/62ec7d6351341_1659665760_medium.jpg)
- 2022-08-05 02:20:10
- ព័ត៌មាន
មោទកភាព! បណ្ឌិត កៅ គឹមហួន ជាមន្ត្រីខ្មែរទី១ ទទួលតំណែងអគ្គលេខាធិការអាស៊ាន
- 2022-08-05 02:20:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មោទកភាព! បណ្ឌិត កៅ គឹមហួន ជាមន្ត្រីខ្មែរទី១ ទទួលតំណែងអគ្គលេខាធិការអាស៊ាន
ចន្លោះមិនឃើញ
តាមរយៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានរកឃើញមន្ត្រីខ្មែរទី១ គឺលោកបណ្ឌិត កៅ គឹមហួន នឹងត្រូវទៅទទួលតំណែងជាអគ្គលេខាធិការអាស៊ាន(ASEAN Secretary General) ចាប់ពីឆ្នាំ ២០២៣តទៅ។
លោកបណ្ឌិត កៅ គឹមហួន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសប្រកាសតែងតាំងនាថ្ងៃម្សិលមិញ ឲ្យទៅធ្វើជាអគ្គលេខាធិការអាស៊ានដែលមានអាណត្តិ ៥ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ ២០២៣ខាងមុខនេះតទៅ។ ការតែងតាំងនេះ ក៏ត្រូវបានទទួលការសាទរពីប្រមុខការទូតអាស៊ានផងដែរ។
តាមធម្មនុញ្ញអាស៊ានត្រង់មានមាត្រាទី ១១ អគ្គលេខាធិការអាស៊ាន ត្រូវបានតែងតាំងដោយកិច្ចប្រជុំកំពូលអាស៊ាន សម្រាប់អាណត្តិ ៥ឆ្នាំ ដែលអាណត្តិនេះមិនអាចបន្តទៀតបានទេ។ ជាមួយគ្នានេះ អគ្គលេខាធិការអាស៊ាន ត្រូវជ្រើសរើសចេញពីក្នុងចំណោមជនជាតិនៃរដ្ឋសមាជិកអាស៊ាន ផ្អែកទៅលើការប្ដូរវេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះរដ្ឋសមាជិក ដោយពិចារណាល្អិតល្អន់ទៅលើសុច្ចរិតធម៌ សមត្ថាភាព បទពិសោធន៍វិជ្ជាជីវៈ និងសមភាពយេនឌ័រ។
និយាយពីភារកិច្ច និងការទទួលខុសត្រូវក្នុងតួនាទីជាអគ្គលេខាធិការអាស៊ានវិញ មាន ៥ចំណុចធំៗគឺ៖ ១.អនុវត្តភារកិច្ច និងការទទួលខុសត្រូវនៃការិយាល័យជាន់ខ្ពស់នេះ ដោយយោងទៅតាមបទប្បញ្ញត្តិនៃធម្មនុញ្ញនេះ និងលិខិតតូបករណ៍ ពិធីសារ និងកិច្ចប្រតិបត្តិពាក់ព័ន្ធទាំងឡាយរបស់អាស៊ាន។
២.សម្រួល និងត្រួតពិនិត្យមើលការរីកចម្រើននៃការអនុវត្តន៍កិច្ចព្រមព្រៀង និងសេចក្ដីសម្រេចរបស់អាស៊ាន និងដាក់របាយការណ៍ប្រចាំឆ្នាំស្ដីពីការងារអាស៊ានជូនកិច្ចប្រជុំកំពូលអាស៊ាន។
៣.ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសហគមន៍អាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន កិច្ចប្រជុំរបស់អង្គភាពថ្នាក់រដ្ឋមន្ត្រីជំនាញតាមផ្នែករបស់អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតរបស់អាស៊ាន។
៤.បង្ហាញអំពីទស្សនៈរបស់អាស៊ាន និងចូលរួមក្នុងកិច្ចប្រជុំជាមួយភាគីក្រៅតំបន់ ដោយអនុលោមទៅតាមគោលមាគ៌ានយោបាយដែលបានឯកភាព និងអាណត្តិដែលប្រគល់ជូនអគ្គលេខាធិការ និង
៥.ស្នើសុំការអនុម័តិពីក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន តែងតាំង និងបញ្ចប់អាណត្តិរបស់អគ្គលេខាធិការរង។
បន្ថែមពីលើនេះ អគ្គលេខាធិការអាស៊ាន ក៏ត្រូវទទួលតួនាទីជាប្រធានរដ្ឋបាលអាស៊ានផងដែរ។ កិច្ចទទួលខុសត្រូវទាំងនេះ អគ្គលេខាធិការអាស៊ាន មានអគ្គលេខាធិការរងអាស៊ានចំនួន ៤រូប ដែលមានតំណែង និងឋានៈស្នើអនុរដ្ឋមន្ត្រី ជាជំនួយការ ដែលនឹងទទួលខុសត្រូវចំពោះមុខអគ្គលេខាធិការ ក្នុងការអនុវត្តន៍មុខងាររបស់ខ្លួន៕