- 2022-08-16 10:06:01
- ព័ត៌មាន
មិត្តហ្វូនមានមោទនភាពប្រគល់ជូនទូរទស្សន៍ទំហំ ៥៥អ៊ីញ និងឧបករណ៍រៀបចំវីដេអូ Conference ២៦ឈុតដល់ក្រសួងអប់រំ យុវជន និងកីឡា
- 2022-08-16 10:06:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តហ្វូនមានមោទនភាពប្រគល់ជូនទូរទស្សន៍ទំហំ ៥៥អ៊ីញ និងឧបករណ៍រៀបចំវីដេអូ Conference ២៦ឈុតដល់ក្រសួងអប់រំ យុវជន និងកីឡា
ចន្លោះមិនឃើញ
នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា (MoEYS) មានធ្វើពិធីប្រគល់ទូរទស្សន៍ ៥៥អ៊ីញ ចំនួន២៦គ្រឿង និងឧបករណ៍រៀបចំវីដេអូ Conference ២៦ឈុតដល់ក្រសួងអប់រំ យុវជន និងកីឡាពីសំណាក់ក្រុមហ៊ុនមិត្តហ្វូន នៅព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២នេះ។
កម្មវិធីនេះប្រពឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ហ្វុង វ៉ាន់ គឿង (Phung Van Cuong) អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន លោក Nguyen Duc Nam នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំឌីជីថល រួមជាមួយមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងអ្នកសារព័ត៌មានជាច្រើន។
កិច្ចសហការនេះ ជាភាពជោគជ័យមួយបន្ថែមទៀតរវាងក្រសួងអប់រំ យុវជន និងកីឡា ដែលបានសហការគ្នា បន្ថែមពីលើកិច្ចការជាច្រើនរួមមានទាំងការផ្ដល់អ៊ីនធឺណិតឥតគិតថ្លៃដល់គ្រឹះស្ថានសិក្សាសាធារណៈ គ្រឹះស្ថាន បណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យ និងអង្គភាពក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។ ការផ្ដល់ទូរទស្សន៍ និងឧបករណ៍រៀបចំវីដេអូ Conference ដល់ក្រសួងអប់រំ យុវជន និងកីឡា គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងក្នុងការ សម្រួល និងផ្លាស់ប្ដូរបរិបទការងារមកប្រព័ន្ធឌីជីថលឲ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យា។
ជាមួយនឹងបេសកកម្មក្នុងការរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅប្រទេសកម្ពុជា ឱ្យកាន់តែ ប្រសើរឡើង ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុនមិត្តហ្វូន បានព្រមព្រៀងគ្នាដើម្បីពង្រីកការផ្តល់សេវាអ៊ីនធឺណិតដល់សាលារៀនសាធារណៈ ចាប់ពីឆ្នាំ២០២០ ក្រោមគម្រោងឈ្មោះ “អ៊ីនធឺណិតសម្រាប់សាលារៀន” រហូតដល់ទៅ ៣.០០០ សាលារៀនទូទាំងប្រទេស និងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា សម្រាប់រយៈពេល៥ឆ្នាំ ខាងមុខទៀត។
លើសពីនេះ ជាមួយនឹងគោលដៅនៃការកសាងសង្គមឌីជីថល ជាពិសេសប្រព័ន្ធអប់រំឆ្លាតវៃ ក្រុមហ៊ុនមិត្តហ្វូននឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តដំណោះស្រាយបច្ចេកវិទ្យាក្នុងវិស័យអប់រំ។ ថ្លែងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ពីសារៈសំខាន់ជំនួយរបស់ក្រុមហ៊ុនមិត្តហ្វូន ក្នុងការគាំទ្រការងារបែបឌីជីថល រួមចំណែកក្នុងការកែលម្អគុណភាព និងការលើកកម្ពស់បច្ចេកវិទ្យា។ ក្រសួងអប់រំ យុវជន និងកីឡា បន្តសហការជាមួយក្រុមហ៊ុនមិត្តហ្វូន ជាដៃគូយុទ្ធសាស្រ្តរយៈពេលវែងក្នុងការលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា ទូរគមនាគមន៍និងព័ត៌មាន នៅក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀនទាំងអស់។
លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានសម្តែងនូវការកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនមិត្តហ្វូន ផ្ដល់ជំនួយ និងគាំទ្រ ដល់ការអនុវត្តគម្រោងជាច្រើននាពេលកន្លងមក។ ជាថ្មីម្តងទៀតក្រុមហ៊ុនមិត្តហ្វូនបញ្ជាក់ពីចក្ខុវិស័យដ៏មុតមាំរបស់ខ្លួនក្នុងការវិនិយោគលើការអប់រំនៅកម្ពុជាដែលជាការប្តេជ្ញាចិត្តដ៏សំខាន់ក្នុងការនាំយកនូវដំណោះស្រាយលំដាប់ពិភពលោកមកប្រទេសកម្ពុជាដែលត្រូវបានបញ្ជាក់ និងទទួលស្គាល់អស់រយៈពេលជាច្រើនឆ្នាំមកនេះ ។
សកម្មភាពរបស់ក្រុមហ៊ុនមិត្តហ្វូនត្រូវបានគេទទួលស្គាល់ថាអាចជួយឱ្យយុវជនជំនាន់ក្រោយនិងអនាគតអ្នកដឹកនាំកម្ពុជាអាចបំពេញនូវសក្តានុពលរបស់ខ្លួនបាន។ វាជាការចាប់ផ្តើមនៃការប្រើប្រាស់ចំណេះដឹង និងជំនាញព័ត៌មានវិទ្យាដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅអនាគតនៃប្រទេសកម្ពុជា។
ក្រៅពីបម្រើដល់អតិថិជនជិត ៩លាននាក់របស់ខ្លួន ក្រុមហ៊ុនមិត្តហ្វូនក៏បានអនុវត្តសកម្មភាពជួយដល់សង្គម (CSR) ជាច្រើនផងដែរ ។ ការងារ CSR មួយចំនួនដ៏លេចធ្លោរបស់ក្រុមហ៊ុន រួមមាន កម្មវិធី «នេះមិនមែនជាសុបិន»; «អ៊ីនធឺណិតសម្រាប់សាលារៀន»; កម្មវិធីគាំពារសុខភាពរបស់មិត្តហ្វូនសម្រាប់ប្រជាពលរដ្ឋក្រីក្រជាមួយក្រុមគ្រូពេទ្យ TYDA; ជំនួយមនុស្សធម៌ជួយសង្គ្រោះដោយសហការជាមួយកាកបាទក្រហមកម្ពុជា; មូលនិធិមិត្តហ្វូនរួមចំណែកដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩របស់រាជរដ្ឋាភិបាល និងការគាំទ្រដល់ការប្រកួតបាល់ទាត់ មិត្តហ្វូនខេមបូឌានលីគ ជាដើម ។
ចំនួនទឹកប្រាក់ដែលក្រុមហ៊ុនបានបរិច្ចាគទៅលើសកម្មភាពសង្គម គិតរហូតមកដល់ពេលនេះ គឺប្រមាណ ១០០លានដុល្លារអាមេរិករួចហើយ ហើយក្រុមហ៊ុននឹងបន្តគាំទ្រសកម្មភាពសង្គម មួយឆ្នាំៗ ពី ៨ ទៅ ១០លានដុល្លារជាបន្តទៀត ។ បោះជំហានទៅមុខទៀត គោលដៅបន្ទាប់របស់ មិត្តហ្វូន គឺបន្តពង្រឹងតំណែងរបស់ខ្លួនជាក្រុមហ៊ុនលេខ១ នៅក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាឌីជីថល នៅកម្ពុជា ជាមួយនឹងបេសកកម្មស្នូល «បង្កើតទំនាក់ទំនងសង្គមឌីជីថល» ។
ទន្ទឹមនឹងនេះដែរ មិត្តហ្វូន ប្ដេជ្ញាចិត្តវិនិយោគបន្ថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍កាន់តែរឹងមាំនិងទូលំទូលាយថែមទៀត ដោយប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបចុងក្រោយ ដូចជា 5G, Narrowband IoT, Big Data, AI ជាដើម ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា, ប្រជាពលរដ្ឋ និងសហគមន៍ធុរកិច្ច ដើម្បីពន្លឿនការធ្វើឌីជីថលូបនីយកម្ម និងធ្វើឱ្យកាន់តែវៃឆ្លាតនូវសកម្មភាពធុរកិច្ច ។
ជាចុងក្រោយ មិត្តហ្វូន ក៏នឹងប្ដេជ្ញាបន្តធ្វើជាក្រុមហ៊ុនឈានមុខគេនៅក្នុងការផ្ដល់សេវាទូរគមនាគមន៍ ដូចជា បណ្ដាញទូរសព្ទចល័ត, អ៊ីនធឺណិត broadband ការបញ្ជូនទិន្នន័យ, ទូរទស្សន៍ឌីជីថល និងមាតិកាផ្សព្វផ្សាយ ។ ក្រៅពីនេះ សេវាកម្មថ្មីៗជាច្រើនថែមទៀតក៏កំពុងត្រូវបានរៀបចំបង្កើតឡើងផងដែរ ដូចជា ការទូទាត់តាមឌីជីថល ធនាគារឌីជីថល ទីក្រុងឆ្លាតវៃ សេវាកម្មនៅលើ Cloud និងការផ្សាយពាណិជ្ជកម្មនៅលើអនឡាញ ជាដើម ។ ទាំងអស់នេះនឹងរួមចំណែកនាំមកនូវអនាគតនិងជីវភាពបែបឌីជីថលកាន់តែប្រសើរឡើងសម្រាប់ព្រះរាជាណាចក្រកម្ពុជា ៕