• 2022-04-25 07:04:49
  • ព័ត៌មាន

កម្មវិធីអាហារូបករណ៍អាស៊ានរបស់ធនាគារ CIMB បើកទទួលពាក្យហើយ

  • 2022-04-25 07:04:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ៖ កម្មវិធីអាហារូបករណ៍អាស៊ានរបស់ធនាគារ CIMB សម្រាប់ឆ្នាំ២០២២ ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ហើយ ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ សិស្សនិស្សិតទាំងអស់ អាចជ្រើសរើសមុខវិជ្ជាសិក្សាណាមួយក៏បាន ទាំងសម្រាប់ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិត នៅគ្រប់សាកលវិទ្យាល័យល្បីឈ្មោះ ជុំវិញពិភពលោក។ កម្មវិធីអាហារូបករណ៍នេះ អនុញ្ញាតឲ្យដាក់ពាក្យស្នើសុំ ចំពោះតែសិស្សនិស្សិត ដែលបានបញ្ចប់ថ្នាក់ទី១២ ឬកំពុងសិក្សាឆ្នាំទីមួយ នៃថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិត ហើយមានអាយុក្រោម ២៧ឆ្នាំ និងរស់នៅក្នុងតំបន់អាស៊ាន រួមមានប្រទេសកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។

កម្មវិធីអាហារូបករណ៍អាស៊ានរបស់ធនាគារ CIMB ផ្តល់ជំនួយឧបត្ថម្ភពេញលេញ ១០០% រួមមានថ្លៃសិក្សា សំបុត្រយន្តហោះ កន្លែងស្នាក់នៅ ដំណើរកម្សាន្តមកស្រុកកំណើត សេវាធានារ៉ាប់រង ព្រមទាំងថ្លៃចំណាយផ្សេងៗទៀតផង។ លើសពីនេះ និស្សិតជ័យលាភីក៏ទទួលបានការគាំទ្រ យ៉ាងយកចិត្តទុកដាក់ តាមរយៈកម្មវិធីជំនួយតម្រង់ទិស សម្រាប់ការសិក្សា និងការបណ្តុះបណ្តាល ដែលជាឱកាសភ្ជាប់ទំនាក់ទំនង ជាមួយនឹងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ CIMB Group ព្រមទាំងកមវ្មធីអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដោយផ្តល់នូវឱកាសការងារជាបុគ្គលិកហាត់ការ និងពេញសិទ្ធិ តាមបណ្តាសាខារបស់ CIMB Group ទូទាំងតំបន់ ទាំងអំឡុងពេល និងក្រោយពេលបញ្ចប់ការសិក្សា។

លោកស្រី អ៊ុំ ចិន្តាភក្តី នាយកធនធានមនុស្ស របស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័នមួយនៃ CIMB Group ធនាគារ CIMB ក្នុងប្រទេសកម្ពុជា តែងតែយកចិត្តទុកដាក់ និងចូលរួមលើកស្ទួយវិស័យអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្ស នៅក្នុងស្រុក ក៏ដូចជាតំបន់ទាំងមូល។ យើងបានលើកទឹកចិត្តយ៉ាងពេញទំហឹង ទៅដល់សិស្សនិស្សិតខ្មែរ ដើម្បីចាប់យកឱកាសសិក្សា នៅសាកលវិទ្យាល័យល្បីៗ ជុំវិញពិភពលោក តាមរយៈកម្មវិធីអាហារូបករណ៍អាស៊ានរបស់ធនាគារ CIMB។ ក្រៅពីផ្តល់នូវអាហារូបករណ៍ពេញលេញ សម្រាប់ការសិក្សា យើងក៏គិតគូពីអនាគតអាជីពការងារ ដល់និស្សិតជ័យលាភីផងដែរ ដោយផ្តល់ឱកាសការងារដល់ពួកគេ ជាបុគ្គលិកហាត់ការ នៅពេលវិស្សមកាល ឱកាសចូលរួមកម្មវិធីបណ្តុះបណ្តាល The Complete Banker ព្រមទាំងជ្រើសរើសជាបុគ្គលិកពេញសិទ្ធិ ក្រោយបញ្ចប់ការសិក្សា នៅតាមបណ្តាសាខាណាមួយរបស់ CIMB Group ក្នុងតំបន់អាស៊ានផងដែរ។ ជាក់ស្តែង បច្ចុប្បន្ន និស្សិតជ័យលាភីខ្មែរយើង ដែលទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ពីប្រទេសកាណាដា កំពុងចាប់ផ្តើមអាជីពការងារ នៅនាយកដ្ឋានយុទ្ធសាស្រ្ត របស់ធនាគារ CIMB ក្នុងប្រទេសកម្ពុជា។ ខ្ញុំសូមលើកទឹកចិត្ត ដល់សិស្សនិស្សិតខ្មែរទាំងអស់ ចូលរួមដាក់ពាក្យស្នើសុំអាហារូបករណ៍នេះឲ្យបានច្រើន ដើម្បីទទួលបានការសិក្សា កម្រិតសាកល ហើយអាចរួមចំណែក ដល់ភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូល។»

គួរបញ្ជាក់ផងដែរថា កម្មវិធីអាហារូបករណ៍តំបន់អាស៊ានរបស់ធនាគារ CIMB ផ្តល់ជូនមុខវិជ្ជាសិក្សាដ៏ទូលំទូលាយ រួមមានពាណិជ្ជកម្ម/ការគ្រប់គ្រង គណនេយ្យ ធនាគារ និងហិរញ្ញវត្ថុ សេដ្ឋកិច្ច ការចៃ្នប្រឌិត និងភាពជាសហគ្រិន ការគ្រប់គ្រងហានិភ័យ វិទ្យាសាស្រ្តនយោបាយ ទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្រ្តកុំព្យូទ័រ ព័ត៌មានវិទ្យា ប្រព័ន្ធផ្សព្វផ្សាយឌីជីថល គណិតវិទ្យា វិទ្យាសាស្រ្តពិត ការស្រាវជ្រាវប្រតិបត្តិការ ទំនាក់ទំនង ច្បាប់ វិស្វកម្ម និងមុខវិជ្ជាដទៃទៀត។ ហើយដំណើរការវាយតម្លៃ នៃកម្មវិធីអាហារូបករណ៍នេះ ត្រូវបានចែកចេញជាប្រាំដំណាក់កាល គិតចាប់ពីការពិនិត្យមើល និងវាយតម្លៃលើពាក្យស្នើសុំ រហូតដល់ការសម្ភាសផ្ទាល់ នៅវគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងគណៈគ្រប់គ្រងរបស់ CIMB Group។ សម្រាប់លក្ខខណ្ឌដាក់ពាក្យស្នើសុំ និងព័ត៌មានបន្ថែម អំពីកម្មវិធីអាហារូបករណ៍ សូមចូលទៅកាន់គេហទំព័រ https://careers.cimb.com/students/cimb-asean-scholarship។

អំពីធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី

ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១៤កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនទាំងបុគ្គលសរុបប្រមាណ ៣៥,០០០នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មហិរញ្ញពាណិជ្ជកម្ម ព្រមទាំងសេវាកម្មហិរញ្ញវត្ថុសាជីវកម្ម សេវាប្រតិបត្តិការ និងគ្រឹះស្ថានហិរញ្ញវត្ថុផងដែរ។

ស៊ីអាយអិមប៊ី គ្រុប គឺជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតទីពីររបស់ប្រទេសម៉ាឡេស៊ី និងជាធនាគារសាកលនាំមុខគេមួយក្នុងតំបន់អាស៊ាន។ ធនាគារនេះមានផ្តល់ជូនសេវាកម្មធនាគារពាណិជ្ជ ធនាគារវិនិយោគ ធនាគារឥស្លាម ក៏ដូចជាផលិតផល និងសេវាកម្មគ្រប់គ្រងទ្រព្យសកម្ម និងធានារ៉ាប់រង។ មានទីស្នាក់ការកណ្តាលនៅក្រុងគូឡាឡាំពួ បច្ចុប្បន្ននេះ ស៊ីអាយអិមប៊ី គ្រុប មានវត្តមាននៅប្រទេសទាំង ១០ ក្នុងចំណោមប្រទេសទាំង១០ ក្នុងតំបន់អាស៊ាន (ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ កម្ពុជា ប្រ៊ុយណេ វៀតណាម ភូមា ឡាវ និងហ្វីលីពីន)។ ក្រៅពីតំបន់អាស៊ាន ស៊ីអាយអិមប៊ី គ្រុប ក៏មានវត្តមាននៅប្រទេសចិន ហុងកុង ឥណ្ឌា ស្រីលង្កា កូរ៉េ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

ស៊ីអាយអិមប៊ី គ្រុប មានបណ្តាញសាខាធំជាងគេនៅក្នុងតំបន់អាស៊ាន ជាមួយសាខាជាង ៧៤០ កន្លែង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ធនាគារវិនិយោគរបស់ស៊ីអាយអិមប៊ី គ្រុប ក៏ស្ថិតក្នុងចំណោមធនាគារវិនិយោគធំជាងគេបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលផ្តល់ការវិភាគទៅលើផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនជាង ៦០០ ក្រុមហ៊ុន នៅក្នុងតំបន់។

ស៊ីអាយអិមប៊ី គ្រុប ដំណើរការអាជីវកម្មតាមរយៈអង្គភាពចម្បងបី គឺធនាគារ ស៊ីអាយអិមប៊ី (CIMB Bank) ធនាគារវិនិយោគ ស៊ីអាយអិមប៊ី (CIMB Investment Bank) និង ធនាគារ ស៊ីអាយអិមប៊ី ឥស្លាម (CIMB Islamic)។ ស៊ីអាយអិមប៊ី គ្រុប មានភាគហ៊ុន ៩២,៥% នៅក្នុងធនាគារ ស៊ីអាយអិមប៊ី នៀហ្គា (Bank CIMB Niaga) នៅប្រទេសឥណ្ឌូនេស៊ី និង ៩៤,៨% នៅធនាគារ ស៊ីអាយអិមប៊ី ថៃ (CIMB Thai) នៅក្នុងប្រទេសថៃ។

ស៊ីអាយអិមប៊ី គ្រុប ត្រូវបានចុះបញ្ជីភាគហ៊ុននៅលើទីផ្សារមូលបត្រ ប៊ូរសា ម៉ាឡេស៊ី (Bursa Malaysia) តាមរយៈ ស៊ីអាយអិមប៊ី គ្រុប ហូលឌីង ប៊ឺហាដ (CIMB Group Holding Berhad)។ ស៊ីអាយអិមប៊ី គ្រុប មានមូលធនទីផ្សារ នៅលើទីផ្សារមូលបត្រ ប្រហែលជា ៤៣,៥ ពាន់លាន រីងហ្គីតម៉ាឡេស៊ី គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ស៊ីអាយអិមប៊ី គ្រុប មានបុគ្គលិកសរុបជាង ៣៤.០០០នាក់ និងមានអតិថិជនសរុបប្រមាណ ១៦លាននាក់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់

លោក ស្រេង ភារុណ

ប្រធាន ទីផ្សារ និងទំនាក់ទំនង

ទូរសព្ទ៖ +៨៥៥ (០) ៩២ ៩៥៧ ៤៥៥

ទូរសារ៖ +៨៥៥ (០) ២៣ ៩៨៨ ០៩៩

អ៊ីមែល៖ phearun.sreng@cimb.com.kh

មតិយោបល់