• 2022-01-11 05:34:25
  • ព័ត៌មាន

ព្រីនស៍ គ្រុប និងអង្គការភ្លែន ផ្តល់បរិក្ខាលាងដៃដល់សាលាទាំងអស់នៅខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់អនាម័យ

  • 2022-01-11 05:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេ និងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា រួមជាមួយនឹងអង្គការភ្លែនអន្តរជាតិកម្ពុជា បានដាក់ចេញជាផ្លូវការនូវការអនុវត្តកម្មវិធីទឹកស្អាត និងអនាម័យនៅគ្រប់កម្រិតសាលារៀនទាំងអស់ក្នុងខេត្តព្រះសីហនុ ក្នុងពិធីបើកបរវេសនកាលឆ្នាំសិក្សា ២០២១-២០២២។ ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ។

ក្នុងកម្មវិធីនេះដែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រោមការឧបត្ថម្ភសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប គំនិតផ្តួចផ្តើមរួមគ្នាជាមួយនឹងអង្គការភ្លែនអន្តរជាតិ គ្រោងនឹងដំឡើងកន្លែងលាងដៃដែលដំណើរការដោយឈ្នាន់សរុបចំនួន ១៩៨ នៅទូទាំង ៩៩ សាលាទាំងអស់ក្នុងខេត្តព្រះសីហនុ ត្រឹមខែមេសាឆ្នាំ២០២២នេះ។ លើសពីនេះទៅទៀត មូលនិធិព្រីនស៍ ក៏បានបរិច្ចាគឧបករណ៍វាស់កម្តៅចំនួន ៩៩០គ្រឿង ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់មូលនិធិក្នុងការផ្តល់នូវបរិយាកាសសាលារៀនប្រកបដោយសុវត្ថិភាពដល់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ។

យោងតាមប្រសាសន៍របស់លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ទាំងគ្រូបង្រៀននិងសិស្សានុសិស្សតម្រូវឲ្យអនុវត្តតាមវិធានការការពារដូចជាការលាងដៃឲ្យបានញឹកញាប់ ការរក្សាគម្លាត និងការពាក់ម៉ាស់ជាដើមដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។ លោកជំទាវបានបន្តថា៖ «នៅបំណាច់នៃគម្រោងនេះ សិស្សានុសិស្សចំនួន ៣៩ ០១៩នាក់ មកពីសាលាបឋមសិក្សាចំនួន ៧២សាលា សាលាអនុវិទ្យាល័យចំនួន ១៨សាលា និងវិទ្យាល័យចំនួន ៩ សាលា ក្នុងស្រុកព្រៃនប់ ស្រុកស្ទឹងហាវ ស្រុកកំពង់សីលា កោះរុង នឹងទទួលបានបរិក្ខារសម្រាប់លាងដៃនេះ»។

ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានលើកឡើងនៅសាររបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដោយគូសបញ្ជាក់ថាក្នុងខែកញ្ញា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យបើកសាលារៀនឡើងវិញ បន្ទាប់ពីឃើញភាពល្អប្រសើរនៃការចាក់វ៉ាក់សាំងទៅលើកុមារដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ។ ឯកឧត្តមបានបន្តថា៖ «ជាមួយនឹងវិធានការប្រកបដោយប្រសិទ្ធភាពនេះ យើងមានមោទនភាពដែលអាចនិយាយបានថា ថ្ងៃនេះជាទំព័រថ្មីសម្រាប់សិស្សានុសិស្សកម្ពុជា ជាពិសេសកុមារដែលទើបតែចុះឈ្មោះចូលរៀនដើម្បីចាប់ផ្តើមដំណើរនៃការអប់រំរបស់ពួកគេក្រោមទស្សនទានថ្មីគឺ 'គន្លងប្រក្រតីភាពថ្មីក្នុងវិស័យអប់រំ»។

តាមរយៈការចាប់ផ្តើមជំហានដំបូងរបស់ខ្លួនក្នុងឆ្នាំថ្មីក្នុងយុទ្ធនាការ «ត្រឡប់ទៅសាលារៀនវិញ» នេះ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមចំណែកពង្រឹង និងផ្តល់ភាពអង់អាចដល់សិស្សានុសិស្សកម្ពុជាដើម្បីឲ្យពួកគេទទួលបាននូវអនាគតដ៏ប្រសើរមួយ ហើយតួនាទីដ៏សំខាន់នេះត្រូវបានមើលឃើញតាមរយៈការផ្តល់អាហារូបករណ៍ ចេនហ្ស៊ី ដល់សិស្សកម្ពុជាចំនួន៤០០នាក់ ដែលជាកម្មវិធីដ៏លេចធ្លោមួយក្នុងចំណោមកិច្ចផ្តួចផ្តើមដទៃទៀតរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។

លោក Cliff Koh ដែលជាអគ្គលេខាធិការ នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា៖ «ពួកយើងជឿជាក់ថាកិច្ចផ្តួចផ្តើមក្នុងបើកសាលារៀនវិញប្រកបដោយសុវត្ថិភាពនេះគឺជាការចូលរួមចំណែកដ៏មានសារៈសំខាន់ និងចាំបាច់បំផុតសម្រាប់កាលៈទេសៈមួយនេះ។ យើងពិតជាមានសេចក្តីសោមនស្សរីករាយដែលបានធ្វើការ និងរៀនសូត្រពីអង្គការភ្លែនអន្តរជាតិដែលជាអង្គការមួយធ្វើការជួយ និងគាំទ្រដល់ការអភិវឌ្ឍន៍របស់កុមារក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង២០ឆ្នាំមកនេះ។ ហើយវាក៏ពិតជាកិត្តិយសសម្រាប់ពួកយើងខ្លាំងណាស់ដែលត្រូវបានអញ្ញើញឲ្យចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើន ដើម្បីដាក់ចេញនូវការកម្មវិធីទឹកស្អាតនិងអនាម័យជាមួយនឹងអង្គការភ្លែនអន្តរជាតិ»។

លោក យី គឹមថាន នាយកប្រចាំប្រទេសស្តីទីនៃអង្គការភ្លែនអន្តរជាតិកម្ពុជាបានមានប្រសាសន៍ថា៖ «អង្គការភ្លែនអន្តរជាតិកម្ពុជានឹងធ្វើការសហការជាមួយនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាឲ្យបានថា តំណាងសាលាចំនួនពីរនាក់ មាននាយកសាលាម្នាក់និងគ្រូបង្រៀនម្នាក់នឹងបានរៀនពីរបៀបតម្លើង ប្រើប្រាស់ ជួសជុលនិងថែទាំបរិក្ខារទាំងនោះ។ គម្រោងនេះទៀតសោតមានគោលបំណងធ្វើឲ្យប្រាកដថា៩០% នៃសិស្សានុសិស្ស ជាពិសេសកុមារតូចៗនឹងបានរៀននិងយល់ដឹងអំពីការរក្សាអនាម័យ និងវិធានការការពារជំងឺកូវីដ ១៩»៕

សម្រាប់ព័ត៌មានបន្ថែមអំពីព្រីនស៍គ្រុប សូមទំនាក់ទំនងទៅកាន់៖

លោកស្រី លឹមស៊ាងហេង

Two Way Public Relations

ទូរសព្ទលេខ៖ +៨៥៥៦៩៧៧៣៩៦១

អ៊ីម៉ែល៖seangheng@twowaypr.com

មតិយោបល់