើតថ្មីៗផងដែរ ហើយការចំណាយលើការចូលកម្សាន្តនៅកន្លែងនានា ក៏សមហេតុផលផងដែរ ពោលគឺចូលហើយមិនស្តាយលុយ»។
អ្នកស្រី បានទៅដើរលេង២លើករួចមកហើយ គឺនៅឆ្នាំ ២០១៣ និង ២០១៧ ជាមួយនឹងក្រុមគ្រួសារ និងកូនៗ របស់អ្នកស្រី ដោយកាលនោះអ្នកស្រីបានទៅដើរលេងកន្លែងជាច្រើនដូចជា Gardens By The Bay, S.E.A Aquarium, Marina Bay Sands, Singapore Flyer, Universal Studios Theme Park, Merlion Park, National Gallery Singapore ព្រំដែនម៉ាឡេស៊ី និងសិង្ហបុរី សារមន្ទីរ Art Science នៅ Marina Bay Sands, បណ្ណាល័យជាតិ Singapore, Fountain of Wealth, Private Street Food Tour និង Mint Museum of Toys។
ក្នុងចំណោមកន្លែងទាំងអស់ អ្នកស្រីចាប់អារម្មណ៍ជាពិសេស ពេលទៅកម្សាន្តនៅ S.E.A Aquarium ដោយសារតែទីនេះ ធ្វើឲ្យក្រុមគ្រួសារអ្នកស្រីប្លែកអារម្មណ៍ និងប្លែកភ្នែក ក៏ដូចជា កោតសរសើរស្នាដៃនៃការរៀបចំដែលមានលក្ខខណៈច្នៃប្រឌិតខ្ពស់។
ជាមួយគ្នានេះ ពេលទៅដើរកម្សាន្តនៅសិង្ហបុរី ស្រីពៅ បានកត់សម្គាល់ឃើញថា ប្រទេសនេះ ភាពរីកចម្រើនខ្លាំងទាំងក្នុងទីក្រុង និងជាយក្រុង ប្រជាជនភាគច្រើនគឺរវល់ខ្លាំង មានកន្លែងគេង អាហារឆ្ងាញ់ៗ មានអនាម័យ តម្លៃសមរម្យ ជាចម្រើនជម្រើស ឱ្យតែចេះរកកន្លែង ប្រជាជនមានវិន័យល្អ មិនបារម្ភពីរឿងអសន្តិសុខ ជាដើម។
ភ្ញៀវទេសចរកម្ពុជា ម្នាក់ទៀត បានបញ្ជាក់ថា លោកក៏ធ្លាប់បានធ្វើដំណើរទៅប្រទេសសិង្ហបុរី ១លើកដែរ ប៉ុន្តែ ទៅដើម្បីបំពេញការងារ និងបានចំណាយពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ កាលពីដើមឆ្នាំ២០១៨។ ពេលទៅដល់ភ្លាម លោកហៃ សុខខេង ដែលសព្វថ្ងៃជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ បានកត់សម្គាល់ឃើញថា៖ «ខ្ញុំបានឃើញពីបរិស្ថានស្អាតល្អ មានពោរពេញដោយរុក្ខជាតិបៃតងគ្រប់ទីកន្លែង និងសំណង់មួយចំនួនមានភាពទាក់ទាញ។ ខ្ញុំបានឆ្លៀតទៅកម្សាន្តតែនៅ Merlion Park ដែលទីកន្លែងដ៏ពេញនិយម ប៉ុណ្ណោះ»។
ដោយហេតុថា លោកបានចំណាយពេលខ្លីពេកនៅសិង្ហបុរី និងមិនបានធ្វើដំណើរទៅដើរលេងនៅកន្លែងទេសចរណ៍ឲ្យបានច្រើន លោកសុខខេង បានបញ្ជាក់ថា៖ «ខ្ញុំចង់ទៅម្ដងទៀត ជាការដើរលេងកម្សាន្តសុទ្ធសាធ មិនមានពាក់ព័ន្ធនឹងការងារ ដោយហេតុថាចង់ដើរលេងឲ្យច្រើនកន្លែងជាងមុន ហើយកន្លែងដែលចង់ទៅបំផុតនោះគឺសួនរុក្ខជាតិ Supertree Grove, Marina Bay Sand និងហាង Apple Store នៅក្នុងព្រលានយន្តហោះ»៕