- 2022-10-24 02:59:58
- ព័ត៌មាន
តាមសម្ដេចតេជោ ឆ្នាំនេះ កម្ពុជារងគ្រោះដោយទឹកជំនន់ខ្លាំងជាងឆ្នាំមុនទៅទៀត
- 2022-10-24 02:59:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តាមសម្ដេចតេជោ ឆ្នាំនេះ កម្ពុជារងគ្រោះដោយទឹកជំនន់ខ្លាំងជាងឆ្នាំមុនទៅទៀត
ចន្លោះមិនឃើញ
ចាប់តាំងពីមុន រហូតដល់ក្រោយបុណ្យភ្ជុំបិណ្ឌ កម្ពុជាបាន និងកំពុងវាយសង្គ្រប់ដោយវារីភ័យ(គ្រោះភ័យដោយសារទឹក) ក្នុងនោះបើតាមសម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា ឆ្នាំនេះ កម្ពុជាបានរងគ្រោះធ្ងន់ជាងឆ្នាំមុនទៅទៀត។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងកម្មវិធីសំណេះសំណាល និងចែកស្រូវពូជជូនដល់ប្រជាកសិករដែលរងគ្រោះដោយទឹកជំនន់ ចំនួន ១១.៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃចចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ នេះ។
តាមតួលេខគ្រោះទឹកជំនន់ឆ្នាំ ២០២២ នេះ កម្ពុជាបានជួបការលិចលង់នៅតាមបណ្ដាខេត្តចំនួន ២០ ក្នុងចំណោម ២៥ខេត្ត រាជធានី របស់កម្ពុជា ក្នុងនោះរងគ្រោះធ្ងន់ចំពោះបណ្ដាខេត្តជាប់ទន្លេសាប និងទន្លេមេគង្គ។ សម្ដេចថ្លែងថា ក្នុងពេលនេះ យើងទាំងអស់គ្នាបាន និងកំពុងតស៊ូក្នុងស្ថានភាពដ៏លំបាក ប៉ុន្តែសង្ឃឹមថា អ្វីនឹងប្រសើរជាមួយការរួមគ្នារបស់ភាគីដែលពាក់ព័ន្ធចុះជួយ និងដោះស្រាយចំពោះបញ្ហាដែលបាន និងកំពុងកើតមាន។
យ៉ាងណាក៏ដោយ ត្បិតថាឆ្នាំនេះ កម្ពុជារងគ្រោះធ្ងន់ជាងដោយសារទឹកជំនន់ធៀបនឹងឆ្នាំទៅ ប៉ុន្តែស្ថានភាពរបស់កម្ពុជា នៅល្អប្រសើរជាបណ្ដាប្រទេសដែលជាប់ភូមិផងរបងជាមួយគ្នាដូចជា ថៃ និងវៀតណាមជាដើម។ ដូច្នេះហើយ សម្ដេចលើកទឹកចិត្តបងប្អូនប្រជាកសិករ អត់ធ្មត់ នឹងប្រឹងជម្នះជាមួយនឹងរាជរដ្ឋាភិបាលលើគ្រោះទឹកជំនន់ដ៏អាក្រក់នេះ។
រាជរដ្ឋាភិបាល បានត្រៀមស្រូវពូជដើម្បីផ្ដល់ជូនដល់បងប្អូនប្រជាកសិករ ដើម្បីបង្កបង្កើនផលបន្ទាប់ពីជួបនឹងទឹកជំនន់។ តាមសម្ដេច គិតមកត្រឹមពេលនេះ សូ្រវពូជជាង ៧០០០តោន ត្រូវបានចែកជូនទៅប្រជាពលរដ្ឋជាង ១០០០០គ្រួសារ ដែលការផ្ដល់នេះ គឺផ្ដោតតែលើអ្នកដែលមានប្រភពទឹកអាចស្ដារការដាំដុះឡើងវិញប៉ុណ្ណោះ។
ប៉ុន្តែរាជរដ្ឋាភិបាល នឹងត្រៀមផ្ដល់ពូជដំណាំផ្សេងៗទៀត សម្រាប់ផ្ដល់ជូនទៅបងប្អូនប្រជាកសិករនៅតំបន់ណាដែលមិនអាចធ្វើស្រូវឡើងវិញបានផងដែរ។ ជាមួយគ្នា សម្ដេចនាយករដ្ឋមន្ត្រី សង្ឃឹមក្រសួងកសិកម្មដែលទើបមានរដ្ឋមន្ត្រីថ្មី នឹងសហការជាមួយអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធដទៃទៀត ដើម្បីដោះស្រាយ និងជួយប្រជាពលរដ្ឋបានទាន់ពេលវេលា៕