• 2022-06-08 03:52:48
  • ព័ត៌មាន

ស្គាល់ផ្កាព្រៃនេះទេ! វាស៊ីសាច់ជាអាហារ ពេលនេះកំពុងរងគ្រោះជិតផុតពូជហើយ កុំបេះលេងទៀតអី

  • 2022-06-08 03:52:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកទល់នេះផ្កាបំពង់ក្រឡោម នៅក្នុងប្រទេសកម្ពុជាកំពុងតែបាត់បង់ រងគ្រោះបន្តិចៗម្តង ឬអាចឈានទៅរកការផុតពូជ នាថ្ងៃអនាគត ដោយសារតែ រាល់ពេលទៅទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិនានា បងប្អូនប្រជាពលរដ្ឋមួយចំនួនតែងតែបេះផ្កាបំពង់ក្រឡោមយកមកលេង ក្នុងន័យលេងសើចដោយហេតុថា ផ្កាព្រៃប្រភេទនេះ មានរូបរាងស្រដៀងជាមួយនឹងលិង្គបុរស។

បើយោងតាមការសិក្សារបស់អ្នកជំនាញនៃក្រសួងបរិស្ថានបានឱ្យដឹងថា ផ្កាបំពង់ក្រឡោម ឬបំពង់ស្រមោច ឬអ្នកខ្លះហៅថា ផ្កាបំពង់លុក ឬ ផ្កាក្រឡូមពារ គឺជាពួករុក្ខជាតិស៊ីសាច់ ដែលគេបានដឹងតិចតួចណាស់នៅកម្ពុជា។គេហៅវាថាជារុក្ខជាតិស៊ីសាច់ព្រោះវាអាចចាប់ សម្លាប់ និងរំលាយសត្វដែលចូលទៅក្នុងទម្រង់ស្លឹកពិសេសរបស់វា។

រុក្ខជាតិដ៏កម្រប្រភេទនេះ នេះមានដុះនៅតាមតំបន់ការពារធម្មជាតិនានា នៅកម្ពុជាហើយទីតាំងដែលមានឈ្មោះល្បីគឺដូចជានៅ លើឧទ្យានជាតិព្រះមុនីវង្សបូកគោ នៅតំបន់ខ្នងផ្សារ ក្នុងឧទ្យានជាតិជួរក្រវ៉ាញកណ្តាលជាដើម។

ផ្កាបំពង់ក្រឡោមជា ប្រភេទរុក្ខជាតិម៉្យាងមានរាងដូចបំពង់ ហើយផ្ទុកសារធាតុ ម្យ៉ាងដែលអាចទាក់ទាញសត្វល្អិតឱ្យធ្លាក់ចូលទៅក្នុងបំពង់របស់វា ហើយក៏លង់ទឹកក្នុងបំពង់នោះរហូតដល់ស្លាប់។ នៅពេលសត្វល្អិតងាប់ហើយនោះ សរីរាង្គពិសេសរបស់វាក៏ចាប់ផ្ដើមបំបែករំលាយសាកសពសត្វល្អិតទៅជាសារធាតុចិញ្ចឹម ធ្វើឱ្យរុក្ខជាតិប្រភេទនេះលូតលាស់បានល្អ។

លើសពីនេះទៅទៀត ផ្កាបំពង់ក្រឡោមនេះមានដល់ទៅ ១២៩ ប្រភេទក្នុងនោះមានប្រាំប្រភេទបាននិងកំពុងដុះលូតលាស់នៅប្រទេសកម្ពុជាដែលរួមមាន៖

ទី១៖ Nepenthes bokorensis ជាប្រភេទដែលមានវត្តមាននៅតំបន់ភ្នំពពកវិល វាលស្រែ៥០០ វាលស្រែ១០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។

ទី២៖ Nepenthes holdenii មានដុះនៅតាមតំបន់ភ្នំនៃភាគនិរតីប្រទេសកម្ពុជា ដូចជានៅតាមតំបន់ជួរភ្នំក្រវាញជាដើម។

ទី៣៖ Nepenthes kampotiana Lecomte មានដុះនៅក្នុងខេត្តកំពត ដែនជម្រកសត្វព្រៃភ្នំសំកុស និងនៅតាមតំបន់ជួរភ្នំក្រវាញ។

ទី៤៖ Nepenthes mirabilis (Loureiro) Druce មានដុះនៅខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ។

ទី៥៖ Nepenthes smilesii Hemsley មាននៅដុះខេត្តកំពត និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» នៃខេត្តកំពង់ស្ពឺ។

បើតាមប្រសាសន៍របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួនបរិស្ថាន បានឲ្យដឹងថា រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់នេះ ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២ (Appendix II) នៃអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ (CITES) ហើយក៏អំពាវនាវដល់ភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តទៅតាមឧទ្យានជាតិ និងតំបន់ទេសចរធម្មជាតិទាំងអស់ ត្រូវចេះស្រលាញ់ធម្មជាតិ រួមនឹងការអភិរក្សធម្មជាតិ និងជីវចម្រុះ ដើម្បីរក្សាឱ្យបាននូវនិរន្តភាពក្នុងវិស័យទេសចរណ៍ ដើម្បីជួយង្កើតការងារជូនសហគមន៍ និងផ្តល់ប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងតំបន់។

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់