• 2023-01-16 00:00:00
  • ព័ត៌មាន

សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនអ៊ីហ្ស៊ីខម (Ezecom) ចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការឌីជីថល

  • 2023-01-16 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងក្រុមហ៊ុនអ៊ីហ្ស៊ីខម (Ezecom) បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់ មួយដើម្បីប្តេជ្ញាសហការគ្នាបណ្តុះសមត្ថភាព ផ្នែកឌីជីថលក្នុងចំណោម យុវជនសំដៅជំរុញវឌ្ឍនភាពសេដ្ឋកិច្ចឌីជីល​ប្រកបដោយនិរន្តរភាព។

អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ មានវត្តមានដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធាន និង​អគ្គនាយក​ប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។​ ជាមួយនឹងការអញ្ជើញចូលរួមជាកិត្តិយសពី លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាសមាជិកា គណៈអចិន្រ្តៃយ៍ ស.ស.យ.ក និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ៊ីហ្សីខម និងតែលកូថេក។

ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនខ្មែរដែលបានត្រួសត្រាយវិថីសេដ្ឋកិច្ចកម្ពុជាមុន​គេ​មួយ គឺបានចាប់ផ្តើមវិនិយោគអាជីវកម្មតាំងពីសម័យមិនទាន់មានសន្តិភាពពេញលេញ សរុបមានរយៈពេល ២៧ ឆ្នាំមកហើយ។ កាលនោះឱកាសវិនិយោគមិនមានច្រើនទេ ប៉ុន្តែក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប មានការប្តេជ្ញាចិត្តមោះមុតក្នុងការអភិវឌ្ឍ និងកសាងឡើងវិញនូវខឿនសេដ្ឋកិច្ចរបស់កម្ពុជា មិនងាករេឡើយ។

នៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ ដែលមានឥទ្ធិពល និងធុរកិច្ចចម្រុះច្រើនជាងគេបំផុត ធ្វើប្រតិបត្តិការនៅក្នុងវិស័យជាច្រើន រួមមានវិស័យទូរគមនាគមន៍ ធនាគារនិងហិរញ្ញវត្ថុ ធានារ៉ាប់រង ថាមពល ប្រព័ន្ធផ្សព្វផ្សាយ ការកម្សាន្ត ការដឹកជញ្ជូន សណ្ឋាគារនិងរមណីយដ្ឋាន អប់រំ ការអភិវឌ្ឍន៍អចលនទ្រព្យ ពាណិជ្ជកម្ម និងកសិកម្ម ជាដើម។

សំដៅកសាងសមត្ថភាពឌីជីថលប្រកបដោយនិរន្តរភាព ក្រុមហ៊ុនអ៊ីហ្ស៊ីខម នឹងចូលរួមចំណែកក្នុងកិច្ចការកសាងសមត្ថភាពផ្នែកឌីជីថល តាមរយៈការសហការជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ របស់ ស.ស.យ.ក និងធ្វើការជាមួយសមាជិក ស.ស.យ.ក នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ នៅក្នុងដំណាក់កាលដំបូងនេះ។

ប្រធានបទពាក់ព័ន្ធនៅក្នុងកិច្ចការកសាងសមត្ថភាពនេះ រួមមាន សន្តិសុខឌីជីថល (cybersecurity) ប្រព័ន្ធក្លោដ (cloud) និងបច្ចេកវិទ្យាមជ្ឈមណ្ឌលទិន្នន័យ។ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់បរិយាបន្ននៅកម្ពុជា កម្មវិធីអក្ខរកម្មឌីជីថលនេះក៏ផ្តោតទៅលើក្រុមជនមានពីការភាពជាពិសេសផងដែរ។

ជនពិការភាពមានចំនួនស្មើនឹងប្រមាណ ១,៤% នៃប្រជាជនសរុបនិងជាក្រុមដែលមានសក្តានុពលច្រើនក្នុងការរួមចំណែក ជាវិជ្ជមានដល់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា នៅពេលពួកគាត់ទទួលបានការកសាងសមត្ថភាព និងឱកាសគ្រប់គ្រាន់។

ក្រៅ​ពី​ហេតុផល​​សេដ្ឋកិច្ច ការ​អភិវឌ្ឍ​សមត្ថភាពសម្រាប់​ជនពិការ ក៏នឹង​ជួយលើក​កម្ពស់​សេចក្តី​ថ្លៃថ្នូរ និង​ជីវភាពប្រសើរជូនដល់​​ពួកគាត់ដែលជាការរួមចំណែកដោះស្រាយ និង​លើក​កម្ពស់​វិស័យសេដ្ឋកិច្ច​សង្គមរបស់ព្រះរាជាណាចក្រ​កម្ពុជាផងដែរ។

គោលដៅធំបំផុតនៃកម្មវិធីនេះ គឺការជំរុញសកម្មភាពពាក់ព័ន្ធនឹងឌីជីថលនៅកម្រិតមូលដ្ឋាន តាមរយៈការផ្តល់ឱកាសឱ្យមនុស្សជាច្រើនចូលរួមកាន់តែស៊ីជម្រៅក្នុងវិស័យបច្ចេកវិទ្យា​ព័ត៌មាននិង​សារគម​នា​គមន៍ (ICT) ផ្តោតសំខាន់លើទេសចរណ៍ឌីជីថល។

ក្រៅ​ពី​កិច្ចការទាំងឡាយខាង​លើ ​នៅ​ក្នុងដំណាក់​កាល​ដំបូងនេះ ក្រុមហ៊ុនអ៊ីហ្ស៊ីខម ក៏​មានការទទួល​ខុស​ត្រូវ​ក្នុង​ការផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ដល់​បណ្ណាល័យ កីឡាដ្ឋាន និងទី​កន្លែង​សាធារណៈមួយចំនួន​ផង​ដែរ។

ក្នុងនាមជាអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់ ក្រុមហ៊ុនអ៊ីហ្ស៊ីខម ក៏រីករាយក្នុងការឧបត្ថម្ភសេវាអ៊ីនធឺណិតល្បឿនលឿនជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់រយៈពេល ៣ ឆ្នាំផងដែរ។

តាមរយៈការឧបត្ថម្ភនេះ មន្រ្តី ស.ស.យ.ក ដែលបំពេញការងារនៅក្នុងលេខាធិការដ្ឋានថ្មី ស្ថិតក្នុងអាគារ Kampus នឹងទទួលបានបទពិសោធន៍អ៊ីនធឺណិតល្បឿនលឿន និងគួរទុកចិត្ត នៅក្នុងដំណើរកសាងសមត្ថភាព​ឌីជីថលរបស់ពួកគេ។ កិច្ចសហការឌីជីថលទាំងអស់នេះ មានតម្លៃពាណិជ្ជកម្មសរុបស្មើនឹងចំនួនទឹកប្រាក់ ១៦ ម៉ឺនដុល្លារ សម្រាប់រយៈពេល ៣ ឆ្នាំ ដែលជាដំណាក់កាលដំបូង។

ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនអ៊ីហ្ស៊ីខម និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលតែងបានផ្តល់ការគាំទ្រជាបន្តបន្ទាប់ចំពោះក្រុមយុវជន និងសហគមន៍នានានៅកម្ពុជា។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍យ៉ាងនេះថា៖ «ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាង​ជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ក្រុមហ៊ុនអ៊ីហ្ស៊ីខម និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលបានចូលរួមចំណែកអភិវឌ្ឍសង្គម​កម្ពុជា​​​តាមរយៈគម្រោងនេះ ក៏ដូចជាគម្រោង​ជាច្រើនដ៏ទៃទៀត»។

គោលបំណង និងគោលដៅរបស់ ស.ស.យ.ក គឺជំរុញយុវជនកម្ពុជាឱ្យក្លាយជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ និងចូលរួមចំណែកថែរក្សាសមិទ្ធផល និងបន្តអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនាពេលអនាគត។

ការងារស្ម័គ្រចិត្តដែលយុវជនបានចូលរួមជាមួយ ស.ស.យ.ក នឹងជួយពង្រឹងសមត្ថភាពយុវជន និងផ្តល់ឱកាស​​ឱ្យយុវជនបានសិក្សាស្វែងយល់ រីកលូតលាស់ និងក្លាយជាសសរទ្រូងដ៏រឹងមាំនៃប្រទេសជាតិ និងក្លាយ​ជាអ្នកដឹកនាំដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ និងសង្គមនាពេលអនាគត។

បេសកកម្មរបស់យើងគឺជាស្ពាន និងជាវេទិកាដល់យុវជនជំនាន់ក្រោយដែលចង់តបស្នងដល់សង្គម តាមរយៈការចូលរួមក្នុងសកម្មភាព​ណា​មួយដែលមានប្រយោជន៍ និងបម្រើប្រយោជន៍ដល់កម្ពុជា។ ​

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍បន្ថែមទៀតថា៖ «ការឧបត្ថម្ភ និងចូលរួមចំណែកនេះ នឹងក្លាយ​ជាជំហានដ៏សំខាន់​មួយក្នុង​បេសកកម្មរបស់យើងក្នុងការអប់រំ និងបណ្តុះបណ្តាលយុវជន ជាពិសេស​ក្រុមជនមានពិការភាព និងអ្នកបំរើការក្នុងវិស័យ​ទេសចរណ៍ ដែលមានចំណេះដឹងផ្នែកឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅមានកំរិត។ ពួកគាត់អាចប្រើជំនាញថ្មីៗទាំងនេះ ដើម្បីផ្សព្វផ្សាយ​​អំពី​ទីកន្លែងទេស​ចរណ៍នានាក្នុងប្រទេសរបស់យើង ក៏ដូចជាបង្កើតការងារ និងបង្កើនប្រាក់ចំណូលបន្ថែម​ដល់​ប្រជាជន​ក្នុងមូលដ្ឋាន»។

ឯកឧត្តមបាន​បន្ត​ទៀត​ថា៖ «ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការបង្កើតបរិយាកាសដែលមានភាពអំណោយផលខ្ពស់ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម​ឌីជីថល កិច្ចសហប្រតិបត្តិការនេះនឹងរួមចំណែកគាំទ្រដល់ការអនុវត្តគោល​នយោបាយ​​សេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ​២០២២ ដល់ ២០៣៥ ដោយមានចក្ខុវិស័យប្រែក្លាយកម្ពុជាជាសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក»។

អ្នកឧកញ៉ា គិត ម៉េង ក៏បានបង្ហាញនូវអារម្មណ៍ដូចគ្នាចំពោះចំណុចទាំងនេះ និងបានមានប្រសាសន៍ បន្ថែមទៀតអំពីសារៈ​សំខាន់នៃ​ការចុះអនុស្សរណៈនៃការយោគយល់នេះ។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានឆន្ទៈខ្ពស់ក្នុងការរួមចំណែក​លើកកម្ពស់សេដ្ឋកិច្ចសង្គម​ជារួមនៅកម្ពុជា។ ខ្ញុំមានការបេ្តជ្ញាខ្ពស់ក្នុងការជួយអភិវឌ្ឍន៍នូវគ្រប់ផ្នែក ទាំងអស់ជាមួយ​នឹងអាជីវកម្មដែលយើងកំពុងធ្វើ។ ដូច្នេះ នេះគឺជាកិច្ចសហប្រតិបត្តិការដ៏វិជ្ជមានមួយសម្រាប់ការលើកកម្ពស់អក្ខរកម្មឌីជីថល និងកសាងសមត្ថភាពឌីជីថល ក្រោមការសហការជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០ របស់ ស.ស.យ.ក»។

អ្នកឧកញ៉ាបានមានប្រសាសន៍បន្ថែមទៀតថា៖ «ក្រុមហ៊ុនអ៊ីហ្សីខម ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានដំណើរការអស់រយៈពេល១៥ឆ្នាំមកហើយ។ រួមគ្នាជាមួយក្រុមហ៊ុនតែលកូថេក ដែលជាម្ចាស់ភាគហ៊ុនខ្មែររបស់បណ្តាញខ្សែកាបក្រោមបាតសមុទ្រដំបូងគេរបស់កម្ពុជា ហៅថាបណ្តាញខ្សែកាប AAG និងជាម្ចាស់​ភាគហ៊ុនខ្មែរក្នុងបណ្តាញខ្សែកាបក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) យើងបានបណ្តាក់ទុនសរុបជាង ១០០ លានដុល្លារក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជា។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានទិញយកក្រុមហ៊ុនតែលកូថេក និងបានអភិវឌ្ឍក្រុមហ៊ុននេះយ៉ាងជោគជ័យតាមរយៈគម្រោងបណ្តាញខ្សែកាបក្រោមបាត សមុទ្រ MC»T ។

អ្នកឧកញ៉ា​បាន​បន្ត​ថា៖ «រីឯក្រុមហ៊ុនអ៊ីហ្សីខម ក៏ទើបនឹងបានអភិវឌ្ឍទីផ្សារផ្គត់ផ្គង់សេវាកម្មអ៊ីនធឺណិតនៅកម្ពុជា តាមរយៈការទិញយកក្រុមហ៊ុន អ៊ិនធឺណិតខ្នាតធំ ដែលបានក្ស័យធនកាលពីឆ្នាំកន្លងទៅ។ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប យល់ដឹងយ៉ាងច្បាស់ពីទស្សនវិស័យសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល និងតែងបានគាំទ្ររាជរដ្ឋាភិបាល​យ៉ាងជិតស្និទ្ធផងដែរ។ យើងយល់ច្បាស់ពីសារៈសំខាន់នៃការ​ផ្តល់អំណាច​ដល់យុវជន និងលើកទឹកចិត្តឱ្យពួកគាត់​ឱ្យចូលរួមក្នុងការបង្កើតសេដ្ឋកិច្ច និងសង្គមឌីជីថលដែលរីកចម្រើនមួយ។ ខ្ញុំមានទំនុកចិត្តថាតាមរយៈ​កិច្ច​សហ​​ប្រតិបត្តិការ​ឌីជីថលនេះ សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនអ៊ីហ្ស៊ីខមក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀតនឹងរួមគ្នាសម្រេចបាននូវលទ្ធផលល្អៗគួរជាទីមោទនៈជាក់ជាមិនខាន»។

គោលដៅនៃកិច្ចសហប្រតិបត្តិការឌីជីថលនេះ មានទិសដៅស្របតាម​សេដ្ឋកិច្ចឌីជីថល​របស់រាជរដ្ឋាភិ​បាល ហើយ​នឹងផ្តោតលើសសរស្តម្ភសំខាន់ៗចំនួនបួនគឺ​ ការតភ្ជាប់អ៊ីនធឺណិត ការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធ​អ៊ីនធឺណិត ការបណ្តុះបណ្តាល​អក្ខរកម្មឌីជីថលសម្រាប់យុវជនពិការ និងអ្នកបំរើការក្នុងវិស័យទេសចរណ៍ ការបណ្តុះ​បណ្តាលអក្ខរកម្មឌីជីថល​អំពី​ការគណនាលើប្រព័ន្ធក្លោដ (cloud computing) និងការអប់រំទូទៅតាមវគ្គបណ្តុះបណ្តាល និងសិក្ខា​សាលាសាធារណៈ ដោយសហការជាមួយមជ្ឈមណ្ឌលកម្ពុជា ៤.០។​

អំពីក្រុមហ៊ុនអ៊ីហ្ស៊ីខម

ក្រុមហ៊ុនអ៊ីហ្ស៊ីខមអបអរខួប ១៥ ឆ្នាំ នៃការជំរុញនវានុវត្តន៍ក្នុងវិស័យបច្ចេកវិទ្យា​ព័ត៌មាននិង​សារគម​នា​គមន៍ (ICT) និងសេវាកម្មល្អផ្តាច់គេនៅកម្ពុជា។ ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានចាប់ផ្តើមពីការផ្តល់សេវា VoIP និងបានផ្លាស់ប្តូរខ្លួន​យ៉ាងឆាប់រហ័សទៅជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតលំដាប់ខ្ពស់។ ហើយឥឡូវនេះក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់វេទិកាឌីជីថលឈាន​មុខគេ និងដើរតួនាទីយ៉ាងសំខាន់ជាកាតាលីករក្នុង​ការជំរុញ​សេដ្ឋកិច្ច ឌីជីថលនៅកម្ពុជា។

ជាផ្នែកមួយនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនអ៊ីហ្ស៊ីខមត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយរហូត​មក​ទល់សព្វថ្ងៃនេះ ក្រុមហ៊ុនបានវិនិយោគទុនសរុបជាង ១០០ លានដុល្លារ ក្នុងផ្នែកពាក់ព័ន្ធជាច្រើន។ ការវិនិយោគទាំងនេះរួមមានដូចជា បណ្តាញខ្សែកាបអុបទិកសរុបប្រមាណ ៣ម៉ឺនគីឡូម៉ែត្រ ដែលជា​ឆ្អឹងខ្នង​នៃការតភ្ជាប់អ៊ីនធឺណិតនៅគ្រប់ដំណាក់កាល។ ក្រុមហ៊ុនអ៊ីហ្ស៊ីខម នៅតែរក្សាកំណត់ត្រា​ជាម្ចាស់ភា​គហ៊ុនខ្មែរសុទ្ធសាធ ១០០% ក្នុងបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ ម៉ាឡេស៊ី-កម្ពុជា-ថៃ និងជាក្រុមហ៊ុនដែលបានធ្វើការវិនិយោគរយៈពេលវែងលើបណ្តាញខ្សែកាបអុបទិកក្រោមបាតសមុទ្រ Asian American Gateway ដែលតភ្ជាប់ស្ថានីយ៍ចុះចតខ្សែកាបចំនួន ១៣ នៅជាង ១០ ប្រទេសផ្សេងគ្នា។

តាមរយៈភាពជាដៃគូជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិល្បីៗ ដូចជា ក្រុមហ៊ុន Microsoft, សេវាកម្ម Amazon Web Services, សេវាកម្ម Oracle Cloud, សេវាកម្ម VeloCloud, សេវាកម្ម LogRhythm, ក្រុមហ៊ុន Huawei, សេវាកម្ម Ameyo, សេវាកម្ម MiHCM ជាដើម ក្រុមហ៊ុនអ៊ីហ្ស៊ីខម បានបន្តនាំយក​បច្ចេកវិទ្យា​និងដំណោះ​ស្រាយថ្មីៗមកផ្គត់ផ្គង់ជូនអតិថិជននៅកម្ពុជា ស្របតាមតម្រូវការ​អាជីវកម្ម​របស់ពួកគាត់។

តាមរយៈនវានុវឌ្ឍន៍ទាំងអស់នេះយើងបានជួយលើកស្ទួយមុខមាត់ប្រទេសកម្ពុជាថាជាប្រទេសដែលមានភាពរីក​​​ចម្រើនមួយ ដែលជា​ការ​​ទាក់ទាញឱ្យមានការវិនិយោគធុរកិច្ចពីវិនិយោគិនក្នុងតំបន់និងជុំវិញ​ពិភពលោក។

អាស័យដ្ឋានៈ ផ្ទះលេខ៣១ មហាវិថីព្រះសីហនុ (ផ្លូវ 274) រាជធានីភ្នំពេញ លេខទំនាក់ទំនងៈ(+855) 023 23 81 81 វែបសាយៈ www.ezecom.com.kh

មតិយោបល់