/62c7b27ed77be_1657254480_medium.jpg)
- 2022-07-08 04:32:10
- សេដ្ឋកិច្ច
សម្លឹងឃើញឱកាស វិនិយោគិនជប៉ុន វិនិយោគសំណង់លំនៅដ្ឋាន ដោយចាប់យកអ្នកមានជីវភាពមធ្យមជាគោលដៅ
- 2022-07-08 04:32:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្លឹងឃើញឱកាស វិនិយោគិនជប៉ុន វិនិយោគសំណង់លំនៅដ្ឋាន ដោយចាប់យកអ្នកមានជីវភាពមធ្យមជាគោលដៅ
ចន្លោះមិនឃើញ
មើលឃើញពីតម្រូវការសំណង់លំនៅដ្ឋានក្នុងប្រទេសកម្ពុជាក្នុងចំណោមប្រជាពលរដ្ឋដែលមានជីវភាពមធ្យម វិនិយោគជប៉ុនមួយរូបបានវិនិយោគទឹកប្រាក់ប្រមាណ ១០០លានដុល្លារអាមេរិក សាងសង់សំណង់លំនៅដ្ឋានយ៉ាងធំមានរាប់ពាន់បន្ទប់នៅកណ្ដាលរាជធានីភ្នំពេញ។
លោក អាឡិច យ៉ាស៊ូម៉ូតូ គឺជាវិនិយោគជប៉ុន និងជាម្ចាស់វិនិយោគសំណង់លំនៅដ្ឋាន អារ៉ាខាវ៉ា មានទីតាំងនៅក្នុងភូមិសាស្ត្រតំបន់ទឹកថ្លា។ វិនិយោគជប៉ុនរូបនេះ ប្រាប់ថា លោកបានមកដល់កម្ពុជាលើកដំបូងតាំងពីឆ្នាំ 2002 និងបានឃើញប្រជាពលរដ្ឋមានស្ថានភាពលំបាក ព្រមទាំងមានតម្រូវការសំណង់លំនៅដ្ឋានធូរថ្លៃច្រើន។
ដូច្នេះហើយ នៅចុងឆ្នាំ ២០១៨ លោកបានវិនិយោគសំណង់លំនៅដ្ឋានអារ៉ាខាវ៉ាដំណាក់កាលទី១ និងបញ្ចប់ចុងឆ្នាំ ២០២១។ គម្រោងនេះមាន ចំនួន ១៦៨០ យូនីត ចែកជាយូនីតស្ទូឌីយ៉ូចំនួន ៩៦០យូនីត និងយូនីតបន្ទប់គេង២ ចំនួន ៥១៦យូនីត។ បច្ចុប្បន្ន អារ៉ាខាវ៉ា បានឈានមកវិនិយោគគម្រោងទី២របស់ខ្លួន ដែលមាន ១៤៨៤ យូនីត ចែកជាយូនីតស្ទូឌីយ៉ូ ចំនួន ៩៦៨ យូនីត និងប្រភេទ បន្ទប់គេង២ ចំនួន ៥១៦ យូនីត ដែលគ្រោងនឹងបញ្ចប់ការសាងសង់ត្រឹមចុងឆ្នាំ ២០២២នេះ។
ទាំងគម្រោងទី១ និងទី២ អារ៉ាខាវ៉ា បានកំណត់អតិថិជនគោលដៅរបស់ខ្លួន គឺអ្នកមានចំណូលមធ្យម មានជាអាទិ៍ សិស្សនិស្សិត មន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុននានា ដែលបច្ចុប្បន្ន មួយចំនួនធំនៃអ្នកទាំងនេះ កំពុងរស់នៅផ្ទះជួលនៅឡើយ។ ស្ថានភាពនេះ លោក អាឡិច យ៉ាស៊ូម៉ូតូ ថ្លែងថា លោកចង់ផ្ដល់ជម្រើសនៃការរស់នៅថ្មីរបស់ពួកគេ។ "ខ្ញុំចង់ឲ្យពួកគាត់យកថ្លៃជួលផ្ទះគេនោះ មកបង់ថ្លៃបន្ទប់ខុនដូរបស់ខ្លួនឯងតែម្ដង!”។
គម្រោងលំនៅឋានអារ៉ាខាវ៉ា បានសាងសង់លើផ្ទៃដីជាង១.៣ ហិកតា ដែលមានសំណង់អគារសរុបចំនួន១៦ និងមានកម្ពស់ ២១ជាន់ស្មើៗគ្នា។ តាមរបាយការណ៍ គម្រោងអារ៉ាខាវ៉ា ដំណាក់កាលទី១ បានលក់អស់ ១០០% ដោយឡែកដំណាក់កាលទី២លក់អស់ ៤០%។ យ៉ាស៊ូម៉ូតូ លើកឡើងថា កូវីដ១៩ ជាង២ឆ្នាំកន្លងមកនេះ បានធ្វើឲ្យប៉ះពាល់ជាទូទៅលើសេដ្ឋកិច្ចប្រទេស និងសូម្បីសេដ្ឋកិច្ចគ្រួសារ ដែលរាំងស្ទះនូវគោលបំណងចង់បានផ្ទះរបស់ប្រជាពលរដ្ឋកម្ពុជាដែលមិនទាន់ផ្ទះជារបស់ផ្ទាល់។
ស្ថានភាពនេះ លោក យ៉ាស៊ូម៉ូតូ បានបញ្ជាក់ថា អារ៉ាខាវ៉ា បានបន្ថែមនូវលក្ខខណ្ឌសម្រួល ក្នុងការបង់ប្រាក់ ពោលគឺ បងប្អូនប្រជាពលរដ្ឋតម្រូវឲ្យតែ ៥%នៃថ្លៃសំណង់ និងថ្លៃសេវាគ្រប់គ្រង ១២ខែ ទៀតប៉ុណ្ណោះ គឺអាចចូលរស់នៅបានហើយ។
លោក អាឡិច យ៉ាស៊ូម៉ូតូ រំពឹងថា អារ៉ាខាវ៉ា ដំណាក់កាលទី២ នឹងលក់អស់ដូចការគ្រោងទុក ក្រោយការថមថយនៃការគំរាមកំហែងរបស់កូវីដ១៩ ព្រមជាមួយការងើបឡើងបណ្ដើរនៃសេដ្ឋកិច្ច បូកផ្សំយុទ្ធសាស្ត្រថ្មីខាងលើ។ វិនិយោគិនជប៉ុន ប្រាប់ទៀតថា លោកក៏កំពុងសម្លឹងទៅរកការអភិវឌ្ឍន៍គម្រោង អារ៉ាខាវ៉ា នៅទីកន្លែងផ្សេងទៀតក្នុងប្រទេសកម្ពុជាដែរ។ យ៉ាងណា លោកមិនទាន់បញ្ចេញលម្អិតនោះទេ ព្រោះអ្វីៗកំពុងសិក្សានៅឡើយ៕