• 2022-04-21 03:13:18
  • ព័ត៌មាន

លុយទៀត​ហើយ! ក្រសួង​ចេញ​​កាល​បរិច្ឆេទ​ថ្មី ដែល​មន្ត្រី​រាជការ​ត្រូវ​ទទួល​បាន​ប្រាក់​បៀវត្ស​ខែ​ឧសភា!

  • 2022-04-21 03:13:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​តាម​ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ថ្ងៃ​សម្ពោធសមិទ្ធផលនានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកថ្ងៃ​ទី២០ ខែមេសា ម្សិលមិញ​នោះ ឥឡូវ​នេះ ក្រសួង​មុខងារ​សាធារណៈបាន​ចេញ​កាល​បរិច្ឆេទ​មន្ត្រី​រាជការស៊ីវិល​ត្រូវ​តែ​ទទួល​បាន​ប្រាប់​បៀវត្សដាច់​ខាត។

តាម​រយៈ​សេចក្ដី​ជូន​ដំណឹង​ចុះ​លេខ ១៨០០/២២ មស សជណ ក្រសួង​មុខងារ​សាធារណៈ បាន​បង្គាប់​ទៅ​អភិបាល នៃ​គណៈអភិបាល រាជធានី ខេត្ត ក្រុង ប្រធាន​មន្ទីរ​ទាំង​ត្រូវ​រៀប​ចំ​ការ​បើក​ប្រាក់​បៀវត្ស​សម្រាប់​ខែ​ឧសភា ជូន​មន្ត្រី​រាជការ ឲ្យ​បាន​លឿន​ជាង​ធម្មតា។

ការ​ជូន​ដំណឹង​នេះ ក្រោយ​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ម្សិលមិញ ក្នុង​ថ្ងៃ​សម្ពោធ​សមិទ្ធផល​នានា ដែលជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ពី​ផែន​ការ​បើក​ប្រាក់​បៀវត្ស​ខែ​ថ្មី​ជូន​មន្ត្រី​រាជការ ឲ្យ​បាន​លឿន ដើម្បី​​សម្រាល​ការ​លំបាក​បង​ប្អូន​មន្ត្រី​រាជការ ដែល​បាន​ចំណាយ​ច្រើន​ក្នុង​វេលា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​ទៅ។

ដូច្នេះ​ហើយ តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​មុខងារ​សាធារណៈ បាន​កំណត់​ថា ​អភិបាល នៃ​គណៈអភិបាល រាជធានី ខេត្ត ក្រុង ប្រធាន​មន្ទីរ​ទាំង​ត្រូវ​រៀប​ចំ​ការ​បើក​ប្រាក់​បៀវត្ស​សម្រាប់​ខែ​ឧសភា​លើក​ទី១ ឲ្យ​បាន​មុន​ដំណាច់​ខែ​មេសា។ ដោយ​ឡែក​លើក​ទី២ ត្រូវ​តែ​ប្រព្រឹត្ត​ទៅ​ឲ្យ​បាន​ក្នុង​សប្ដាហ៍​ទី​៣ នៃ​ខែ​ឧសភា។

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​ដដែល​នេះ ក៏​នៅ​បាន​និយាយ​ដល់​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ​ស៊ីវិល​ខែ​មិថុនា​ដែរ ពោល​គឺ​ក្រសួង​តម្រូវ​ឲ្យ​អនុវត្ត​តាម​នីតិវិធី​ដែល​បាន​កំណត់​ជា​ធរមាន។​

អត្ថបទ៖ ទារិកា

មតិយោបល់