• 2022-11-15 11:45:00
  • ព័ត៌មាន

សិស្សទី១២ បើអត់ទាន់ត្រៀមគួរចាប់ផ្ដើមធ្វើ ៤ ចំណុចនេះភ្លាម

  • 2022-11-15 11:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងរយៈពេលនេះ សិស្សានុសិស្សថ្នាក់ទី១២ ភាគច្រើនបាននឹងកំពុងសម្រុកខិតខំប្រឹងប្រែងរៀនយ៉ាងខ្លាំងទៅតាមវិធីសាស្ត្ររៀងខ្លួនៗ ដើម្បីត្រៀមការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ។ ខណៈនៅសល់ប្រហែល ១ខែទៀតប៉ុណ្ណោះ ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នឹងចាប់ផ្ដើម ដូច្នេះ Sabay សូមរំលឹកសិស្សថ្នាក់ទី ១២ បួនចំណុចនេះ។

ទី១ ការរៀបកាលវិភាគរៀននៅផ្ទះ គួរតែរៀបតាមស្ដង់ដារវិញ្ញាសារប្រឡង។ ឧទាហរណ៍ មុខវិជ្ជាគណិតវិទ្យារយៈពេល ២ ម៉ោងកន្លះ ដោយដាក់ម៉ោងរោទិ៍ និងយកគំរូវិញ្ញាសារចាស់ៗមកធ្វើសាកល្បង ដើម្បីឱ្យស៊ាំ និងចេះបែងចែកពេលវេលា។

ទី២ មើលលើប្រភេទវិញ្ញាសារដែលចេញញឹកញាប់ គឺតម្រូវឱ្យសិស្សានុសិស្សស្រាវជ្រាវរកគំរូវិញ្ញាសារ ដែលចេញរួចកាលពីឆ្នាំមុនៗ និងធ្វើការប្រៀបធៀបគ្នា រកចំណុចរួម ឬស្រដៀងគ្នា ដែលឧស្សាហ៍ចេញក្នុងពេលប្រឡង។

ទី៣ រៀនឱ្យបានជាប់ជាប្រចាំទាំងម៉ោងរដ្ឋ និងម៉ោងគួបន្ថែម ពីព្រោះចាប់ពីពេលនេះទៅ លោកគ្រូអ្នកគ្រូគ្រប់មុខវិជ្ ជាចាប់ផ្ដើមប្រាប់ពីគន្លឹះសំខាន់ៗក្នុងពេលប្រឡង ដូច្នេះប្រសិនបើអវត្តមានច្រើននោះ នឹងមិនបានស្វែងយល់ពីគន្លឹះសំខាន់ៗទាំងនោះទេ។

ទី៤ បន្ថែមម៉ោងរៀនលើមុខវិជ្ជាដែលខ្សោយ ដោយក្នុងមួយយប់គួរទុកត្រឹម ៥ ទៅ ៦ម៉ោង ដើម្បីសម្រាក។ ក្រៅពីនោះចែកម៉ោងរៀនទាំងអស់ ជាពិសេសមុខវិជ្ជាដែលបានពិន្ទុខ្ពស់ ហើយមិនទាន់ច្បាស់ ត្រូវសួរគ្រូ សួរមិត្តភក្តិ និងស្វែងយល់បន្ថែមឱ្យកាន់តែយល់ច្បាស់ ។

ទន្ទឹមនេះដែរ សិស្សបាក់ឌុបដែលមិនទាន់ត្រៀមខ្លួនបានរួចរាល់នៅឡើយ ក៏ត្រូវស្វាស់ស្វែងរកវិធីសាស្ត្រ ឬយុទ្ធសាស្ត្របន្ថែមដើម្បីធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព និងលទ្ធភាពរបស់ខ្លួនដើម្បីអាចប្រឡងជាប់ផងដែរ ហើយនេះជាវិធីសាស្ត្រមួយចំនួន ជាជំនួយក្នុងការអានប្រធានលំហាត់បានយ៉ាងឆាប់រហ័ស និងងាយយល់ ។

ដូចដែលយើងដឹងហើយថា ការអានសៀវភៅ មុនពេលប្រឡង ជាការបណ្តុះការអានសំណួរ ក៏ដូចជាប្រធានបទបានលឿន និងចាប់បានចំណុចសំខាន់ៗ បានលឿន ព្រោះរាល់ពេលអានម្តងៗ ធ្វើអោយយើងទទួលបានចំណេះដឹងបន្ថែម កាន់តែច្រើន មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលប្រឡង វាពិតជាបានជួយច្រើនមែនទែន គឺយើងអាចអានប្រធានលំហាត់ បានយ៉ាងរហ័ស និងឆាប់ចាប់បាននូវចំនុចដែលគេចង់សួរ បានយ៉ាងល្អផងដែរ។

ការអានសំនួរ ឬ ប្រធានលំហាត់បានយ៉ាងឆាប់រហ័សនេះ យើងត្រូវអានជាប្រចាំ អានសៀវភៅច្រើនក្បាល និងអានជារៀងរាល់ថ្ងៃ (១ថ្ងៃ ២ទៅ៣ម៉ោង) ហើយស្វែងរកក្រដាសវិញ្ញាសារ ដែលធ្លាប់ប្រឡងឆ្នាំមុនៗ ដើម្បីយកមកអនុវត្ត ។ យ៉ាងណាមិញ សិស្សានុសិស្សមានការអនុវត្តមុនពេលប្រឡងផ្សេងៗពីគ្នា ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត ប៉ុន្តែបើអាចអានសៀវភៅអោយបានច្រើនវាពិតជារឿងដែលល្អសម្រាប់បច្ចុប្បន្នក៏ដូចជាអានាគតរបស់ប្អូនផងដែរ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទថ្មី