• 2022-09-23 04:06:43
  • ព័ត៌មាន

ទីបំផុត កម្ពុជា ផ្ដើម​មាន​រោងចក្រ​ថាម​ពលកម្ដៅ​ជីវម៉ាស​ធំទី​១ហើយ​

  • 2022-09-23 04:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​ផ្ដោត​លើ​ការ​អភិវឌ្ឍន៍​បៃតង កម្ពុជា​បាន​លើក​ទឹកចិត្តឲ្យ​មាន​ការ​វិនិយោគលើ​ថាមពលកកើត​ឡើងវិញ​ច្រើន ហើយខណៈ​​ពេល​នេះ គិត​ត្រឹមចុង​ឆ្នាំ ២០២២ កម្ពុជា​ទទួល​បាន​រោចក្រ​ប្រើ​ប្រាស់​ថាម​ពលកកើត​ឡើង​វិញ​ធំទី​១ហើយ ដែល​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។

រោងចក្រ​ថាមពលកំដៅ​ជីវម៉ាស​របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​ទីតាំង​នៅ​ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯក ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ រោងចក្រ​នេះ ត្រូវ​បាន​សាងសង់​តាំង​ពី​ចុង​ឆ្នាំ ២០២១ និង​ទើប​តែ​បើក​ដំណើរ​ការ​ផ្លូវ​ការ​នា​ពេល​នេះ។

រោងចក្រជីវម៉ាស​នេះ ត្រូវ​បានរំពឹង​ថា នឹង​ចូល​រួម​ចំណែក​ក្នុង​ការលើកកម្ពស់ ការប្រើប្រាស់ថាមពលកកើតឡើងវិញ ក៏ដូចជាកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់នៅ​កម្ពុជា និងចូលរួមចំណែកនៅក្នុងសកម្មភាពឆ្លើយតបទៅនឹងបញ្ហាប្រែប្រួលអាកាសធាតុ ដោយ​សារ​តែ​វា​មិន​ប្រើ​ប្រាស់​ការ​ដុត​ប្រេង​ឥន្ធនៈ​100%ដើម្បី​បង្កើត​ចំហេះ​​ផ្គត់ផ្គង់​សង្វាក់​ផលិតកម្ម​រោងចក្រ​នោះ​ឡើយ។

ផ្ទុយ​ទៅ​វិញ វា​នឹង​ត្រូវ​ប្រើ​ប្រាស់​ការ​ដុត​អង្កាម ដើម្បីង្កើតជាចំហាយទឹកសម្រាប់ផ្គត់ផ្គង់ថាមពលកម្ដៅសម្រាប់ប្រើប្រាស់ផ្ដាច់មុខ នៅរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា​តែ​ម្ដង ដែល​គេ​មើល​ឃើញ​នូវ​ប្រយោជន៍​២ ទី​១ រួម​ចំណែក​ការ​អភិវឌ្ឍន៍​ថាមពលបៃតង​នៅ​កម្ពុជា ទី​២ ប្រយោជន៍​សហគមន៍​ដែល​ជា​អ្នក​ផ្គត់ផ្គង់​អង្កាម​ទៅ​ឲ្យ​រោងចក្រ។

លោក Dolf van den Brink ប្រធាន​ក្រុមប្រឹក្សា​ប្រតិបត្តិ និង​ជាអគ្គនាយក​​ក្រុមហ៊ុន HEINEKEN Group មាន​ប្រសាសន៍ថា៖ «សម្រាប់​​រយៈ​​ពេល​ជាង ១៥៨​ឆ្នាំ​មកនេះ និរន្តរភាព​និងការ​ទទួល​ខុស​ត្រូវ​គឺ​ជា​ផ្នែក​មួយ​នៃ DNA របស់​ក្រុមហ៊ុន ហ៊ិននីគែន។ យើង​ជាអ្នក​ផលិត​ និងជាអ្នក​ធ្វើ ហើយ​យើង​ដឹង​ថា សកម្មភាព​របស់​យើង​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់ជាង​​ពាក្យសម្ដី។ ខ្ញុំមាន​មោទនភាព​ចំពោះ​ក្រុមការងារ​របស់​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សម្រាប់ប្រតិបត្តិការ​រោងចក្រថាមពលកម្តៅជីវម៉ាស​ទ្រង់ទ្រាយ​ធំនេះ ដើម្បី​កាត់​បន្ថយការ​បំភាយ​កាបូន​របស់​យើង និង​នាំ ​យើង​ឱ្យ​ដើរ​ឆ្ពោះ​ទៅមុខ​មួយ​ជំហានទៀត​លើ​​ដំណើរ​ផ្លូវ​​របស់​យើង​ឆ្ពោះ​ទៅ​រកការសម្រេចបាននូវការបំភាយកាបូនត្រឹមកម្រិតសូន្យ»។

ងាក​មក​លោក Samson Wong នាយក​គ្រប់គ្រង​ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានថ្លែង​ដែរ​ថា ២ទសវត្សរ៍​មក​នេះ ហ៊ិននីគែន បាន​ចាក់ឫសគល់​ដ៏រឹងមាំនៅ​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​ការ​បណ្តាក់ទុន​រាប់​រយ​លាន​ដុល្លារ​ និង​បានផ្តល់​ការងារ​ដល់​បុគ្គលិក​រាប់រយ​នាក់ និង​​ផ្តល់​ការងារ​ប្រយោល​នៅទូទាំង​​ខ្សែសង្វាក់​ផលិតកម្ម​រាប់ចាប់ពី​ការងារ​ផលិតវត្ថុធាតុដើមរហូត​ដល់ការងារ​នៅ​តាម​​​ហាង​ទំនិញ។

ជាមួយ​នឹងការ​ចាប់ផ្តើម​ដំណើរការ​រោងចក្រ​ថាមពលកម្តៅជីវម៉ាសនេះ សង្ឃឹម​ថា​នឹង​បង្កើត​ឱ្យមាន​ផលវិជ្ជមាន​​បន្ថែម​ទៀត នៅ​ក្នុង​សហគមន៍​។ លោក​គូសបញ្ជាក់​ា មហិច្ឆតារបស់ ហ៊ិននីគែន គឺ​ “ធ្វើឱ្យ​ប្រទេសកម្ពុជាកាន់តែប្រសើរ” ​បាន​បង្កប់​យ៉ាង​ជ្រៅ​នៅក្នុង​អាជីវកម្មរបស់​យើង​អស់រយៈ​ពេលជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​​​ការ​បើកដំណើរការ​រោងចក្រថាមពល​ថ្មីនេះ​​បង្ហាញឱ្យឃើញថា មហិច្ឆតានេះ​នឹង​ដឹកនាំ​យើង​ឱ្យ​ដើរ​ឆ្ពោះ​ទៅ​មុខសម្រាប់​មនុស្ស​​ជា​ច្រើន​ជំនាន់​​​ទៅមុខ​ទៀត»។

ថ្លែង​នៅ​ពិធី​បើក​សម្ពោធ រោងចក្រ​ថាមពលកំដៅ​ជីវម៉ាស​របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា​ព្រឹក​ថ្ងៃ​ម្សិលមិញ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​កោត​សរសើរ​ចំពោះ​ការ​ចូល​រួម​ក្រុមហ៊ុន​ស្រាបៀ​កម្រិត​ពិភព​លោក​មួយ​នេះ ដែល​បាន​បង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​នៅ​ក្នុង​ផែន​ការ​គម្រោង​អភិវឌ្ឍ​បៃតង។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ស្រាបៀ ហិននីគែន បាន​ចាប់​ផ្ដើម​វិនិយោគ​នៅ​កម្ពុជា ១៩៩២-៩៣ តាំង​ពី​កម្ពុជា ស្ទើរ​មិន​មាន​ហេដ្ឋរចនាសម្ព័ន្ធ​សម​ស្រប​នៅ​ឡើយ។ ប៉ុន្តែ​ក្រុមហ៊ុន​ជឿជាក់​ចំពោះ​កម្ពុជា ដោយ​ការ​ហក់​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ និង​បង្កើត​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ២ម៉ឺន​កន្លែង ព្រម​ទាំង​បាន​ផ្ដល់​ពួក​គេ​នៅ​កន្លែង​ស្នាក់​នៅ និង​ប្រាក់​ខែ​សមរម្យ​ផង។ នេះ ជា​ការ​រួម​ចំណែក​ក្នុង​ការរុញ​ពួក​គេ​បន្តិច​ម្ដង​ៗ​ពី​ភាព​ក្រី​ក្រ ស្រប​តាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល។

ពេល​នេះ​ទៀត​សោត ការ​បោះទុនវិនិយោគ​បង្កើត​រោងចក្រ​ជីវម៉ាស ក៏​ជា​ការ​ដើរ​ស្រប​គ្នា​នឹង​យុទ្ធសាស្ត្រ​របស់​កម្ពុជា ដែល​ជំរុញ​ការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ​ដែរ ដែល​ជា​ផ្នែក​មួយ​នៃផែនការ​យុទ្ធសាស្ត្រ​ថាម​ពល​របស់​កម្ពុជា​នា​ពេល​អនាគត។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា នៅ​កម្ពុជា​មាន​ផ្ទៃដី​សម្រាប់​ដាំ​ស្រូវ​ជាង ៤លាន​ហិកតា ដែល​អាច​បន្សល់​អង្កាម​ជា​ច្រើន។ ដូច្នេះ ការ​បង្កើត​ឲ្យមាន​រោងចក្រ​ជីវម៉ាស​របស់ ហ៊ិននីគែន មិន​ត្រឹម​តែ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ​នៅ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ក៏​បាន​ជួយ​មួយ​ផ្នែក​ទៀត​ដល់​ប្រជាពលរដ្ឋ​នៅ​ក្រៅ​រោងចក្រ ក៏​ដូច​ជា​តំបន់​ផ្សេង​ៗ ដែល​ជា​អ្នក​ផ្គត់ផ្គង់​អង្កាម​មក​រោងចក្រ​ថែម​ទៀត​ផង។

រោងចក្រ​ជីវម៉ាស គឺ​ជាផ្នែក​មួយ​នៃគំនិត​ផ្ដួចផ្ដើម​របស់​ក្រុម​ប្រទេស​លោក​ខាង​លិច ក្នុង​កិច្ច​ប្រឹង​ប្រែង​ទប់​ទល់​នឹង​បម្រែបម្រួល​អាកាសធាតុដោយ​សារ​បំភាយ​ថាម​ពលមិន​ល្អ និង​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​ក្នុង​ស្រទាប់​បរិយាកាស។ មាន​មូលដ្ឋាន​នៅ​កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មាន​ឆន្ទះ​ជួយ​កម្ពុជា​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ថាមពល​កកើត​ឡើង​វិញ​នៅ​ក្នុង​ស្រុក។

ដូច្នេះ​ក្រុមហ៊ុន បាន​សហការ​ជាមួយ​ក្រុមហ៊ុន BECIS​ ជា​ប្រតិបត្តិករ​ថាមពល​ដែលមាន​ការិយាល័យ​កណ្ដាល​នៅ​ប្រទេស​សិង្ហបុរី​ បង្កើត​រោងចក្រ​ជីវម៉ាស​ធំទី​១ ជាមួយ​ទុន​វិនិយោគ​ចំនួន ៥.៨លានដុល្លារ​អាមេរិក។ រោងចក្រ​នេះ បាន​ប្រើ​ប្រាស់​ការ​ដុត​អង្កាម​មាន​ប្រភព​ពី​ខេត្ត​ព្រៃវែង​បង្កើត​ជា​ចំហាយ​ទឹក ផ្ដល់​ថាម​ពល​ផ្គត់ផ្គង់​សង្វាក់​ផលិតកម្ម​របស់​ខ្លួន។

ក្រុម​ហ៊ុនស្រាបៀហូឡង់ដ៍​មួយ​នេះ ​ក៏មាន​​មហិច្ឆិតាសម្រេចអោយបានការបញ្ឈប់ការបំភាយឧស្ម័ន​កាបូនិចនៅក្នុងផលិតកម្មរបស់​ខ្លួន​នៅក្នុងឆ្នាំ២០៣០ និងទូទាំងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន​ទាំង​មូល​នៅក្នុងឆ្នាំ២០៤០ថែម​ទៀត៕

អត្ថបទ៖ ទារិកា

មតិយោបល់