• 2022-11-11 12:12:49
  • ព័ត៌មាន

ព្រះអង្គ​ម្ចាស់​សង្ហា​ព្រុយណេ​ធ្លាប់​ជា​កីឡាករ​ស៊ីហ្គេម និង​ជា​យោធា​ជើង​អាកាស

  • 2022-11-11 12:12:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះអង្គ​ម្ចាស់​ អាប់ឌុល ម៉ាទីន (Abdul Mateen) ត្រូវ​បាន​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ក្នុង​ចំណោម​បណ្ដាញសង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ពេល​ដែល​ព្រះអង្គ​អម​ដំណើរ​ជាមួយ​នឹង​ព្រះចៅ​ស៊ុលតង់ ហាសាណាល់ ប៊ុលកៀរ មក​ប្រជុំ​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ​នៅ​ក្នុង​សប្ដាហ៍​នេះ។

ប្រសូត​ក្នុង​ឆ្នាំ១៩៩១ ព្រះអង្គ​សង្ហារ​រូប​នេះ​ជា​បុត្រា​ទី៤ និង​បុត្រ​ទី១០ ក្នុង​ចំណោម​បុត្រ ១២អង្គ និង​បុត្រា ៥អង្គ​របស់​ស្ដេច​ព្រុយណេ។ តាម​ពិត​ទៅ​ព្រះអង្គ​មិនមែន​ជា​រជ្ជទាយាទ​ព្រុយណេ​ទេ ដោយ​រជ្ជទាយាទ​របស់​ស្ដេច​ស៊ុលតង់​គឺ​ កូន​ច្បង​ព្រះនាម Al-Muhtadee Billah។

ព្រះអង្គម្ចាស់​ម៉ាទីន​មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​ពី​សាលា​សិក្សា​អាស៊ី និង​អាហ្វ្រិក​ នៃ​សាកលវិទ្យាល័យ​រាជធានី​ឡុងដុង ជំនាញ​សិក្សា​អន្តរជាតិ​ និង​ការទូត​កាល​ពី​ឆ្នាំ២០១៦។ ព្រះអង្គ​ក៏​ធ្លាប់​ចូល​សាលា​ទាហាន​នៅ​ប្រទេស​អង់គ្លេស​ផង​ដែរ ហើយ​នៅ​ពេល​នេះ​ដែរ​ព្រះអង្គ​មាន​សក្ដិ​ជា​វរសេនីយ៍​ត្រី (ប្រហាក់ប្រហែល​នឹង​សក្ដិ​ ៤)។

ដោយសារ​តែ​ធ្លាប់​រៀន​ផ្នែក​ការទូត​នេះ​ហើយ ទើប​ប្រហែល​ជា​ស្ដេច​ព្រុយណេ​យក​ព្រះអង្គ​ម្ចាស់​រូប​នេះ​ទៅ​តាម​ខ្លួន​ជា​ប្រចាំ អំឡុង​ពេល​កិច្ចប្រជុំ​ និង​កម្មវិធី​រាជកិច្ច​ការបរទេស​នានា។ ជាក់ស្ដែង​ ស្ដេចព្រុយណេ បាន​នាំ​ព្រះអង្គម្ចាស់​ម៉ាទីន​ទៅ​បុណ្យ​សព​ព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែត​ទី២ កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ។

ព្រះអង្គម្ចាស់​វ័យ​ ៣០ឆ្នាំ​រូប​នេះ​ក៏​មាន​ចំណូល​ចិត្ត​ខាង​កីឡា​ជិះសេះ​វាយ​កូន​បាល់ ឬ កីឡា​ប៉ូឡូ។ ព្រះអង្គ​ធ្លាប់​លេង​តំណាង​ព្រុយណេ​ក្នុង​ប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ឆ្នាំ២០១៧ និង​ថៃ​កាល​ពី​ឆ្នាំ២០១៩។ រាជវង្ស​ព្រុយណេ​រូប​នេះ​ធ្លាប់​ទទួល​បាន​មេដាយ​សំរឹទ្ធ​កាល​ពី​ឆ្នាំ២០១៧៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់