/61bfea35b7a2d_1639967280_medium.jpg)
- 2021-12-20 02:34:03
- ព័ត៌មាន
សមត្ថកិច្ចនៅមិនសុខ ចេញមកបញ្ជាក់ថា អ៊ាន សៀវម៉ី មិនបានបាត់លុយដល់ជិត ១០លានដុល្លារនោះទេ!
- 2021-12-20 02:34:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថកិច្ចនៅមិនសុខ ចេញមកបញ្ជាក់ថា អ៊ាន សៀវម៉ី មិនបានបាត់លុយដល់ជិត ១០លានដុល្លារនោះទេ!
ចន្លោះមិនឃើញ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃនេះ បានចេញសេចក្ដីស្រាយបំភ្លឺមួយជុំវិញការខូចខាតទ្រព្យសម្បត្តិដោយអំពើប្លន់ទាំងកណ្ដាលថ្ងៃនៅម្សិលមិញនេះ ថាការខូចខាតជាក់ស្ដែងមិនដូចតួលេខដែលប្រិយមិត្តបានឃើញតាមរយៈសារព័ត៌មាននោះទេ។
ក្នុងអំពើប្លន់ម្សិលមិញលើភូមិគ្រឹះឧកញ្ញ៉ា អ៊ាន សៀវម៉ី អ្នកលក់ឡេដ៏ល្បីឈ្មោះមួយរូប បានធ្វើឲ្យទស្សនិកជនបើកភ្នែកធំៗ ក្រោយភ្លាមៗមានរបាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិដ៏មហាសាលដល់ទៅជិត ១០លានដុល្លារអាមេរិក។ ប៉ុន្តែនៅថ្ងៃនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកច្រានចោលរបាយការណ៍ខាងលើនេះ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ឧកញ៉ា អ៊ាន សៀវម៉ី មិនបានបាត់បង់លុយច្រើនសន្ធឹកសន្ធាប់ដូចព័ត៌មាននោះទេ។ "មានសារព័ត៌មានមួយចំនួនបានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុុម បានចូលប្លន់ទ្រព្យសម្បត្តិ នៅផ្ទះលោកស្រី អ៊ាន សៀវមុី ដោយបានប្លន់យកលុយ និងគ្រឿងអលង្កការ សរុប ចំនួន ១០លានដុល្លារ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រេីនលេីសលុបនេះ"។
ជាមួយគ្នា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា តាមការស្រាវជ្រាវ និងសាកសួរ ក្នុងនោះតាមចម្លេីយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡេីយ គឺបាត់តែខ្សែកពេជ្រ ចំនួន ៣ខ្សែតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ស្ថាប័នមានសមត្ថកិច្ចខាងលើមិនបានបញ្ចេញលម្អិតជុំវិញតម្លៃ នៃគ្រឿងអលង្ការពេជ្រ ចំនួន ៣ខ្សែនេះ ដែលត្រូវបានចោរប្លន់ប្រដាប់អាវុធបានយកទៅនោះឡើយ។
ក្រុមចោរប្លន់ប្រដាប់អាវុធ ចំនួន ៤ នាក់ បានចូលប្លន់យកទ្រព្យសម្បត្តិ មាសប្រាក់ របស់ឧកញ៉ា អ៊ាន សៀវម៉ី អស់ជាច្រើនលានដុល្លារ។ ករណីនេះ ក្រុមចោរទាំង ៤ នាក់ បានប្រើល្បិចកលបន្លំខ្លួនជាសមត្ថកិច្ច ហើយកុហកថា ជាការចុះអនុវត្តសាលដីកាក្លែងក្លាយ ដើម្បីបានចូលទៅកាន់ផ្ទះជនរងគ្រោះ។
ក្រុមចោរបានភ្ជង់ដោយកាំភ្លើងលើក្រុមគ្រួសារមានមនុស្ស ១០នាក់ ក្នុងនោះមាន ប្រុស៤ ស្រី៣ និងក្មេង ៣នាក់ (ប្រុស១ស្រី២) ដែលកំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ។ គ្រានោះ ពួកគេបានគម្រាមឲ្យជនរងគ្រោះឈ្មោះ អ៊ាន សៀវមុី នាំឡើងទៅជាន់ទី១ បន្ទប់ដាក់គ្រឿងអលង្កា ហើយឲ្យបើកទូដែកយកគ្រឿងអលង្ការទាំងអស់ដាក់ចូលសាក់កាដូពណ៌ខ្មៅរបស់ពួកគេ។ ក្រោយចប់ប្រតិបត្តិការ ក្រុមចោរដែលមានគ្នា ៥នាក់(៤នាក់ធ្វើសកម្មភាព និងម្នាក់រង់ចាំក្នុងឡាន) បានគេចខ្លួនបាត់តាមរថយន្តពណ៌សមួយគ្រឿងម៉ាក GS។
គិតត្រឹមព្រឹកថ្ងៃទី ២០ ធ្នូនេះ នៅមិនទាន់មានតម្រុយពីក្រុមជនសង្ស័យនេះនៅឡើយ។ ប៉ុន្តែសមត្ថកិច្ចបានបញ្ជាក់ថា កំពុងតែធ្វេីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លេីករណីនេះហើយ៕