• 2022-11-10 08:43:41
  • ព័ត៌មាន

សម្ដេចតេជោ៖ មេដឹកនាំមីយ៉ាន់ម៉ា មិន​ត្រូវ​បាន​អញ្ជើញ​ឲ្យចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន

  • 2022-11-10 08:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា បាន និង​កំពុង​ដឹកនាំ​កិច្ចប្រជុំ​កំពូលអាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន ដែល​នៅ​ក្នុង​ព្រឹត្តិការណ៍​ ១០ឆ្នាំ​ម្ដង​សម្រាប់​កម្ពុជា​នេះ មាន​មេដឹកនាំ​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​តែ ៩ ប៉ុណ្ណោះ​បាន​ចូល​រួម។ នេះ​បើ​តាម​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។

សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ពី​ករណី​នេះ នៅ​អំឡុង​ពេល​សម្ដេច​ដែល​ជា​ប្រធាន​អាស៊ាន មេដឹកនាំ​បណ្ដា​ប្រទេស​ដទៃ​ទៀត​ជាសមាជិក​អាស៊ាន បាន​ចូល​គាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង មុន​ពេល​ការចាប់ផ្តើមនៃកិច្ចប្រជុំកំពូលអាស៊ាន។

ក្នុង​ឱកាស​នោះ តាម​សម្ដេច​បាន​ឲ្យដឹង​ថា មេដឹកនាំ​អាស៊ាន​ដែល​បាន​មក​ចូល​រួម​ប្រជុំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន និង​ជា​ម្ចាស់​ផ្ទះ​នេះ គឺ​មាន​ចំនួន ៩ប្រទេស។ មេដឹកនាំ ១ប្រទេស​តែ​១គត់ ដែល​អវត្តមាន​នោះ គឺ​ មីន អ៊ុងឡាំង មេដឹកនាំ​ប្រទេសមីយ៉ាន់ម៉ា។ សម្ដេច​បញ្ជាក់​ថា "មេដឹកនាំនយោបាយមីយ៉ាន់ម៉ា មិនត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំ ដោយសារតែការអនុវត្តមិនបានពេញលេញ នូវគោលការណ៍កុងសង់ស៊ីស៥ចំណុច។”

កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋ អាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់