• 2022-04-19 06:50:00
  • ព័ត៌មាន

មិនធម្មតា! ត្រឹមត្រីមាសទី១សោះ កម្ពុជា នាំចេញជ័រកៅស៊ូនិងឈើកៅស៊ូ បានជិត១០០លានដុល្លារ

  • 2022-04-19 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំណូលសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ របស់កម្ពុជា បានរហូតទៅដល់ ចំនួន ៩៩ ១៤៦ ៩៧០ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៩៨ ៥៦០ ២៧០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៥៨៦ ៧០០ដុល្លារ។នេះបើយោងទៅតាមរបាយការណ៍របស់អគ្គនាយកដ្ឋានចម្ការកៅស៊ូ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន ៦១ ៨៣៩តោន កើនឡើងចំនួន៧៨៣តោន ស្មើនឹង១ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក។ ចំណែកការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ៨៣៦ម៉ែត្រគុប កើនឡើង ៣,៤៧ភាគរយ។ សម្រាប់តម្លៃលក់ជ័រកៅស៊ូជាមធ្យម គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ថ្លៃ ១ ៥៩៤ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន ៤២ដុល្លារ ក្នុងមួយតោន ស្មើនឹង ០,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក។

សូមជម្រាបថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ ផ្ទៃដីដាំកៅស៊ូ សរុបមានចំនួន ៤០៤ ០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០ ១៩៣ហិកតា ស្មើនឹង៧៧ភាគរយ និងផ្ទៃដីថែទាំមានចំនួន ៩៣ ៨៥១ហិកតា ស្មើនឹង២៣ភាគរយ។ កាលពីឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង ៦១១ លានដុល្លារអាម៉េរិក ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះនាំចេញជ័រកៅស៊ូ ចំនួន ៣៦៦ ៣០០តោន និងនាំចេញឈើកៅស៊ូចំនួន ៤៥៤ម៉ែត្រគុប៕

ប្រភពៈអគ្គនាយកដ្ឋានចម្ការកៅស៊ូ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់