- 2021-12-14 02:42:52
- សេដ្ឋកិច្ច
ត្រៀមតែលុយទៅ! តាមអ្នកជំនាញ ទីផ្សារខុនដូ នឹងហក់ឡើងខ្លាំងនៅក្នុងឆ្នាំ ២០២២
- 2021-12-14 02:42:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រៀមតែលុយទៅ! តាមអ្នកជំនាញ ទីផ្សារខុនដូ នឹងហក់ឡើងខ្លាំងនៅក្នុងឆ្នាំ ២០២២
ចន្លោះមិនឃើញ
អស់រយៈពេលប្រមាណ ២ឆ្នាំក្រោមការគំរាមរបស់កូវីដ១៩ វិស័យអចលនទ្រព្យរបស់កម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានា រងផលប៉ះពាល់ស្ទើរសន្លប់ស្ដូកស្ដឹង នៅក្នុងនោះ តម្រូវការបន្ទប់ឯកជនទំនើប ឬ Condo ក៏ដូចគ្នា។ យ៉ាងណាឥឡូវនេះ មានការប៉ាន់ប្រមាណថា ២០២២ ខាងមុខនេះ តម្រូវការមួយប្រភេទនេះ នឹងកើនឡើងខ្ពស់។ នេះបើតាមអ្នកជំនាញ។
លោក ខន គង្គា អគ្គនាយកភ្នាក់ងារអចលនទ្រព្យ ERA Cambodia ភ្នាក់ងារកម្រិតអន្តរជាតិដែលផ្ដោតលើការសម្របសម្រួលលក់ Condo និងការិយាល័យបែបទំនើប បានព្យាករណ៍ដូច្នេះ ដោយផ្អែកលើកត្តាមួយចំនួន។ កត្តាទី១ និងសំខាន់បំផុតនោះ គឺផ្អែកលើស្ថានភាពកូវីដ១៩នៅកម្ពុជាបានវិវត្តមកល្អប្រសើរ ដោយរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកប្រទេស និងដំណើរការលើគ្រប់វិស័យឡើងវិញ។
ជាមួយគ្នាដែរ រាជរដ្ឋាភិបាលក៏ទើបនឹងដាក់ចេញនូវផែនការមិនតម្រូវឲ្យភ្ញៀវមកពីបរទេសធ្វើចត្តាឡីស័ក សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងបានរួចរាល់ហើយ។ ចំណុចនេះ នឹងជំរុញកំណើនលំហូវិនិយោគិនអន្តរជាតិចូលមកកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ហើយវានឹងជះឥទ្ធិពលទៅលើវិស័យអចលនទ្រព្យក្នុងស្រុក ពិសេស Condo តែម្ដង។
ចំណុចទី២ គឺមានពាក់ព័ន្ធនឹងសេដ្ឋកិច្ចរបស់កម្ពុជា ដែលប៉ុន្មានកន្លងមក គឺអាចរក្សាបានកំណើនថេរ ៧%ក្នុងមួយឆ្នាំ ហើយបើទោះ២ឆ្នាំចុងក្រោយមានការធ្លាក់ចុះបន្តិចដោយសារកូវីដ១៩ ប៉ុន្តែកម្ពុជានៅតែមានកំណើនសេដ្ឋកិច្ចល្អប្រសើរ ហើយវានឹងរឹតតែប្រសើរសម្រាប់ឆ្នាំខាងមុខ។
ដោយឡែកចំណុចទី៣ ដោយផ្សារភ្ជាប់នឹងចំណុចទី២ អំពីកត្តាសេដ្ឋកិច្ចរបស់កម្ពុជា គឺអំណោយផលដល់កត្តាជីវភាពរបស់ប្រជាពលរដ្ឋដែរ។ លោក ខន គង្គា បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា មានការរីកចម្រើនខ្លាំងគួរឲ្យចាប់អារម្មណ៍ចំពោះការប្រែប្រួលជីវភាព ដែលគេអាចមើលឃើញលើកំណើននៃការប្រើប្រាស់យានយន្ត និងតម្រូវការផ្សេងទៀតដូចជា អចលនទ្រព្យជាដើម។
អគ្គនាយកក្រុមហ៊ុនដដែល សង្កត់ធ្ងន់ថា នៅក្នុងឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋក្នុងស្រុកផ្ដើមមានចំណាប់អារម្មណ៍ច្រើនលើអចលនទ្រព្យប្រភេទខុនដូនេះ។ ដូច្នេះហើយ ទើប ERA Cambodia របស់លោកបានអនុវត្តចក្ខុវិស័យដែលផ្ដោតទៅលើអតិថិជនក្នុងស្រុក ដែលតាមរយៈនេះU+200b បាននាំឲ្យលោកកំណត់បានថា អតិថិជនក្នុងស្រុកដែលចាប់អារម្មណ៍វិនិយោគលើសំណង់ Condo តាមរយៈសេវាកម្មរបស់ក្រុមហ៊ុនលោក គឺមានចំនួនដល់ទៅ ៩៥%។
ដូច្នេះហើយសំអាងលើហេតុផលធំៗទាំងនេះ ការវិនិយោគលើ Condo នឹងមានការកើនឡើង។ "ខ្ញុំអាចនិយាយបានថា ការវិនិយោគ Condo ក្នុងឆ្នាំ ២០២២ នឹងកើនឡើង ក្នុងនោះការវិនិយោគពីវិនិយោគិនបរទេសក៏កើន ហើយវិនិយោគិនក្នុងស្រុកក៏កើនឡើងដូចគ្នា"។
មើលឃើញពីឱកាសនេះ ERA Cambodia ភ្នាក់ងារអចលនទ្រព្យកម្រិតអន្តរជាតិដែលមានការិយាល័យនៅ៣៨ប្រទេស និងមានភ្នាក់ងារលក់ជាង ៤ម៉ឺននាក់ បានបើកដំណើរសាខាការិយាល័យរបស់ខ្លួនទី៣នៅអគារ GIA នាទីក្រុងកោះពេជ្រថ្មីៗនេះ៕