• 2021-12-22 09:37:09
  • ព័ត៌មាន

ឧកញ៉ា​ស្រុក​ខ្មែរ​មាន​ជាង ១ ០០០នាក់ តែ​តាម​ព័ត៌មាន​ មិន​ដល់ ១០នាក់​ទេ មាន​ឧទ្ធម្ភាគចក្រ​ជិះ​ផ្ទាល់​ខ្លួន!

  • 2021-12-22 09:37:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​តាម​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ក៏​ដូច​ជា​សកម្មភាព​ចួល​រួម​ជួយ​សង្គម​ជាតិ​រៀង​ៗ​ខ្លួន មាន​បុគ្គល​ជាង ១ ០០០នាក់​ហើយ ត្រូវ​បាន​ត្រាស់​បង្គាប់​ងារ "ឧកញ៉ា" “អ្នក​ឧកញ៉ា" តាម​រយៈព្រះរាជ​ក្រឹត្រ​ព្រះមហាក្សត្រ​រៀង​ខ្លួន ដែល​គិត​ត្រឹម​ឆ្នាំ ២០២០ កម្ពុជា​មាន​ឧកញ៉ា អ្នក​ឧកញ៉ា ចំនួន ១០៧០នាក់​ហើយ។ នេះ​បើ​តាមបញ្ជី​រាយនាម​ឧកញ៉ា​ស្រុក​ខ្មែរ។​

ឧកញ៉ា អ្នកឧកញ៉ា សុទ្ធ​ជា​បុគ្គល​ដែល​មាន​ទ្រព្យ​ធន​ស្តុកស្ដម្ភ ដែល​អាច​និយាយ​បាន​ថា ចង់​ទិញ​អ្វី ធ្វើ​អ្វី​ក៏បាន ក្នុង​នោះ​ម្នាក់​ៗ​មាន​រថយន្ត​ថ្លៃ​ៗរាប់​សិប​គ្រឿង​ម្នាក់​ៗ។ ប៉ុន្តែ​ក្នុង​ចំណោម លទ្ធភាព​ប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រផ្ទាល់​ខ្លួន មិន​ទាន់​ទូលំទូលាយ​នោះ​ទេ។

តាម​ព័ត៌មាន​ក្រៅ​ផ្លូវ​ការ​មួយ​ដែល Sabay ទទួល​បាន ក្នុង​ចំណោម​ឧកញ៉ា អ្នក​ឧកញ៉ា​ខ្មែរ មាន​មិន​ដល់ ១០នាក់​នោះ​ទេ ដែល​មាន​ប្រើ​នូវ​ឧទ្ធម្ភាគចក្រ​ ឬ​អេឡេកូ​ផ្ទាល់​ខ្លួន​សម្រាប់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ។ បញ្ហា​ចម្បង​មួយ​ចំនួន ដែល​អត្រា​ប្រើ​ប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​លំដាប់​ខ្ពស់​មួយ​នេះ​នៅ​មាន​ចំនួន​តិច ទី​១​ ដោយ​សារ​តម្លៃ​កប់​ក្ដោង​របស់​វា ក្នុង​នោះ​បើ​តាម​ការ​បង្ហើប​របស់​ប្រភព​កំបាំង​មុខ​មួយ ឧត្ថម្ភាកចក្រ​១​គ្រឿង​មាន​តម្លៃ​ទាប​បំផុត ក៏​ប្រមាណ​ ២លាន​ដុល្លារ​អាមេរិក​ដែរ​។

ដោយ​ឡែក​ហេតុផល​ផ្សេង​ទៀត អាច​ទាក់​ទង​នឹង​ប្រព័ន្ធ​ច្បាប់​គ្រប់គ្រង​ផង​ដែរ ដែល​ចំណុច​នេះ សូម្បី​តែ​នៅ​បណ្ដា​ប្រទេស​ជឿនលឿន ក៏​មិន​ទូលំទូលាយ​ដែរ។ ដូច្នេះ​ហើយ បើ​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ ដែល​ជា​បុគ្គល​​មាន​ភាព​ស្និទ្ធស្នាល​នឹង​សង្គម​របស់​ឧកញ៉ា អ្នក​ឧកញ៉ា​ស្រុក​ខ្មែរ បាន​បង្ហើប​ថា ឧកញ៉ា​ខ្មែរ​ដែល​មាន​ឧទ្ធម្ភាគចក្រ​ប្រើ គឺ​មិន​ដល់ ១០រូប​ទេ។ "នេះ​បើ​តាម​ខ្ញុំ​ដឹង...គឺ​សុទ្ធ​ឧកញ៉ា លំដាប់​​ៗ ហើយ​មាន​មិន​ដល់ ១០នាក់​ទេ"។ ប្រភព​ថ្លែង។

តាម​ប្រភព​ដដែល ឧកញ៉ា អ្នក​ឧកញ៉ា​ទាំង​នោះ​មាន អ្នកឧកញ៉ា ហុង ពីវ លោក​ឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប។ បន្ត​មក​ទៀត​មាន អ្នក​ឧកញ៉ា គិត ម៉េង ឧកញ៉ា ជឹង សុភាព ហៅ យាភូ អ្នក​ឧកញ៉ា ហៀក សុភាព ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប អ្នក​ឧកញ៉ា លី យ៉ុងផាត់ និង​អ្នក​ឧកញ៉ា ចេន ស៊ី ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍​គ្រុប ជា​ដើម៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី