• 2022-11-02 05:30:00
  • ព័ត៌មាន

១ខែមុនការប្រលងបាក់ឌុប ត្រៀមខ្លួនបែបណា ទើបប្រលងបាននិទ្ទេសល្អ?

  • 2022-11-02 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះ Sabay សុំលើកយកបទពិសោធន៍និងគន្លឹះខ្លះៗក្នុងការត្រៀមខ្លួនប្រលងយកនិទ្ទេសល្អ តាមរយៈអតីតសិស្សនិទ្ទេស A ម្នាក់ឈ្មោះថា ម៉ី មុន្នីរតនៈ ថ្នាក់វិទ្យាសាស្ត្រ ក្នុងឆ្នាំសិក្សា២០២១ បានចែករំលែកសម្រាប់សិស្សត្រៀមការប្រឡងបាក់ឌុបនាពេលខាងមុខ។

ប្អូនប្រុសបានលើកឡើងថា កាលវិភាគ៖ វាជាបញ្ហាចោទនាំឲ្យយើងបាត់បង់ឱកាសទទួលបាននិទ្ទេសល្អដោយសារយើងចំណាយពេលមិនត្រឹមត្រូវក្នុងការត្រៀមរាល់មុខវិជ្ជាដែលត្រូវប្រលង។ ដូច្នេះយើងត្រូវបង្កើតកាលវិភាគផ្ទាល់ខ្លួនមួយដែលសរសេរហើយបែងចែករាល់សកម្មភាពសិក្សាក្នុងសាលារដ្ឋ និង គួរ ព្រមទាំងសកម្មភាពដែលយើងត្រូវរៀនធ្វើវិញ្ញាសាដោយខ្លួនឯងជាពិសេសគឺថ្ងៃចុងសប្ដាហ៍ស្វ័យសិក្សាឲ្យបានជាអតិបរមា។

ខាងក្រោមនេះជា គន្លឹះខ្លះៗ និងកាលវិភាគរាល់ថ្ងៃ ក្នុងការត្រៀមខ្លួនប្រលងយកនិទ្ទេសល្អ ១ខែមុនការប្រលងបាក់ឌុប៖

១. គណិតវិទ្យា៖

វាជាមុខវិជ្ជាដែលត្រូវផ្តោតខ្លាំងជាងគេ ដោយសារវាមានភាពពិបាកនិងពិន្ទុច្រើន ១២៥ពិន្ទុ ។ កំឡុងពេលនោះដែរដោយកូវីត១៩មានការបិទសាលា ដូច្នេះខ្ញុំបានដាក់កាលវិភាគរៀងរាល់ពេលព្រឹកខ្ញុំធ្វើតេស្តវិញ្ញសាគណិតដោយខ្លួនឯង អាច១រឺ២ថ្ងៃក្នុង១វិញ្ញាសាដែលផ្អែកលើកំរិតវិញ្ញសាផងដែរ ។ ហើយវិញ្ញាសាយើងអាចស្វែងរកតាម ហ្វេសប៊ុក និងអាចសុំពីមិត្តភក្តិដែលគាត់រៀនគួររឺរដ្ឋជាមួយគ្រូព្រមទាំងយកអត្រាកំណែ ដើម្បីយកមកធ្វើផ្ទៀងផ្ទាត់។ ចំពោះលំហាត់ពិបាកយើងព្យាយាមស្វែងយល់ដោយខ្លួនឯងរឺមើលកំណែឲ្យអស់ចិត្តសិន បើនៅមិនច្បាស់ចាំទៅសួរលោកគ្រូម៉ោងរដ្ឋរឺគួរ ។

ម្យ៉ាងវិញទៀតលើការរៀនគួរគណិតខ្ញុំតែ១គ្រូទេ តែបើយើងមិនទុកចិត្តខ្លួនឯងអាចគួរ២គ្រូបានហើយ បទពិសោធន៍កើតឡើងលើមិត្តខ្ញុំផ្ទាល់ដែលគាត់រៀនគួរគណិតដល់៣គ្រូធ្វើឲ្យគាត់មិនសូវមានពេលស្វ័យសិក្សា ញុំាងឲ្យនិទ្ទេសមិនបានល្អទេ។ បញ្ហា១ទៀតគឺលើមេរៀនណាដែលយើងមិនចេះច្បាស់យើងរៀនបន្ថែមកុំឲ្យភ្លាត់មេរៀនដែលត្រូប្រលងវចេញឲ្យសោះ ជាពិសេសគឺ ខ្ញុំលើកមេរៀនអនុគមន៍ខ្សែកោងដែលសិស្សភាគច្រើនពិបាក ដំណោះស្រាយយើងត្រូវដឹងគ្រិះមូលដ្ឋានវាសិនដូចជា ដែនកំណត់ អាស៊ីមតូត ទិសដៅអថេរ។ល។ បន្ទាប់ត្រូវធ្វើលំហាត់ខ្សែកោងមួយថ្ងៃ១រឺ២ លំហាត់ដោយពឹងអត្រាកំណែខ្លះៗរហូតដល់ថ្ងៃប្រឡងព្រោះខ្សែកោងទាមទារការអនុវត្តច្រើនហើយនិងធ្វើឲ្យច្បាស់ដោយមិនដឹងខ្លួន ចំពោះមេរៀនផ្សេងយើងក៏អាចអនុវត្តតាមរបៀបនេះផងដែរ។

២. គីមីវិទ្យា៖

បន្ទាប់ពីគណិតវិទ្យាខ្ញុំចាប់ផ្តើមធ្វើវិញ្ញាសាគីមី ភាគច្រើនខ្ញុំយកវិញ្ញាសាម៉ោងរៀនគួរមកធ្វើមុននិងសល់ពេលខ្ញុំយកសុំវិញ្ញាសាពីមិត្តភក្តិរៀមគ្រូផ្សេងមកធ្វើបន្ត។ មុខវិជ្ជានេះក៏មានសំនួរផងដែរយើងត្រូវតែមើលទន្ទេញមួយចំនួនជាពិសេសមេរៀនទី២ (កត្តាជះឥទិ្ធពលល្បឿនប្រតិកម្ម) ដែលមានសំនួរចេញច្រើនដែរ។ មួយវិញទៀត គីមីសរីរាង្គយើងត្រូវចាំរូបមន្តទូទៅ វិធីរករូបមន្តងាយនិងសរសេររូបមន្តស្ទើរលាតឲ្យច្បាស់ ជាពិសេស អេស្ទែ អាមីននិងអាមីត ។ល។ ចំណែកគីមីអសរីរាង្គក៏ដូចគ្នាអនុវត្តវិញ្ញសាឲ្យបានច្រើន។

៣. រូបវិទ្យា៖ មុខវិជ្ជានេះខ្ញុំអនុវត្តដូចគីមីដែរ ១ថ្ងៃ/១វិញ្ញសា បានពីការរៀនគួររឺសុំមិត្តភក្តិ។ ហើយខ្ញុំមិនសូវស្រាវជ្រាវលំហាត់ពិបាកទេដោយសារកំរិតលំហាត់ចេញរាល់ឆ្នាំមិនសូវពិបាកខ្លាំង ដូច្នេះអនុវត្តលំហាត់វិញ្ញាសាដែលរៀនគួររឺរដ្ឋឲ្យបានច្រើនទៅបានហើយ។ មួយវិញទៀតត្រូវចាំរូបមន្តនិងមើលសំនួរត្រៀមផងអាចសំនួរ១រឺ២រាល់ឆ្នាំ។

៤. ជីវវិទ្យា៖ ខ្ញុំបែងចែកជា២ផ្នែក។

ក. ផ្នែកលំហាត់ រាល់ឆ្នាំតែងតែចេញលំហាត់២ឬ៣គឺ ADN&ARN ដែលខ្ញុំតែងតែធ្វើលំហាត់ទាក់ទងមេរៀនខាងលើ២-៣រាល់ថ្ងៃរួមទាំងលំហាត់ក្នុងវិញ្ញសាផងដែរ។ យើងដឹងហើយថារូបមន្តជីវមុនសរសេរបាន លុះត្រាតែយើងវាចារជាអក្សរសិន ហេតុនេះហើយត្រូវឲ្យចាំរៀបវាចាររបស់រូបមន្តនីមួយៗ។

ខ. មេរៀន ជាបញ្ហាដែលសិស្សគ្រប់រូបពិបាកខ្លាំងត្រង់សំនួរ។ ប៉ុន្តែខ្ញុំមានគនឹ្លះមួយចំនួនចែករំលែក ដំបូងត្រូវជ្រើសរើសសៀវភៅសង្ខេបអាចជាសៀវភៅក្រសួងអានមេរៀនដែលទាក់ទងការប្រលង ២ទៅ៣ ចប់ឲ្យយល់ខ្លះសិន បន្ទប់មកត្រូវចាប់ផ្តើមទន្ទេញសំនួរ-ចម្លើយក្នុងវិញ្ញាសា។ បញ្ហាវិញ្ញសា ឬ សៀវភៅសំនួរ-ចម្លើយ ត្រូវច្បាស់ខ្លួនឯងថាជ្រើសមួយណាហើយត្រូវផ្តោតតែរបស់គ្រូមួយណាចាប់ឲ្យជាប់និងរហូតដល់ថ្ងៃប្រលង កុំដូររឺមើលច្រើនគ្រូបូកចូលគ្នាប្រយ័ត្នឆៅ ហើយកុំភ័យវិញ្ញាសាគ្រូនីមួយៗស្រដៀងគ្នាទេ។

៥. អង់គ្លេស៖

ខ្ញុំយកវិញ្ញាសាចាស់ៗតាំងពីបាក់ឌុប២០០៧មកធ្វើដដែលៗនិងមើលគំរូ វាក្យសព្ទ និង វេយ្យាករណ៍ ដែលចេញដែលគួររៀនបន្ថែម ដូចជា zero/first/second/third conditionals, past simple/continuous, passive voice និង present simple/continuous ។ល។ ហើយអានអត្ថបទសំណេរទាក់ទងការប្រលង។ ខ្ញុំឲ្យគន្លឹះមួយទៀតដែលខ្ញុំបានធ្វើគឺយកវិញ្ញាសាចាស់ៗមកធ្វើឲ្យបានច្រើនលើករហូតខ្ញុំចាំចម្លើយជាពិសេស វាក្យសព្ទ និង វេយ្យាករណ៍ ដោយសារខ្ញុំឃើញឆ្នាំខ្លះគឺគេយកមកចេញដដែលៗជាក់ស្តែងដូចកាលឆ្នាំខ្ញុំប្រលងក៏មានចេញដដែលដែរ។

៦. ប្រវត្តិវិទ្យា៖

មុន១ខែនេះខណះដែលធ្វើវិញ្ញាសាមុខវិជ្ជា ផ្សេងនិងពេលទំនេរគឺខ្ញុំចាក់វីឌីអូក្នុងyoutubeរបស់ក្រសួងស្តាប់ទៅមកទាល់តែច្បាស់ស្តាប់តែមេរៀន (អាណានិគមន៍បារាំង-ព្រះរាជាណាចក្រកម្ពុជាទី២) បានហើយ ខាងក្រោមជាលីងវីដេអូសូមរកមើលតែវីដេអូមេរៀនបង្ហាញខាងលើៈ https://www.youtube.com/playlist?list=PLDt349AvcEaIEOudY_W88eNoks6m5GApc

មួយវិញទៀតខ្ញុំជ្រើសរើសឯកសារ២ផ្នែកសំរាប់ត្រៀមគឺសៀវភៅមួយក្បាលដែលអាចរកទិញបានតាមបណ្ណាគារប្រាប់ថាសៀវភៅប្រវតិ្តត្រៀមបាក់ឌុបមានប្រាសាទសម្បូរព្រៃគុកនៅលើគម្របសៀវភៅ(ណែនាំគួរមាន)និងមួយផ្នែកទៀតគឺវិញ្ញាសាចាស់ៗតាំងពី២០១៤ដល់២០១៩។ សកម្មភាពលើមុខវិជ្ជានេះខ្ញុំផ្តោតលើការអានហើយយល់ច្រើន៨០%មិនទាមទារចម្លើយដូចទាំងស្រុងទេជាពិសេសក្នុងសៀវភៅខាងលើ ចំណែក២០%គឺខ្ញុំទន្ទេញដូចជា កាលបរិច្ឆេទ និង ឈ្មោះជាដើម។

៧. អក្សរសាស្ត្រខ្មែរ៖

ព្យាយាមរកសំណេរណាដែលល្អៗយកមកអានឱ្យច្រើន ជាពិសេសវិញ្ញាសាចាស់ៗ និង ព្យាយាមស្វែងយល់តាមយូធូបនិងរៀនគួរទាក់ទងការលើកយកសកម្មភាពតួអង្គអក្សរសិល្ប៍ទៅតាមសំណេរ អ្វីដែលមិនអាចអត់បានក្នុងសំណេរ សិស្សភាគច្រើនមិនបានដាក់ចូលធ្វើឲ្យបាត់ពិន្ទុនោះគឺ គំនិតសំខាន់់នៅក្នុងប្រធានសំណេរ ដែលយើងត្រូវបកស្រាយត្រង់តួសេចក្តី ។ ចំណុចខាងលើនេះ ខ្ញុំណែនាំឲ្យសិក្សាសិស្សគួរតែអនុវត្តតាម ហើយកំឡុងពេលប្រឡងព្យាយាមសរសេរបំបែកគំនិតតែ ធ្វើយ៉ាងណាកុំឲ្យបាត់បង់ចំណុចណាមួយរបស់គម្រោងតែងសេចក្តីជាពិសេសគឺត្រង់ចំណុចបញ្ចប់សេចក្តី ធ្វើយ៉ាងណាសល់ពេលដើម្បីបញ្ចប់សេចក្តី។

អ្វីដែលគួរជៀសវាងគឺកុំរង់ចាំពេលគៀកប្រលងបានរៀនសរសេរសំណេរ ហេតុនេះហើយកំឡុងពេលនេះគួរបែងចែកពេលសម្រាប់សរសេរសំណេរដោយដាក់ម៉ោងកំណត់ឲ្យថ្នឹកដៃ ដើម្បីតេស្តសមត្ថភាពហើយព្យាយាមសរសេរអក្សរឲ្យច្បាស់ៗបើស្អាតទៀតកាន់តែល្អ។ ខាងក្រោមជាលីងវីដេអូសូមរកមើលតែវីដេអូមេរៀនបង្ហាញខាងលើៈ https://www.youtube.com/playlist?list=PLDt349AvcEaLL5aVxkQUMAXSEjUNFLUZu

ចំណុចកង្វល់: ខ្ញុំសូមណែនាំឲ្យមានការដាក់ម៉ោងកាលវិភាគលើការស្វ័យសិក្សាឲ្យបានច្រើនជាពិសេសចុងសប្តាហ៍ និង អាចយកបទពិសោធន៍ពីសិស្សច្បងដទៃទៀត ហើយកាត់បន្ថយសកម្មភាពសប្បាយនានាដែលមិនសូវនាំយើងពង្រឹងសមត្ថភាពលើការប្រលង ព្រោះការប្រលងកាន់តែកៀកមែនទែនហើយ ដូច្នេះយើងត្រូវតែខំឲ្យអស់ពីសមត្ថភាពដើម្បីកុំឲ្យមានភាពស្តាយក្រោយ មួយវិញត្រូវស្រាវជ្រាវឲ្យបានច្រើន ទុកផ្លូវក្រោយ ៕

ប្រភព៖ ចំណេះដឹងទូទៅថ្មីៗ​

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទថ្មី