- 2022-02-23 03:10:00
- ព័ត៌មាន
ពិតមែនហើយ! ក្រសួងថា Angelina Jolie មកសៀមរាបលើកនេះ បញ្ជាក់ថាកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព!
- 2022-02-23 03:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតមែនហើយ! ក្រសួងថា Angelina Jolie មកសៀមរាបលើកនេះ បញ្ជាក់ថាកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព!
ចន្លោះមិនឃើញ
ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងថា វត្តមានរបស់ Angelina Jolie មកកាន់ខេត្តសៀមរាបគួរឲ្យភ្ញាក់ផ្អើលថ្មីៗនេះ បង្ហាញថា កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយ។
ក្រសួងទេចរណ៍លើកឡើងបែបេនះ បន្ទាប់ពីថ្មីៗនេះ មានការភ្ញាក់ផ្អើលពីដំណើរមកដល់របស់កំពូលតារាស្រីហូលីវូដ Angelina Jolie មកកាន់ដែនដីខេត្តសៀមរាប ពិសេសតំបន់រមណីយដ្ឋានអង្គរ ដែលមានប្រាសាទអង្គរវត្តជានិមិត្តរូប និងមោទកភាពជាតិខ្មែរ។ រូបភាពប៉ុន្មានសន្លឹកត្រូវបានចែកចាយនៅលើបណ្ដាញសង្គម បង្កើតឲ្យមានមោទកភាពជាថ្មី ក្រោយពីច្រើនឆ្នាំមកហើយ ដែល Angelina Jolie ខកខានមកកាន់ទឹកដីកំណើតកូនចិញ្ចឹមរបស់នាង ចាប់តាំងពីឆ្នាំ ២០១៧ ដែលនាងបានចុះមកថតរឿង "មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ" មក។
សកម្មភាពនេះ បានទទួលការសាទរពីគ្រប់មជ្ឈដ្ឋាន ហើយក្នុងនោះ ក្រសួងទេសចរណ៍ បានលើកឡើងថា វត្តមានកំពូលតារាហូលីវូដនៅកម្ពុជាពេលនេះ មានផលវិជ្ជមានច្រើនសម្រាប់កម្ពុជា ពិសេសគឺបានបង្ហាញថា កម្ពុជា គឺជាគោលដៅទេសចរណ៍សុវត្ថិភាពមួយ។
ទន្ទឹមនេះដែរថ្មីៗនេះ ក្រោយវត្តមានរបស់លោកស្រី Angelina Jolie តារាភាពយន្តអន្តរជាតិដ៏ល្បី បានទៅទស្សនាប្រាសាទអង្គរវត្ត នឹងតំបន់ផ្សេងក្នុងរមណីយដ្ឋានអង្គរ ដោយការបង្ហាញវត្តមានដ៏សំខាន់របស់តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។
"ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព។"
លោកស្រី Angelina Jolie បានមកបំពេញបេសកកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ ភ្លាមៗ គេមិនដឹងថា ដំណើររបស់អ្នកស្រីមកកាន់កម្ពុជាយ៉ាងគួរឲ្យភ្ញាក់ផ្អើលនេះ មានគោលបំណងអ្វី មកដើរកម្សាន្ត ឬក៏មានកិច្ចការចាំបាច់អ្វីឡើយ។ ប៉ុន្តែក្រោយមក តាមអាជ្ញាធរអប្សរា បានឲ្យដឹងថា តារាហូលីវូដមានសញ្ជាតិខ្មែររូបនេះ មកដើម្បីចូលរួមពិធីសម្ពោធជាផ្លូវការនៃកម្មវិធី ចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។
កម្មវិធីចិញ្ចឹមឃ្មុំនេះមានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើមកំណើតនៅក្នុងឧទ្យានអង្គរ លើកកម្ពស់ការចិញ្ចឹមឃ្មុំប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រីក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។ សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN ៕