- 2023-01-09 03:35:35
- ព័ត៌មាន
អបអរសាទរ ក្នុងឆ្នាំ ២០២២ គ្រឹះស្ថានអង្គរ រកចំណូលបានកើនឡើងជា ២០០០ភាគរយ
- 2023-01-09 03:35:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ ក្នុងឆ្នាំ ២០២២ គ្រឹះស្ថានអង្គរ រកចំណូលបានកើនឡើងជា ២០០០ភាគរយ
ចន្លោះមិនឃើញ
រយៈពេល១២ខែ ឆ្នាំ២០២២ គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១១លានដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ បើតាមគ្រឹះស្ថានអង្គរ ចំណូលក្នុងឆ្នាំ២០២២ កើនឡើង២០៨២,៨៦ភាគរយ ធៀបនឹងឆ្នាំ២០២១។
ស្របពេលវិបត្តិកូវីដ-១៩នៅកម្ពុជាបានធូរស្បើយនោះ ដំណើរកម្សាន្តភ្ញៀវទេសចរក៏មានការកើនឡើងវិញ។ ពេញមួយឆ្នាំមកនេះ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២៨៧ ៤៥៤នាក់ កើនឡើង ២១៣៣ភាគរយ បើធៀបនឹងឆ្នាំ២០២១។ កំណើនទេសចរនេះ បានផ្ដល់ចំណូលចំនួន ១១ ៥២៨ ១៥៨ដុល្លារ កើនឡើង ២០៨២,៨៦ភាគរយ ធៀបនឹងឆ្នាំ២០២១។ តាមរយៈចំណូលខាងលើ គ្រឹះស្ថានអង្គរ បានបរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផា សរុបចំនួន ៥៧៤ ៩០៨ដុល្លារផងដែរ។
ក្រៅពីចំណូលនៅរមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរ ក៏ទទួលបានចំណូលពីការលក់បណ្ណចូលទស្សនាប្រាសាទកោះកែរ ចំនួន ៩០៤៥០ដុល្លារផងដែរ។ ដោយឡែក ចំណូលពីការលក់សំបុត្រទូកនៅកំពង់ផែចុងឃ្នៀស ក្នុងឆ្នាំ២០២២វិញ មានចំនួន ១៦៥ ៣០៨ដុល្លារ។
សូមបញ្ជាក់ថា ដើម្បីជំរុញការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍ រដ្ឋាភិបាលកម្ពុជា បានអនុម័តដាក់ឱ្យប្រើប្រាស់នូវផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិកូវីដ-១៩។ ក្នុងពិធីបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នាខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ធ្នូនេះ សម្ដេច ហ៊ុន សែន រំពឹងថាកម្ពុជាអាចទទួលបានទេសចរផ្ទៃក្នុងប្រមាណ ១១លាននាក់ នៅឆ្នាំ២០២៣៕
អត្ថបទ៖ សសយក វិស័យទេសចរណ៍