• 2022-10-05 08:38:11
  • ព័ត៌មាន

កូន​សេដ្ឋី​ថៃ ម្ចាស់​សណ្ឋាគារ​ដ៏​ធំ​នៅ​កម្ពុជា លុះតាម​ដំបូន្មាន​ឪពុក ថា​ត្រូវ​តែ​រក​លុយ​ចាយ​ខ្លួន​ឯង

  • 2022-10-05 08:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​មាន​ភ័ព្វ​កើត​មក​ក្នុង​ត្រកូល​អភិជន ដែល​មាន​ឪពុក​គឺ​ជា​សេដ្ឋី និង​ជា​ម្ចាស់​សណ្ឋាគារ​លំដាប់​ផ្កាយ ៥នៅ កម្ពុជា ប៉ុន្តែ​នារី​ជនជាតិ​ថៃ​ដ៏​ស្រស់​ស្អាត​២នាក់ គឺ Aom និង Earn ជា​បង​ប្អូន​បង្កើត បច្ចុប្បន្ន គឺ​ត្រូវ​តែ​រក​លុយ​ដើម្បី​ចាយ​វាយ​ខ្លួន​ឯង ដែល​នោះ​ជា​ការ​ដាស់​តឿន​របស់​លោក​ឪពុក​ជា​រឿយៗ។

Aom មាន​ឈ្មោះ​ពិត​ថា PAPAPIN VERAPUCHONG មាន​វ័យ ២៩ឆ្នាំ ឯ Earn មាន​ឈ្មោះ​ពិត​ថា NNNAPORN VERAPUCHONG វ័យ ២៣​ឆ្នាំ។ ពួក​គេ​គឺ​ជា​កូនស្រី​ច្បង និង​ពៅ​គេ​ក្នុង​ចំណោម​បង​ប្អូន​៤នាក់(ស្រី​ទាំង​អស់) ដែល​បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​សុទ្ធ​តែ​មាន​ចំណូល​ដើម្បី​ទ្រទ្រង់​ខ្លួន​ឯង​យ៉ាង​ល្អ​ប្រសើរ។

ដោយ​ឡែក​ឪពុក​របស់​ពួក​គេ គឺ​លោក​បណ្ឌិត សុបភើឆៃ វិរៈភូជុគ្គ ជាម្ចាស់​សណ្ឋាគារ​លំដាប់​ផ្កាយ ៥នៅ​កម្ពុជា ដែល​គេ​ស្គាល់​ថា​ជា​សណ្ឋាគារ "សូហ្វីតែ ភូគីត្រា"។ ជាមួយ​គ្នា​លោក​បណ្ឌិត ក៏​ជា​អគ្គ នាយកគ្រប់គ្រង​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥របស់​កម្ពុជា​ថែម​ទៀត​ផង។ ត្បិត​យ៉ាង​នេះ នារី​ទាំង​ពីរ ថា​ឪពុក​របស់​នាង តែង​តែ​ដាស់​តឿន​ថា ត្រូវ​តែ​ចេះ​រស់​ដោយ​ខ្លួន​ឯង និង​ត្រូវ​ធ្វើ​អ្វី​មួយ​ឲ្យ​បាន​ជោគ ជ័យ។

ដោយ​សារ​តែ​បែប​នេះ បង​ប្អូន​ត្រកូល​អភិជន​ទាំង​ពីរ ម្នាក់​ៗ​សុទ្ធ​តែ​បាន​តាំង​ចិត្ត​រៀង​ខ្លួន ទោះ​ជា​ខ្លួន​មាន​ឪពុក​ម្ដាយ ជា​អ្នក​មាន​ទ្រព្យ​ហូរហៀ​យ៉ាងណា​ក៏​ដោយ គឺ​ត្រូវ​រៀន​ឲ្យ​ចប់ និង​មាន​ការងារ​ទ្រទ្រង់​ខ្លួន​ឯង​ឲ្យ​បាន។ បច្ចុប្បន្ន បាន​បញ្ចប់​មហាវិទ្យាល័យ និង​មាន​ការងារ​រក​ចំណូល​រៀង​ខ្លួន ក្នុង​នោះ Aom គឺ​ជា​អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន​ឱសថ​មួយ​របស់​ថៃ។

ដោយ​ឡែក Earn មាន​ការងារ​ធ្វើ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ចំនួន មួយ​ក្នុង​ចំណោម​នោះ គឺ​ជា​ប្រធាន​ផ្នែក​ទីផ្សារ​របស់​សណ្ឋាគារ​របស់​ឪពុក​នាង។ មិន​ត្រឹម​ប៉ុណ្ណឹង បច្ចុប្បន្ន Aom និង​ Earn គឺ​ជា Youtuber ល្បី​ឈ្មោះ​នៅ​ប្រទេស​ថៃ​ថែម​ទៀត។ Aom មាន​ឆាណែល​ឈ្មោះ​ថា "aom aom channel” និងឆាណែល​យូធូប​របស់ Earn គឺ "Earn Together” ដែល​ឆាណែល​ពួក​គេ​សុទ្ធ​តែ​ចំនួន Subscribe រាប់​ម៉ឺន​រៀង​ខ្លួន​ទៅ​ហើយ បើ​ទោះ​ទើប​តែ​បង្កើតបាន​តែ​ប្រមាណ ៤-៥ខែ​ក៏​ដោយ។

Aom កូន​ស្រី​

ពួក​គេ​ធ្វើមាតិកា ពីបែប​បទ​ជីវិត(Life Style) ការ​លើក​កម្ពស់​ជីវិត(Life Improvement)ទេសចរណ៍ ហើយ​ក្នុង​ចំណោម​នោះ ពួក​គេ​ក៏បាន​ធ្វើ​ពី​ប្រាសាទ​អង្គរ​វត្ត​របស់​កម្ពុជា​ផងដែរ។ នេះ​បើ​តាម​ពួក​គេ​បញ្ជាក់​ក្នុង​បទ​សម្ភាសន៍។

មិន​ត្រឹម​ជា​អ្នក​ធ្វើការងារ​ក្រុមហ៊ុន ជា Youtuber ប៉ុន្តែ Aom ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​មួយ​រូប​ដែរ ដោយ​នាង​ត្រៀម​នឹង​ចេញ​សៀវភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ថា "ថ្ងៃ​មួយ​យើង​នឹង​ធំធាត់" ដោយ​ដក​ស្រង់​ភាគ​ច្រើន​ពី​បទ​ពិសោធន៍​ជីវិត​ពិត​របស់​នាង។ បច្ចុប្បន្ន ប្អូន​ស្រី​ទាំង​ពីរ អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន​ពី​ការងារ​ជា Youtuber។

អ្វី​ដែល​ពួក​គេ​សម្រេច​បាន​ពីការងារ​ជា Youtuber គឺ​កើត​ចេញ​ពី​ការ​ស្រឡាញ់។ ដូច្នេះ​ហើយ ពួកគេ​មាន​សារ​លើក​ទឹក​ចិត្ត​ថា។ គ្រប់​គ្នា ជា​ដំបូង​ត្រូវ​ស្វែងរកគោលដៅ និង​ក្ដី​ស្រមៃ​ដែល​ខ្លួន​ឯង​ចង់​បាន...រួចហើយ​ប្រឹង​ធ្វើ​វា​រហូត​ដល់​គោលដៅ ទោះ​ដួល​ប៉ុន្មាន​ដង​ក៏​ដោយ។ Earn លើក​ឡើង​ថា "កុំអោយបោះបង់...ទោះរៀនចប់ ឬ​មិន​ចប់​ក៏​ដោយ...សំខាន់​យើង​មាន​ក្ដី​ស្រមៃ​ច្បាស់​លាស់ ហើយ​ប្រឹង​ធ្វើ​វា​ឲ្យ​អស់​ពីចិត្ត គ្រប់​គ្នា​អាច​មាន​ឱកាស​ជោគជ័យ"។

Earn កូន​ស្រី​ច្បង

មិន​ត្រឹម​តែ​មាន​ភ័ព្វ​បាន​កើត​ក្នុង​គ្រួសារ​ខ្ពង់​ខ្ពស់ បង​ប្អូន​ស្រី​ទាំង​ពីរ ត្រូវ​បាន​ឃើញ​ថា មាន​អំណោយ​ផល​ខាង​ផ្នែក​រូប​សម្ផស្ស ពោល​គឺ​សុទ្ធ​តែ​មាន​សម្រស់​ស្រស់​ស្អាត​គួរ​ជា​ទី​ទាក់​ទាញ​មិន​ចាញ់​តារា​ថែម​ទៀត។ ទោះ​យ៉ាង​នេះ​ក្ដី Aom និង Earn បញ្ជាក់​ថា ពួក​គេ​មិន​ចាប់​អារម្មណ៍​ធ្វើ​ជា​សិល្បការិនី​នោះ​ទេ ពោល​គឺ​ពួក​គេ​ចង់​តែ​ធ្វើ​កិច្ចការ​ពាក់​ព័ន្ធ​នឹង​ការ​រកស៊ី លើក​កម្ពស់​ជីវិត​តែ​ប៉ុណ្ណោះ៕

អត្ថបទ៖ ទារិកា

មតិយោបល់